ដោយ:មុនីរ័ត្ន/ភ្នំពេញ:វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់ចិនបានដឹកមកដល់កម្ពុជាហើយនៅមុននេះបន្តិច។ពិធីវិធីផ្តល់ និងទទួលក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយនិងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីម្សិលមិញថា វ៉ាក់សាំងស៊ីណូហ្វាមការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជា មានិតចិន គឺមានចំនួន៧០ម៉ឺនដូស ដោយក្នុង៧០ម៉ឺនដូសនោះ ក្រសួងការពារជាតិទទួលបាន ៣០ម៉ឺនដូស និងក្រសួង សុខាភិបាលចំនួន ៤០ម៉ឺនដូស។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ផ្តល់មកក្រសួងការពារជាតិ នឹងចាក់ជូនគ្រួសារកងទ័ព និងកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់ និងចាក់បំពេញបន្ថែមដល់កងទ័ពនៅម្ជុលទី២ ផងដែរ ពីព្រោះមានមួយចំនួនបានចាក់ម្ជុលទី១ រួចហើយ និងដល់ពេលវេលាដែលត្រូវចាក់ម្ជុលទី២។ ហើយគោលដៅសំខាន់ គឺគ្រួសារកងទ័ព បើទោះបីជាមិនគ្រប់គ្រាន់ក៏ដោយ ក៏នៅតែបន្តចាក់ជាបន្តទៀត នៅក្នុងជំហានទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួន ២.៨០០.០០០ (ពីរលានប្រាំបីសែន) ដូសដល់កម្ពុជាក្នុងនោះរួមមាន ១.៣០០.០០០ដូសជាអំណោយ និង ១.៥០០.០០០ដូស ជាការលក់មកឱ្យកម្ពុជាក្នុងតម្លៃពិសេស។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៧៤៥.០០០នាក់ សម្រាប់វ៉ាក់សាំង ១,៥លានដូស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ គឺក្រសួងការពារជាតិ ចាក់បានចំនួន ១៣៨.៥៣៦នាក់ និងក្រសួងសុខាភិបាលចាក់បាន ២៦២.១៣០នាក់។ ចំណែកប្រជាជនដែលបានចាក់វ៉ាក់សាំងរួចមានចំនួនសរុប ៤០០.៦៦៦នាក់៕