ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​សកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង ពាក់ព័ន្ធ​រឿង​ជម្លោះ​ប្រុស​ប្រកែក ស្រី​ប្រកាន់ រវាង​ស្ត្រី​ជា​បេឡា​ក្នុង​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ជាមួយ​បុរស​ម្នា​កនៅ​ខាងក្រៅ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង ៤​រសៀល ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​។

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល កម្លាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខណ្ឌដូនពេញ បាន​ចុះ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ចំណែក​បុរស​ដែលមាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ជា​បេឡា​ក្នុង​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

​បើតាម​លោក​ហោ ប៉េង សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា “​គ្រាន់​តែមាន​ករណី​បន្តិច វា​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយចំនួន យើង​គ្រាន់តែ​រាយការណ៍​ជូនទៅ​អាជ្ញាធរ​ឲ្យ​គាត់​ចាត់វិធានការ​តែ​ប៉ុណ្ណឹង​ទេ ឲ្យ​អាជ្ញាធរ​យកទៅ​ហើយ​។ អត់​ពាក់ព័ន្ធ​រឿង​កូ​វីដ​ទេ ពាក់ព័ន្ធ​អ្នក​មកពី​ក្រៅ ហើយ​និង​ខាងក្នុង ហើយ​រឿង​នឹង​យើង​បញ្ជូនទៅ​អាជ្ញាធរ​ឲ្យ​គេ​ធ្វើការ​តាមច្បាប់​ហើយ​”៕​