Home ព័ត៌មានជាតិ នយោបាយ ​ខ្ញុំ​រង់ចាំ...

​ខ្ញុំ​រង់ចាំ​ពុក​ដល់​ថ្ងៃ​លិច​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​

ដោយ​៖ ភា រស្មី បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង​/ភ្នំពេញៈ
ស្ថិត​ក្នុង​​​ឯកសណ្ឋាន​គ្រូបង្រៀន អ្នកគ្រូ ប៉ែន សុ​គុណ បានទទួល​ស្វាគមន៍​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅផ្ទះ​របស់គាត់​ក្នុងភូមិ​មហា​សួន ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ សព្វថ្ងៃ អ្នកគ្រូ​គឺជា​នាយិកា​នៃ​វិទ្យាល័យ​អង្គ​រស ក្នុងភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង ដែលជា​ទីកន្លែង​កំណើត​របស់​អ្នកគ្រូ​។ អ្នកគ្រូ ប៉ែន សុ​គុណ បង្រៀន​ផង និង​ជា​អ្នកគ្រប់គ្រង​កិច្ចការ​ទូទៅ​នៅ​សាលា​ផង ដែល​ធ្វើ​ឲ្យ​អ្នកគ្រូ​មានការ​មមាញឹក​យ៉ាងខ្លាំង​។​

អ្នកគ្រូ ប៉ែន សុគុណ គឺជានាយិកានៃវិទ្យាល័យអង្គរស ក្នុងភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះ​ជួប​សម្ភាសន៍​ជាមួយ​អ្នកគ្រូ​នាយិកា​នៃ​វិទ្យាល័យ​អង្គ​រស អ្នកគ្រូ ប៉ែន សុ​គុណ មាន​អាយុ​៥៦​ឆ្នាំ នៅក្នុង​បរិវេណ​ផ្ទះ​ដែល​ធំ​ទូលាយ​របស់គាត់​។ អ្នកគ្រូ សុ​គុណ បាន​រៀបរាប់​ដូចខាងក្រោម​នេះ​ថា​៖
​នៅ​ឆ្នាំ​១៩៧០ ខ្ញុំ​រួមជាមួយ​មិត្តភក្ដិ​របស់ខ្ញុំ​ចំនួន​២​នាក់ និង​បងជីដូនមួយ​របស់ខ្ញុំ​ម្នាក់ទៀត បាន​ទៅ​ទិញ​នំក្រូច​ហូប នៅ​ថ្នល់កែង​ជិត​ផ្សារ​។ យើង​ដើរ​បណ្ដើរ​ហូប​នំ​បណ្ដើរ​និង ប្រលែង​គ្នា​លេង​យ៉ាង​សប្បាយ​ពេល​ត្រឡប់មកផ្ទះ​វិញ​។ ខ្ញុំ​និង​បងជីដូនមួយ​របស់ខ្ញុំ​ដើរ​ខាងមុខ និង​មិត្ត​ខ្ញុំ​ពីរ​នាក់​ទៀត​ដើរ​តាម​ក្រោយ​។ ខ្ញុំ​និង​បង​ដើរ​ជិត​ដល់​មុខផ្ទះ ស្រាប់​តែមាន​យន្តហោះ​មក​ទម្លាក់​គ្រាប់បែក​។ មិត្ត​របស់ខ្ញុំ​ពីរ​នាក់​ដែល​ដើរ​ខាងក្រោយ​ខ្ញុំ​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង និង​ម្នាក់ទៀត​ឈាម​ស្រោច​ខ្លួន​។ ចំណែក​ឪពុក​របស់ខ្ញុំ គ្រាន់តែ​ឮ​សំឡេង​យន្តហោះ​លើ​អាកាស​ក៏​រត់​មក​កញ្ឆក់ និង​ពរ​ខ្ញុំ​រត់​ចូល​ពួន​ទៅក្នុង​ត្រង់​សេ​។ អ៊ំ​របស់ខ្ញុំ ពេល​ឃើញ​មិត្តភក្ដិ​របស់ខ្ញុំ​ពីរ​នាក់​ត្រូវ​គ្រាប់ គាត់​គិតថា​ជា​ខ្ញុំ​បាន​ស្រែកហៅ​ខ្ញុំ «​ក្មួយ​គុណៗ​ឲ្យ​ចូល​ត្រង់​សេៗ​» ឃើញ​ខ្ញុំ​មាន​របួស អ៊ំ​របស់ខ្ញុំ​ប្រញាប់​ចេញមកក្រៅ ហើយ​គាត់​ក៏ត្រូវ​អំបែង​គ្រាប់​ដែរ​។ គ្រាប់បែក​ទម្លាក់​នោះបាន​ឆក់យក​ជីវិត​មិត្ត​របស់ខ្ញុំ​ពីរ​នាក់​, មនុស្ស​ចាស់​ដែលជា​អ្នកដំណើរ​១​នាក់ សត្វ​ចិញ្ចឹម​, ឆេះ​ផ្ទះ​ប្រជាជន និង​ចំ​របង​វត្ត​អង្គ​រស​។ គ្រាប់បែក​ដែល​ទម្លាក់​នោះ​មាន​ចំនួន​ពីរ​គ្រាប់ មួយ​គ្រាប់​នៅមុខ​ផ្ទះ​ខ្ញុំ និង​មួយ​គ្រាប់​ទៀត​នៅ​ខាងត្បូង​ភូមិ​។
​នៅក្នុង​ឆ្នាំ​១៩៧៣ អង្គការ​បាន​ចាប់​ឪពុក​ខ្ញុំ​ទៅ​ឃុំឃាំង​នៅ​ព្រៃ​ជើងចាប ប្រហែល​ដោយសារ​ឪពុក​របស់ខ្ញុំ​ធ្វើជា​គ្រូបង្រៀន​។ ម្ដាយ​របស់ខ្ញុំ​មិនបាន​ទទួលដំណឹង​ពី​ឪពុក​ខ្ញុំ​ឡើយ​។ ដោយ​ក្ដីបារម្ភ​ពី​ប្តី ម្ដាយ​របស់ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​និង​បងស្រី​កណ្ដាល ចេញទៅ​ដើររក​គាត់​។ នៅក្នុង​សម័យ​នោះ មនុស្ស​ចាស់​ដូចជា​ម្ដាយ​របស់ខ្ញុំ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដើរចេញ​ក្រៅ​ភូមិ​ឆ្ងាយ​បានទេ មានតែ​ក្មេងៗ​ដូច​ខ្ញុំ និង​បងស្រី​ប៉ុណ្ណ​ទើប​អាច​ចេញ​ដើរ​ក្រៅ​ភូមិ​បាន​។ ខ្ញុំ​ចាំបាន​ថា​កាលនោះ​ខ្ញុំ​អាយុ​ប្រហែលជា​៧​ឆ្នាំ និង​បងស្រី​ប្រហែលជា​៩​ឆ្នាំ​។ យើង​បាន​ទៅផ្ទះ​ឪពុកធំ​និង​ស្នើ​ឲ្យ​គាត់​ជួយ​ដើររក​ពុក​។ ខ្ញុំ​ពីរ​នាក់​បងប្អូន​ដើរ​លុយ​ទឹក​ជ្រៅៗ​បណ្ដើរ​យំ​បណ្ដើរ មិនដឹង​ពុក​នៅឯណា​។ ក្រោយមក យើង​បាន​ជួប​ពុក​នៅ​ស្វាយ​ជំរៅ កន្លែង​ឃុំឃាំង​។ នៅ​យប់នោះ ខ្ញុំ​បាន​ស្នាក់នៅ​ជាមួយ​ពុក​។ ដោយសារ​ដើរ​ផ្លូវ​ឆ្ងាយ ឆ្លង​អូរ លុយ​ទឹក​ជ្រៅៗ កាត់​ព្រៃ និង​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង ធ្វើ​ឲ្យ​យើង​ពីរ​នាក់​បងប្អូន​ក្ដៅខ្លួន​ខ្លាំង​។ យប់នោះ​ឪពុក​ខ្ញុំ​ក៏​ក្ដៅខ្លួន​ដែរ​។ ឪពុក​របស់ខ្ញុំ​បាន​ត្រឹម​យំ​ពេល​ឃើញ​កូន​ក្ដៅខ្លួន​មិនបាន​មើលថែ​។ លុះ​ស្អែក​ឡើង អ៊ំ​របស់ខ្ញុំ​បាន​ជូន ខ្ញុំ​និង​បងស្រី​ត្រឡប់មកផ្ទះ​វិញ​។ ក្រោយមក​ឪពុក​របស់ខ្ញុំ​ត្រូវបាន​ដោះលែង​។ បងប្អូន​របស់​ឪពុក​ខ្ញុំ​នៅ​ខាងលិច​ភូមិ​ប្រាប់​ឪពុក​ខ្ញុំ​ថា «​រត់​ទៅ​វៀតណាម​ទៅ​បើ​នៅ​មិន​រស់​ទេ​ព្រោះ​គេ​ស្អប់​យើង​មាន​ជីវភាព​ធូរធា​» ឪពុក​ខ្ញុំ​មិនរ​ត់ទៅ​វៀតណាម​ទេ ព្រោះ​គាត់​ដឹង​ថាបើ​គាត់​ទៅ​ប្រាកដជា​ត្រូវ​សម្លាប់​ទាំង​ប្រពន្ធ និង​កូន​មិន​ខាន​។ ក្រោយមក​ឪពុក​របស់ខ្ញុំ​បាន​នាំ​គ្រួសារ​ទៅ​រស់នៅ ក្បែរ​វត្ត​ថ្មី ដោយ​ធ្វើ​ខ្ទម​ស្នាក់នៅ​។

វិទ្យាល័យមេសាង។(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ខ្ញុំ​និង​បងៗ​បាន​ចូលរៀន​ដូច​ក្មេង​ដទៃ ប៉ុន្តែ​បន្ទាប់ពី​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ថ្ងៃ​១៧ ខែមេសា អង្គ​ការមិន​អនុញ្ញាត​ឲ្យ​បងប្អូន​របស់ខ្ញុំ​រៀនសូត្រ​បន្តទៀត​ទេ​។ ខ្មែរក្រហម​បាន​និយាយថា​បងប្អូន​របស់ខ្ញុំ​គឺជា​កូន​អ្នក​មូលធន «​ពួក​សន្តិ​សម្ពន្ធ​ក្បាល​ស​» ខ្មែរក្រហម​ដាក់​ងារ​ឲ្យ​យើង​ដូច្នេះ​។ មិត្ត​ភ​កិ្ក​របស់ខ្ញុំ​ពីរ​នាក់​បាន​សុំ​អង្វរ​ខ្មែរក្រហម​ឲ្យ​ខ្ញុំ​ចូលរៀន​ដែរ ប៉ុន្តែ​អង្គការ​មិន​ព្រម ហើយ​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​និង​បង​របស់ខ្ញុំ​ទៅ​កាប់​ដី លើក​ទំនប់​នៅ​ស្រះ​តា​អឹម ដែល​ខុសពី​កុមារ​ផ្សេងទៀត​បាន​ចូលរៀន​ជាមួយ​អង្គការ​។​
​នៅ​ថ្ងៃ​ជ័យជម្នះ ប្រជាជន​នៅក្នុង​ភូមិ​បាន​លេងភ្លេង អបអរសាទរ ប៉ុន្តែ​ក្រោយមក​ស្ថានភាព​នៅក្នុង​ភូមិ​កាន់តែ​លំបាក​ជាង​មុន​។ ចំណែក​ប្រជាជន ១៧ មេសា ដែល​ជម្លៀស​មក​រស់នៅ​ក្នុងភូមិ​ក៏​លំបាក​ដែរ​។ ប្រជាជន​ថ្មី​ទាំងនោះ​គ្រាន់តែ​រើស​ស្បែក​គោ​ដែល​បោះចោល យកមក​ហូប​ក៏ត្រូវ​អង្គការ​ចាប់​យកទៅ​សម្លាប់​ទាំង​គ្រួសារ​។ ចំណែក​ក្មេង ខ្មែរក្រហម​យកទៅ​បោក​ខ្ទប់​ដើមឈើ​។​

​រហូតដល់​ឆ្នាំ​១៩៧៧ តា​ឈិន បានទទួល​សំបុត្រ​មួយ​ពី​ថ្នាក់លើ​ហើយ​ប្រាប់​ឪពុក​ខ្ញុំ ឲ្យ​ជួយ​រុះ​រោង​នៅ​ថ្នល់កែង​។ ឪពុក​របស់ខ្ញុំ​បាន​សួរ តា​ឈិន ថា «​ឲ្យ​យក​ពូថៅ ដែកគាស់​ទៅ​ដែរ​ទេ​?» គាត់​ថា​មិនបាច់​ទេ​។ ខ្ញុំ​រង់ចាំ​ឪពុក​រហូតដល់​ល្ងាច​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​។ ម្ដាយ​របស់ខ្ញុំ បាន​ទៅ​សួរ​ប្រធាន​រោង​បាយ​រួម​។ នៅ​ទីនោះ​ប្រជាជន​ខ្លះ​និយាយថា មិនដឹង និង ប្រជាជន​ខ្លះទៀត​និយាយថា​អង្គការ​ចាប់​យកទៅ​បាត់​ហើយ​។ នៅ​យប់នោះ​មានការ​សម្ដែង​រឿង ដាំ ផេង នៅ​ស្រះ​តា​អឹម ហើយ​ម្ដាយ​របស់ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ទៅ​មើល និង​ប្រាប់​បង​ខ្ញុំ​អំពី​ដំណឹង​របស់​ពុក ដែល​ត្រូវបាន​អង្គការ​ចាប់​យកទៅ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​។ បងស្រី​ខ្ញុំ​យំ ពេល​បាន​ដំណឹង​នេះ ពេល​គាត់​មកដល់​ផ្ទះ​។ ឪពុក​របស់ខ្ញុំ​មិនទាន់បាន​ស្លៀកពាក់​ខោអាវ​ស្រួលបួល​ទេ គឺ​មានតែ​ខោខ្លី​មួយ ក្រមា​គ្រើម​ត្បាញ​ជំនាន់​នោះ និង​អាវ​យឺ​ពណ៌​ស​មួយ​ប៉ុណ្ណោះ​។ ចំណែក​គោ​ដែល​ឪពុក​របស់ខ្ញុំ​ចិញ្ចឹម​មើលថែ​រាល់ថ្ងៃ បាន​យំ​ស្រែក​រោទិ៍ ទន្ទាំ​ដី បី​យប់​មកហើយ ដោយ​មិនដឹង​ពី​មូលហេតុ​។ យាយ​របស់ខ្ញុំ​ដេក​ឈឺ​សម្រាក​នៅលើ​គ្រែ ដែល​ឪពុក​ខ្ញុំ​នៅ​មើលថែ​។ លុះ​បាត់​មិនឃើញ​ឪពុក​របស់ខ្ញុំ យាយ​របស់ខ្ញុំ​ចេះតែ​សួររក​។ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​យាយ​ពី​ដំណឹង​របស់​ឪពុក​ខ្ញុំ​ទេ​។ យាយ​បាន​សួររក​ឪពុក​ខ្ញុំ​ជាប្រចាំ ទើប​ម្ដាយ​របស់ខ្ញុំ​ដាច់ចិត្ត​ប្រាប់​គាត់​។ នៅពេល​យាយ​បានដឹង​ដំណឹង​នេះ​យាយ​របស់ខ្ញុំ​ក្អក​ស្លាប់​ភ្លាមៗ ដោយសារ​ឈឺចិត្ត​ខ្លាំងពេក​។​

សិស្សសាលា នៅវិទ្យាល័យមេសាង។(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
​នៅ​ចុងឆ្នាំ​១៩៧៧ អង្គការ​បាន​បញ្ជូន​គ្រួសារ​ខ្ញុំ​ឲ្យ​ទៅ​នៅ​តំបន់​ដី​ខ្លាញ់​ក្នុង​ខេត្តពោធិ៍សាត់​។ កម្មាភិបាល​ខ្មែរក្រហម​បាន​ប្រាប់ទៀតថា នៅ​ទីនោះ​សម្បូរ​អាហារ​ហូបចុក​ណាស់​។ មុនដំបូង​គ្រួសារ​របស់ខ្ញុំ​ប្រកែក​មិន​ព្រមទៅ​ទេ​។ ប៉ុន្តែ​ក្រោយមក​អង្គការ​មក​គំរាមថា បើ​មិន​ទៅ​ទេ​នឹង​ចង​ដាក់​លើ​ឡាន​បោះ​ដូច​សត្វ​ជ្រូក ដូច្នេះហើយ​គ្រួសារ​របស់ខ្ញុំ​ក៏​សម្រេចចិត្ត​ចាកចេញ ទៅ​។ យើង​ធ្វើដំណើរ​ទៅដោយ​ថ្មើរជើង យប់​កន្លែង​ណា​គឺ​យើង​ត្រូវ​ដេក​កន្លែង​នោះ​។ ក្រោយមក យើង​ទៅដល់​អ្នក​លឿង និង​បាន​ជិះ​កប៉ាល់​បន្តទៅ​ភ្នំពេញ​។ ក្នុងពេល​ធ្វើដំណើរ មាន​កប៉ាល​ជាច្រើន​សុទ្ធតែ​បាន​លិច នៅមុខ​ទន្លេចតុមុខ ដោយសារ​ទឹក​ហូរ​កួច​ខ្លាំងពេក​។ កប៉ាល់​ដែល​ខ្ញុំ​ជិះ អង្គការ​បាន​ចង​អប​គ្នា​ពីរ និង​មាន​អ្នកបើក​ដែល​ហាក់ដូច​ជាមាន​ជំនាញ​។ ក្រោយមក​យើង​បាន​ឈប់សម្រាក​នៅ​ច្បារអំពៅ​រយៈពេល​មួយ​យប់ រួច​បន្ដដំណើរ​ដោយ​ជិះ​រថភ្លើង​ទៅ​ឈប់​នៅ​ស្វាយដូនកែវ ។ នៅ​ទីនោះ មាន​អ្នក​មក​ទទួល​ទៅកាន់​សហករណ៍​ផ្សេងៗ​។ គ្រួសារ​ខ្ញុំ​នៅ​សហករណ៍​ចា​ហ៊ួ​យ អង្គការ​ក៏​បំបែក​យើង​ឲ្យ​រស់នៅ​ផ្សេង​ពីគ្នា​។ អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​នៅ​កងកុមារ នៅផ្ទះ​បាយ​បឹង​ផុន​។ អង្គការ​តម្រូវ​ឲ្យ​ក្មេងៗ​ហូប​បបរ​អង្ករ​មួយ​កំប៉ុង​សម្រាប់​គ្នា​៨​នាក់​។ អ្នកណា​ហូប​លឿន​បាន​ច្រើន​អ្នកណា​ហូប​យឺត​ជាងគេ​គឺ​បាន​តិច​ឬ​អត់​តែម្ដង​។ ខ្ញុំ​បាន​ទៅ​លួច​ហូប​បបរ​នៅក្នុង​កង​បងស្រី​ខ្ញុំ​ព្រោះ​មាន​របប​គ្រាន់​ជាង​កងកុមារ និង​ម្យ៉ាងទៀត​បង​ខ្ញុំ​ហូប​លឿន​។ ខ្ញុំ​តែង​លួច​បន្លំ​ចូល​នៅពេល​ព្រលប់​ព្រោះ​ភ្លើង​មិនសូវ​ភ្លឺ ចំណែក​ភ្នែក​យាយ​ខាង​ដាំបាយ​មើល​មិនសូវ​ច្បាស់​។ ក្រោយមក​អង្គការ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅ​ភ្នំ​ត្រ​នា​ប់គ​គីរ ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​នឹក​ម៉ែ​ខ្លាំងពេក​ទ្រាំ​ពុំបាន ខ្ញុំ​ក៏​សម្រេចចិត្ត​លួច​រត់​ត្រឡប់​មករក​ម៉ែ​។ ក្រៅពី ខ្ញុំ ,​ប៉ាក់ និង ម្នាក់ទៀត​ស្លាប់ បាន​លួច​រត់​មក​ផ្ទះ​។ នៅតាម​ផ្លូវ​មាន​កម្មាភិបាល​យក​កាំបិត​តាម​កាប់ យើង​ពីក្រោយ​។ ប៉ុន្តែ​យើង​បាន​រត់​ពួន​រហូត​ទាល់តែ​ឈ្លប​ទៅ​បាត់ ទើប​ធ្វើដំណើរ​បន្ដទៀត​។ យើង​ធ្វើដំណើរ​ចេញមក​តាំងពី​ម៉ោង​៤​រហូតដល់​កន្លែង​ម៉ែ​នៅ​រោង​បាយ​បឹង​ផុន នៅ​ម៉ោង​១​យប់​។ ពេលមកដល់​ម្ដាយ​របស់ខ្ញុំ​ទៅសុំ​បាយ​នៅ​រោង​ចុងភៅ​ឲ្យ​ខ្ញុំ​ហូប ប៉ុន្តែ​ប្រធាន​រោង​បាយ​ថា​មិនមាន​របប​សម្រាប់​ខ្ញុំ​ទេ​។ ខ្ញុំ​បាន​ហូប​ផ្លែ​ធ្លក និង​ផ្លែ​ពុទ្រា​ជំនួស​វិញ​។
​នៅ​ឆ្នាំ​១៩៧៨ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅផ្ទះ​បាយ​ដៃ​នាវ​។ នៅ​ទីនោះ​ខ្ញុំ​ឃើញ​អ៊ំស្រី​ម្នាក់​ជេរ​ខ្មែរក្រហម​ដែល​បាន​យកប្ដី​របស់គាត់​ទៅ​សម្លាប់​។ បន្តិចក្រោយមក ប្រធាន​នារី​ម្នាក់ មក​ចាប់​យាយ​នោះ ទៅ​អា​រក​សម្លាប់​។ ខ្ញុំ​ឮ​សំឡេង​ស្រែក បន្តិចក្រោយមក​ប្រធាន​នារី​ត្រឡប់មកវិញ ហើយ​ខ្ញុំ​ឃើញ​គាត់​កាន់​កាំបិត​ប្រលាក់​សុទ្ធតែ​ឈាម​។ នៅ​សម័យ​នោះ ក្មេងៗ​ដូច​ខ្ញុំ ប្រសិនបើ​ប្រព្រឹត្ត​កំហុស​នឹងត្រូវ​ចាប់យក​ទៅផ្ទះ​បាយ​៣០ ឬ​សម្លាប់ចោល​តែម្ដង​។ មាន​កុមារ​ម្នាក់​ត្រូវបាន​អង្គការ​ចាប់យក​ទៅផ្ទះ​បាយ​៣០ ដើម្បី​ធ្វើបាប និង​បង្អត់អាហារ​។ ខ្មែរក្រហម​បាន​លើក​បាវស្រូវ​អុក​លើ​ក្មេង​នោះ ក្មេង​នោះ​រាក​ចេញមក​គឺ មិនមាន​លា​មក​ទេ មានតែ​ទឹក និង​ក្រសាលគូទ​លាន​ចេញមកក្រៅ​។​

វត្តជីផុច ក្នុងស្រុកមេសាង ខេត្តព្រៃវែង។(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បានទទួល​ជោគជ័យ​ក្នុងការ​វាយយក​ទីក្រុង​ភ្នំពេញ​។ ទឹកដី​កម្ពុ​ជាមួយ​ភាគ​ធំ​ត្រូវបាន​គ្រប់គ្រង​ដោយ​ទ័ព​សម្ពន្ធមិត្ត ប៉ុន្តែ​នៅ​តំបន់​ដែល​ខ្ញុំ​រស់នៅក្នុង​ខេត្តពោធិ៍សាត់​គឺ នៅ​គ្រប់គ្រង​ដោយ​កងទ័ព​ខ្មែរក្រហម​។ អំឡុង​ពេលនោះ ខ្ញុំ​ឃើញ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បាន​ហោះ​ទៅដល់​ទីនោះ​។ នៅ​ជិត​កន្លែង​ដែល​ខ្ញុំ​ធ្វើការ ខ្ញុំ​ឃើញ​កងទ័ព​វៀតណាម​ធ្វើដំណើរ​ទៅមក​លើផ្លូវ​ជាតិ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ទ័ព​វៀតណាម​អាច​ចូល​មកជួយ​យើង​បានទេ​។ ក្រោយមក​អង្គការ​មានបំណង​សម្លាប់​ប្រជាជន​ទាំងអស់​នៅ​ទីនោះ ដោយ​មុនដំបូង​គឺ​ខ្មែរក្រហម​សម្លាប់​ក្រុម​បងស្រី​របស់ខ្ញុំ​មុន​។ មាន​ពូ​ម្នាក់​ឈ្មោះ ក្អាត់ គឺជា​ប្រជាជន​ចាស់ ដែលមាន​សន្តាន​ចិត្តល្អ បាន​ប្រាប់​បងស្រី​របស់ខ្ញុំ​ឲ្យ​រត់​។ ក្រោយមកទៀត​អង្គការ​បានធ្វើ​នំ​បញ្ចុក​ឲ្យ​យើង​ហូប និង​បម្រុង​យក​ក្រុម​បងស្រី​របស់ខ្ញុំ​ទៅ​សម្លាប់​។ ចំណែក​មួយក្រុម​ទៀត ខ្ញុំ​ឃើញ​កូន​ឈ្លប​តូចៗ​បណ្ដើរ​មនុស្ស​យកទៅ​សម្លាប់ ហើយ​នៅតាម​ផ្លូវ​មាន​ពូ​ម្នាក់​បាន​រត់​រួច​។ នៅពេល​ពូ​ម្នាក់​នោះ​រត់ គឺមាន​យោធា​ខ្មែរក្រហម​តូចៗ​កាន់​កាំភ្លើង​តាម​ដេញ​បាញ់​ពីក្រោយ​ប៉ុន្តែ​បាញ់​មិនត្រូវ​។ ខ្ញុំ​ឃើញ​មាន​សាកសព​គ្រប់​ទីកន្លែង​ទាំង​ក្មេង ទាំងចាស់ ហើយ​ពេលខ្លះ​ខ្ញុំ​ដេក​ក្បែរ​សាកសព​។ គ្រួសារ​របស់ខ្ញុំ​គិត​គ្នា​ថា នឹង​រត់​កាត់​ខ្សែរ​ត្រៀម​ឆ្លង​មក​ខាង​រំដោះ​។ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី​៣០​សិន ព្រោះ​មាន​អ៊ំ​ប្រុស​ម្នាក់​ប្រាប់ថា​នៅ​ទី​ថ្ងៃ​៣០ នឹងមាន​កងទ័ព​រំដោះ​មកជួយ​។ មកដល់​ថ្ងៃទី​៣០ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចូលមក​ដល់​។ នៅពេល​ស្ថាន​ភាពចលាចល គ្រួសារ​របស់ខ្ញុំ​ក៏​សម្រេចចិត្ត​រត់​កាត់​ខ្សែរ​ត្រៀម​។ នៅពេល​រត់​មាន​គ្រាប់កាំភ្លើង​ហោះ​មក​ត្រូវ​មនុស្ស​ដែល​រត់​ក្បែរ​ខ្ញុំ​ដួល​ជាច្រើន​នាក់ ហើយ​បងប្អូន​របស់ខ្ញុំ​បាន​រត់​បែក​គ្នា​។ ខ្ញុំ​នៅ​ជាមួយ​ម្តាយ​។ ក្រោយមក​ម្ដាយ​ខ្ញុំ​សម្រេចចិត្ត​ត្រឡប់មក​ស្រុកកំណើត​វិញ​។ នៅពេល​ធ្វើដំណើរ​តាមផ្លូវ​មាន​ប្រជាជន​ចិត្តល្អ បាន​ឲ្យ​អង្ករ និង​ម្ហូបអាហារ​មក​យើង​រហូត​ធ្វើដំណើរ​ដល់ផ្ទះ​។ បងស្រី​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់​ផ្ទះ​មុន​យើង ហើយ​បងប្អូន​ដែល​នៅក្នុង​ភូមិ​បានធ្វើ​បុណ្យ​ឲ្យ​ខ្ញុំ និង​ម្ដាយ​ខ្ញុំ​រួចហើយ ព្រោះ​អ្នក​ដែល​រត់​កាត់​ខ្សែរ​ត្រៀម​ភាគច្រើន​ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់​។​
ក្រោយមក​គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ស្រែ​ដើម្បី​ចិញ្ចឹមជីវិត ចំណែក​បងស្រី​របស់ខ្ញុំ​ឆ្លៀត​កាត់ដេរ​សម្លៀកបំពាក់ ដើម្បី​រកប្រាក់​ឲ្យ​ខ្ញុំ​បាន​ចូលរៀន​។ បងស្រី​របស់ខ្ញុំ​ខិតខំ​ប្រឹងរក​ប្រាក់​ឲ្យ​ខ្ញុំ​បាន​រៀនសូត្រ ទើប​ខ្ញុំ​មានចំណេះ​វិជ្ជា​អាច​ក្លាយជា​នាយិកា​នៃ​វិទ្យាល័យ​អង្គ​រស ដូច​សព្វថ្ងៃនេះ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular