ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មនុស្ស​ជាង ៤០០​នាក់​បាន​ស្លាប់ និង​ជាង មួយ​ពាន់​នាក់​បាន​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ និង​យានយន្ត​ជាង​ប្រាំមួយ​ម៉ឺន​គ្រឿង​ត្រូវបាន​ផាកពិន័យ នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៨៨​ថ្ងៃ​។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ(រូបឯកសារ)

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា នេះ​ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៨៨​ថ្ងៃ បាន​កើតឡើង​ចំនួន ៧៥០​លើក គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ មាន​មនុស្ស​ចំនួន ៤១៨​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ១១០៦​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៦៥៣​នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ​វិញ​បាន​កើតឡើង​ចំនួន​បួន​លើក​បណ្តាល ស្លាប់​បួន​នាក់ និង​របួស​ប្រាំ​នាក់​(​របួសធ្ងន់ ៣​នាក់ និង​ស្រាល ២​នាក់​)​។

​អ្នកនាំពាក្យ​ដដែល​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៨៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៩ ខែមីនា យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៦៧.៩០៨​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៤៩.៧៦២​គ្រឿង និង​រថយន្ត​ចំនួន ១៨.១៤៦​គ្រឿង ក្នុងនោះ​រថយន្ត​តូច ១៤.៤០១​គ្រឿង និង​ធំ ៣.៧៤៥​គ្រឿង​៕​សរន​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ(រូបឯកសារ) ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ(រូបឯកសារ)