ដោយ៖តារារិទ្ធ/ភ្នំពេញ៖វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាអាវក្រោះដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ នៅក្នុងកាលៈទេសៈដែលការរាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់ធូរស្រាលនោឡើយតាមរយៈព្រឹត្តិការណ៍សហ គមន៍២០កុម្ភៈ ។ ក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់បែបនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី២៩ខែមីនានេះបានបញ្ជាឲ្យបើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបាន ១ លានដូសក្នុង មួយខែ ។
ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាដែលបានចាប់ផ្ដើមនៅថ្ងៃទី១០ខែកុម្ភៈ មានពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ហើយដែលបានទទួលវ៉ាក់សាំងនេះ ។ ទន្ទឹមនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានបន្តស្វះស្វែងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសនានាដើម្បីផ្គត់ផ្គង់តម្រូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនឲ្យបានចំនួនយ៉ាងហោចណាស់ពី១០លាន ទៅ១៣លាននាក់ ។ កំពុងបន្តជាប់ជាប្រចាំខណៈពេលដែលវ៉ាក់សាំងត្រូវបានបញ្ជូនពីក្រៅប្រទេសមកជាបន្តបន្ទាប់។
សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់កាលពីខែកុម្ភៈឆ្នាំ២០២១ថា៖«យើងមានការយល់ដឹងយ៉ាងច្បាស់ថាវ៉ាក់សាំងគឺជាតម្រូវការជាយុទ្ធសាស្រ្តដ៏សំខាន់ មួយរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនិងការឈានទៅយកឈ្នះលើជំងឺកូវីដ-១៩ ។ ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយគត់សម្រាប់យកឈ្នះលើ ជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយនឹងវិធានការបង្ការនិងការពារដទៃទៀតក្តី ប៉ុន្តែវ៉ាក់សាំងគឺជាដំណោះស្រាយគន្លឹះជាយុទ្ធសាស្រ្តមួយសម្រាប់ធានាការពារ អាយុជីវិតប្រជាជននៅក្នុងពេលចំពោះមុខនិងសម្រាប់លើកកម្ពស់សុខភាពសាធារណៈក្នុងរយៈពេលវែងទៅមុខ ពិសេសសម្រាប់ការធានាឲ្យសកម្មភាពសង្គម-សេដ្ឋកិច្ច អាចដំណើរការពេញលេញឡើងវិញដែលនឹងជំរុញលើកស្ទួយនូវការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច និង ការកែ លម្អជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស»។
បន្ទាប់ពីមានករណីឆ្លងថ្មីជាបន្តបន្ទាប់នៅក្នុងសហគមន៍និងតាមរយៈអ្នកធ្វើដំណើរមកពីក្រៅព្រទេសចូលក្នុងប្រទេសរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលយកជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ពីប្រទេសចិនចំនួន១ លានដូសនិងបានមកដល់កម្ពុជា ៦០ ម៉ឺនដូសកាលពីថ្ងៃទី៧ ខែកុម្ភៈ ២០២១ ភ្លាមៗនោះ រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដំបូងនៅថ្ងៃទី១០ខែកុម្ភៈ។ក្រោយមកតាមរយៈយន្តការកូវ៉ាក់(Covax) របស់អង្គការសុខភាពពិភពលោក (WHO) កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ កូវីស្យែល (Covishield) របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) និងសាកលវិទ្យាល័យ Oxford ដែលផលិតនៅប្រទេសឥណ្ឌាចំនួន ៣២.៤០០០ ដូសកាលពីថ្ងៃទី ២ ខែមីនា ហើយកាលពីថ្ងៃទី២៦ខែមីនា រាជរដ្ឋាភិបាលបានទទួលវ៉ាក់សាំង(Sinovac ) ដែលបានទិញពីក្រុមហ៊ុនចិនចំនួន ១,៥ លានដូស ហើយសង្ឃឹមថានឹងទទួលបានវ៉ាក់សាំង(Sinopharm) ចំនួន ៧០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិននឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនា ។ បើតាមមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ៤ លានដូសបន្ថែមទៀត ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសថារាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាពី ១០ លាន ទៅ ១៣ លាននាក់ ។ សម្តេចបញ្ជាក់ថាកម្ពុជា ក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកផងដែរ។
ក្រោយពីទទួលបានវ៉ាក់សាំងទាំងនេះគេសង្កេតឃើញក្រសួងសុខាភិបាលនិងក្រសួងពាក់ព័ន្ធនានាបានប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងក្រុមគោលដៅអាទិភាព ដោយរាជរដ្ឋាភិបាលបានកំណត់ផែនការចាក់វ៉ាក់សាំងឲ្យបានលឿនដោយបានបង្កើតគណៈកម្មការចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំង ធ្វើយ៉ាងណាពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានរហ័សនិងមានប្រសិទ្ធភាព។
រាជរដ្ឋាបាលបានរៀបចំនូវផែនការមេសម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមប្រភេទក្នុងការ ទទួលបានការចាក់វ៉ាក់សាំង ថាតើក្រុមពលរដ្ឋប្រភេទណាគួរទទួលបានវ៉ាក់សាំងស៊ីណូហ្វាម និង វ៉ាក់សាំងកូវីស្យែល ។ ក្នុងនោះវ៉ាក់សាំងកូវីស្យែលត្រូវផ្តល់ឲ្យក្រុមអាទិភាពជាប្រជាពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងអ្នកការទូតបរទេ ស មន្ត្រីអង្គការសហប្រជាជាតិ និងបុគ្គលិកនៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនិងអង្គការអន្តរជាតិនានាដែល កំពុងបំពេញបេសកកម្មនៅកម្ពុជា ។ ចំណែកវ៉ាក់សាំងស៊ីណូហ្វាម ត្រូវផ្តល់ឲ្យក្រុមអាទិភាពដែលមានអាយុពី ១៨ ឆ្នាំដល់ ៥៩ ឆ្នាំក្នុងនោះរួមមានកងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល អ្នកសារព័ត៌ មានមន្រ្តីរាជការស៊ីវិលជួរមុខ មន្រ្តីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អាជ្ញា ធរមូលដ្ឋាន កម្មករកម្មការិនី បុគ្គលិកប្រមូលសំរាម សិស្សនិស្សិតទៅរៀននៅបរទេស ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ដ្រីកីឡាពាក់ព័ន្ធ សមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គរក្ស អ្នកធ្វើការពាក់ព័ន្ធនឹងផ្នែកអាកាសចរស៊ីវិល មន្រ្តីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអគ្គនាយកដ្ឋានពន្ធដារ បុគ្គលិករដ្ឋជួរមុខផ្សេងៗជាដើម។
ថ្មីៗនេះដោយសារមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យមានយុទ្ធនាការចាក់វ៉ាកសាំងកូវីស្យែល ដល់ប្រជាពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញឲ្យបានចំនួន៥៥,៧០០ នាក់ក្នុងរយៈពេល១៥ ថ្ងៃ ។ បន្ថែមលើនេះវ៉ាក់សាំងកូវីស្យែលនេះក៏ត្រូវបានអនុញ្ញាតឲ្យចាក់ដល់ក្រុមពលរដ្ឋអាទិ ភាពនៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តកណ្តាល ខេត្តព្រះសីហនុ កោះកុង និងខេត្តព្រៃវែង។ខណៈខេត្តទាំងបួននេះកំពុងរងការឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ជាបន្តបន្ទាប់ ។
នៅថ្ងៃនេះផងដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំង កូវីដ ១៩ ឱ្យបានប្រមាណ១លានដូសក្នុងរយៈពេលមួយខែ។ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមសារសំឡេងមួយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ។ សម្តេចតេជោបាន បញ្ជាក់ថា«យើងត្រូវខិតខំចាក់ក្នុងកម្រិត១លានដូសក្នុងមួយខែ ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះយើងអាចចាក់លើសពីនេះ» ។ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផងចុះជួយអន្តរាគមន៍និងជួយការចាក់នៅតាមបណ្តាខេត្ត។
សម្តេចតេជោក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ដើម្បី ជួយការងារចាក់វ៉ាក់សាំងនេះ។ សម្តេចតេជោក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យដោយស្វែងរកកិច្ចសហការជាមួយម្ចាស់សណ្ឋា គារនិងផ្ទះសំណាក់ជាដើម ។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទទួលបន្ទុកចំណាយលើការធ្វើដំណើរនិងហូបចុក។
បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានរាតត្បាតកម្ពុជាអាជ្ញាធរមានសមត្ថកិច្ចបានសម្រេចផ្អាកដំណើរការសាលារៀន រោងភាពយន្ត រោងសម្ដែងសិល្បៈ និងសារ មន្ទីរនៅទូទាំងប្រទេស ការជួបជុំ ការរៀបអាពាហ៍ពិពា ហ៍ ។ ក្រៅពីនេះតំបន់មួយចំនួនត្រូវបានបិទខ្ទប់ខណៈមនុស្សរាប់ពាន់នាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅតាមមណ្ឌលធ្វើចត្តាឡីស័កនៅទូទាំងប្រទេស ។ គិតមកទល់ពេលនេះករណីកូវីដ១៩ ដែលរកឃើញនៅកម្ពុជាកើនឡើងរហូតដល់ជាង២ពាន់ករណីក្នុងនោះមានអ្នកជំងឺជាង១ពាន់នាក់កំពុងទទួលបានការព្យាបាលខណៈចំនួនអ្នកស្លាប់ចាប់មានកំណើនជាបន្តបន្ទាប់ប្រមានជាង ១០ នាក់រួចមកហើយ។
យ៉ាងណាមិញបើទោះបីជាវ៉ាក់សាំងទាំងនេះត្រូវផ្តល់ឲ្យក្រុមអាទិភាពដែលបានលើកឡើងខាងលើប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចចាក់បាននោះទេ ។ មុននឹងទទួលបានការចាក់វ៉ាក់សាំងទាំងពីរគឺស៊ីណូហ្វាមនិងកូវីស្យែល អ្នកចាក់ត្រូវឆ្លងកាត់ការប្រឹក្សានិងពិនិត្យពីគ្រូពេទ្យជាមុន ។លក្ខខណ្ឌនៃការចាក់វ៉ាក់សាំងស៊ីណូហ្វាមនិងកូវីស្យែ ល មានជាច្រើនចំណុចដែលមិនអាចឲ្យក្រុមពលរដ្ឋខ្លះទទួលបានការចាក់វ៉ាក់សាំងទាំងពីរនេះ ។ លក្ខខណ្ឌទាំងនោះរួមមានអ្នកមានអាការៈក្ដៅខ្លួន អ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ អ្នកមានប្រវត្តិកើតជំងឺកូវីដ១៩ អ្នកប្រតិកម្មនឹងវ៉ាក់សាំងផ្សេងៗ ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលកំពុងបំបៅដោះកូន និង ស្ត្រីដែលកំពុងមានផែនការយកកូនក្នុងពេឆាប់ ៗជាដើម។ អ្នកដែលមានបញ្ហាសុខភាពក៏មិនអាចចាក់វ៉ាក់សាំងទាំងពីរនេះបានដែរ ។ បញ្ហាសុខភាពទាំងនោះរួមមានដូចជាអ្នកមានជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ជំងឺរ៉ាំរ៉ៃឧស្សាហ៍ធ្វើទុក ជំងឺអាឡែកស៊ី ជំងឺកន្ទាលត្រអាក ជំងឺថ្លើម ជំងឺតម្រងនោមធ្ងន់ធ្ងរ ជំងឺលើសឈាម ជំងឺប្រកាច់ស្កន់ ឬឆ្កួតជ្រូក សរសៃប្រសាទ រលាកស្រោមខួរ ជំងឺខ្វះភាពផ្សាំពីកំណើត អ្នកមានជំងឺ អេដស៍ (HIV) អ្នកមានជំងឺមហារីកកូនកណ្ដុរ ជំងឺឈាម ស ឬ អ្នកមានជំងឺភាពស៊ាំ អ្នកប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងជំងឺមហារីកដុំសាច់។ ទាំងវ៉ាក់សាំងស៊ីណូហ្វាមនិងវ៉ាក់សាំងកូវីស្យែលតម្រូវឲ្យមានការចាក់ចំនួនពីរដូស។គម្លាតនៃការចាក់ដូសទី ១និងដូសទី ២សម្រាប់ស៊ីណូហ្វាមមានរយៈពេល ២សប្តាហ៍ ។ ចំណែកវ៉ាក់សាំងកូវីស្យែលមានរយៈពេលពី ៤ ទៅ ១២សប្តាហ៍ ។ បន្ទាប់ពីចាក់វ៉ាក់សាំងរួចជាទូទៅអ្នកដែលបានចាក់វ៉ាក់សាំងអាចមានអាការៈក្តៅខ្លួន រមាស់ ឬឈឺចុកចាប់ក្នុងរាងកាយ ឬក្រហមកន្លែងចាក់ក្នុងរយៈពេលមួយថ្ងៃទៅពីរថ្ងៃយ៉ាងយូរ។
ជាមួយនេះវាក៏នៅមានកត្តារំខានដែលបង្កឲ្យមានការរាំងស្ទះដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជារដ្ឋាភិបាលផងដែរនោះគឺជនអគតិមួយចំនួនបានលាបពណ៌និងបំភ្លៃការពិតដោយទាញភ្ជាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅនឹងយុទ្ធសាស្ត្រនយោបាយក្នុងគោលបំណងកេងចំណេញនយោបាយ ហើយញុះញង់ពលរដ្ឋមិនឲ្យចាក់វ៉ាក់សាំង ដែលជាការរាំងស្ទះចំពោះយុទ្ធនាការចាក់វ៉ាក់សាំងឲ្យបាន ១លានដូសក្នុង ១ខែរបស់រាជរដ្ឋាភិបាល ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca)ជូនជនស៊ីវិលទូទាំងប្រទេសបានសរុបទាំងអស់ទូទាំងប្រទេសចំនួន២៥២,៥០៧នាក់។ចំណែកក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៨ខែមីនា ២០២១ នេះបានឲ្យដឹងថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១៣០,៩៥៥នាក់ខណៈចាក់លើកទី២បានចំនួន ១០៧,២៨៩ នាក់ ។ ដូចនេះសរុបទាំងស៊ីវិល និង កងកម្លាំងប្រដាប់អាវុធមកដល់ពេលនេះមានរយៈពេលប្រមាណជាង ១ ខែកន្លះមកនេះយើងទើបតែចាក់បាន ៣៨៣ ៤៦២ នាក់ ។
តើដំណើរការចាក់វ៉ាក់សាំងក្នុង១ខែឲ្យបាន១លានដូសអាចនឹងសម្រេចបានឬយ៉ាងណា ? គឺវាអាស្រ័យទៅលើការរៀបចំផែនការមួយច្បាស់លាស់ដែលជាយុទ្ធសាស្ត្រលម្អិតនិងស៊ីជម្រៅមួយដែលងាយឲ្យប្រជាពលរដ្ឋទទួលបានព័ត៌ មានលម្អិតនិងជាដំណាក់ការៗស្តីអំពីផែនការចាក់វ៉ាក់សាំង ដូចជាទីតាំងនៃការចាក់វ៉ាក់សាំង ប្រភេទក្រុមពល រដ្ឋអាទិភាពទទួលចាក់វ៉ាក់សាំង ទៅតាមប្រភេទ រយៈពេលនៃការចាក់វ៉ាក់សាំង និងលក្ខខណ្ឌសុខភាពដើម្បីទទួលការចាក់វ៉ាក់សាំងជាដើម ។ នៅពេលប្រជាពលរដ្ឋយល់ដឹងច្បាស់បញ្ហានេះប្រជាពលរដ្ឋនិងចូលរួមដោយស្ម័គ្រចិត្ត ។ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនមែនជាការងារផ្ដាច់មុខរបស់នរណាម្នាក់ទេប៉ុន្តែវាជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ។ជាមួយការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ និងការពារកុំឲ្យខ្លួនឯងក្លាយជាភ្នាក់ងារចម្លង ជំងឺនេះទៅកាន់អ្នកដទៃ។នេះគឺជាការងារចាំបាច់ដែលពលរដ្ឋគ្រប់គ្នាត្រូវចូលរួមប្រតិបត្តិដើម្បីឈានទៅបិទបញ្ច ប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕