អតីត​អភិបាលក្រុង​ញូវយ៉ក​និយាយថា ត្រាំ​បាន​សងលុយ ១៣ ម៉ឺន​ដុល្លារ​ទៅ​មេធាវី ដែល​ចេញ​លុយហោប៉ៅ​ខ្លួន​ដើម្បី​បំបិទមាត់​តារា​សិច​

1138
ចែករម្លែក

​អតីត​ចៅហ្វាយក្រុង​ញូវយ៉ក​លោក រូ​ឌី ហ្គី​វ​ឡា​នី ដែល​បាន​ចូលរួម​ក្នុង​ក្រុម​ច្បាប់​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រា កាលពី​ខែ​មុន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២​ឧសភា​ថា លោក​ត្រាំ​បាន​សង​ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​អាមេរិក​ឱ្យទៅ​មេធាវី​របស់គាត់ ដែល​ផ្តល់ឱ្យ​តារា​សិច​ម្នាក់​ដើម្បី​បំបិទមាត់​នាង​អំពី​រឿង​លើ​គ្រែ​របស់​នាង​ជាមួយ​លោក​ត្រាំ​។

​លោក​ត្រាំ​បាន​និយាយថា​លោក​មិន​បានដឹង​អំពី​ការបង់ប្រាក់​ឱ្យទៅ​នាង​ស្ត​មមី ដា​នី​ញែ​ល ដែល​និយាយថា​បាន​ដេក​មួយ​រាត្រី​ជាមួយ​ត្រាំ ក្នុង​ឆ្នាំ ២០០៦ ស្អី​នោះទេ​។ មេធាវី​របស់លោក​ត្រាំ គឺ លោក ម៉ៃ​ឃើ​ល ខូ​ហិន បាន​បង់ប្រាក់ ១៣ ម៉ឺន​ដុល្លារ​ឱ្យទៅ​នាង​ដា​នី​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត ក្នុង​ឆ្នាំ ២០១៦ ដើម្បីឱ្យ​នាង​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ការ​រួមភេទ នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ Fox News លោក ហ្គី​វ​ឡា​នី អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​និង​ជា​មិត្តភក្តិ​យូរអង្វែង​របស់លោក​ត្រាំ​បាន​និយាយថា លោក​ប្រធានាធិបតី​បានដឹង​ពី​ការបង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​អាមេរិក​និង​បាន​សងលុយ​នោះ​ទៅ​លោក​ខូ​ហិន​វិញ​ហើយ​។​

​លោក ហ្គី​វ​ឡា​នី បាន​បន្តថា “​ពួកគេ​ផ្ទេរ​លុយ​នោះ​ឱ្យ​នាង​តាមរយៈ​ក្រុមហ៊ុន​ច្បាប់ ហើយ​លោក​ប្រធានាធិបតី​បាន​សងលុយ​នោះ​វិញ​ហើយ​”​។​

​លោក ហ្គី​វ​ឡា​នី និយាយថា “​គាត់​មិន​បានដឹង​ជាក់លាក់​អំពី​ការផ្ទេរ​លុយ​នោះទេ​តាម​ដែល​ខ្ញុំ​ដឹង ប៉ុន្តែ​គាត់​ដឹង​អំពី​ការរៀបចំ​ទូទៅ​ដែល​លោក​ម៉ៃ​ឃើ​ល​បាន​ចាត់ចែង​ចំពោះ​រឿង​បែប​នោះ​”​។​

​លោក​និយាយថា​ការបង់ប្រាក់​នោះ​គឺ​មិនបាន​រំលោភច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទេ ព្រោះ​វា​មិនត្រូវ​បាន​ដក​ចេញពី​មូលនិធិ​យុទ្ធនាការ​ត្រាំ​។​

​សេត​វិមាន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ទេ​។​

​នៅពេល​សួរ​ដោយ​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី​៥ មេសា​ថា​តើ​គាត់​បានដឹង​អំពី​ការទូទាត់​លុយ​ឱ្យទៅ​នាង​ដា​នី​ញែ​ល​ទេ ត្រាំ​ឆ្លើយថា “​អត់​ដឹង​ទេ​”​។ នៅពេល​សួរថា​តើ​ហេតុអ្វី​បានជា​លោក​ខូ​ហិន​ទូទាត់​លុយ​នោះ លោក​ត្រាំ​និយាយថា “​អ្នកឯង​ត្រូវ​ទៅ​សួរ ម៉ៃ​ឃើ​ល ខូ​ហិន​។ ម៉ៃ​ឃើ​ល​ជា​មេធាវី​របស់ខ្ញុំ​។ អ្នកឯង​ត្រូវ​ទៅ​សួរ​ម៉ៃ​ឃើ​ល​ទៅ​”៕ ដោយ៖ កញ្ញាដាលីស

ស្ត​មមី ដា​នី​ញែ​ល និង លោក​ត្រាំ
​អតីត​ចៅហ្វាយក្រុង​ញូវយ៉ក​លោក រូ​ឌី ហ្គី​វ​ឡា​នី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ