Home ព័ត៌មានសំខាន់ៗ វិល​ទៅ​រក​ភាព...

វិល​ទៅ​រក​ភាព​ជា​គូប្រជែង​ឡើងវិញ ៖ ចិន​និង​លោកខាងលិច​រសាត់​ចេញ​ពី​គ្នា​កាន់តែ​ឆ្ងាយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ វា​ត្រូវការ​កិច្ចប្រជុំ​តែមួយ​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​ក្តីសង្ឃឹម​នៃ​ការស្តារ​ឡើង​វិញ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​ក្រោម​ការដឹកនាំ​របស់​របស់​ប្រធានាធិបតី​ចូ បៃ​ដិន ត្រូវ​រលាយ​។ ជំនួស​មកវិញ សម្ព័ន្ធភាព​កំពុង​កសាង​ឡើង​យ៉ាង​លឿន​នៅ​ខ្សែបន្ទាត់​បែងចែក​ចាស់​ទាំង​សងខាង គឺ​ប្រជាធិបតេយ្យ​។​

​តន្ត្រី​រណ្តំ​ចិត្ត​នៅមុន​កិច្ចប្រជុំ​ពាក់កណ្តាល​ខែ​មីនា​នៅ​ទីក្រុង​អាន​ឆូ​រ៉េ​ច​រវាង​អ្នកការទូត​កំពូល​របស់​ប្រទេស​ទាំង​ពីរ​គឺ​ពិតជា​គួរ​ឱ្យ​ចង់​ស្តាប់ ប៉ុន្តែ​ការប្រជុំ​របស់​ពួកគេ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ភក់​យ៉ាង​លឿន​។​

​ផ្ទុយ​មកវិញ សហរដ្ឋ​អាម៉េរិក​បាន​កៀរគរ​សម្ពន្ធមិត្ត “Quad” របស់​ខ្លួន​នៅ​តំបន់​ក្បែរ​របង​ផ្ទះ​ចិន គឺ ជប៉ុន ឥណ្ឌា និង អូស្ត្រាលី ខណៈ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប អង់គ្លេស​និង​កាណាដា​ឱ្យ​ដាក់ទណ្ឌកម្ម​​លើ​មន្ត្រី​ចិន​ជុំវិញ​ការប្រព្រឹត្ត​របស់​ពួកគេ​ទៅលើ​ជនជាតិភាគតិច​មូស្លីម​នៅ​តំបន់​ស៊ីន​ជាំ​ង​។​

​ចិន​បាន​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​តប​វិញ​ប្រឆាំងនឹង​សមាជិក​សភា​របស់​សហ​ភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​ជា​ច្រើន​រូបខណៈ​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​និង​ពង្រឹង​ចំណង​មិត្តភាព​ឡើងវិញ​ជា​​មួយ​រុស្ស៊ី​និង​កូរ៉េខាងជើង​។​

​បញ្ហា​នេះ​បាន​បើក​បង្ហាញ​នូវ​ការខ្វែងគំនិត​គ្នា​យ៉ាង​ជ្រាលជ្រៅ​បំផុត​រវាង​ទីក្រុង​ប៉េកាំង​និង​លោក​ខាងលិច​ដែលជា​អ្នក​ពង្រីក​ពាក្យ​មនោគមវិជ្ជា​កាន់តែ​ធំ​ប៉ុន្តែ​ត្រូវបាន​បង្កប់​ដោយ​ការភ័យខ្លាច​​ថា​ចិន​ប្រជែង​ឈ្នះ​លើ​បច្ចេកវិជ្ជា ពាណិជ្ជកម្ម និង ផែន​ការពារជាតិ​។​

​លោក​ហ្សង់​ព្យែ ខេ​ប​ស្តា​ន ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ហុងកុង​បាប​ទី​សបាន​និយាយថា “​យើង​កំពុង​ឆ្ពោះទៅ​រក​សណ្តាប់ធ្នាប់​ដែល​មាន​ពីរ​ប៉ូល និង សង្គ្រាមត្រជាក់​ថ្មី​រវាង មនុស្ស​ល្អ និង មនុស្ស​អាក្រក់​”​។​

​លោកបៃ​ដិន​កំពុង​លួចញ​ញឹម​បន្ទាប់​ពី​សម្ពន្ធមិត្ត​ចេញមុខ​ប្រឆាំង​នឹង​ការកើនឡើង​អំណាច​របស់​ចិន ដែល​នេះ​បង្ហាញ​ពី​ការចាកចេញ​ពី​ចំណាត់ការ​ឯកតោភាគី​និង​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ជំនាន់​លោក​ត្រាំ ហើយ​ឥឡូវ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បាន​លេចឡើង​ជា​កត្តា​ជំរុញ​សម្រាប់​ប្លុក​ថ្មី​មួយ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង​។​

​លោក​ខេ​ប​ស្តា​ន​និយាយថា “​ឥឡូវ​មាន​សហភាព​ប្រជាធិបតេយ្យ​ដ៏​ពិសិដ្ឋ​ថ្មី​មួយ​លើ​បញ្ហា​តំបន់​ស៊ីន​ជាំ​ង​ហុងកុង​និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​”​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មីនា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក អាន​ថូ​នី ប្លីន​ខិន ជាថ្មី​ម្តងទៀត​បាន​ចាត់ទុក​ការប្រព្រឹត្ត​របស់​ចិន​លើ​ប្រជាជន​អ៊ុយ​ហ្គួ​របស់​ខ្លួន​ថា​ជា “​អំពើ​ប្រល័យពូជសាសន៍​”​និង​បាន​ប្តេជ្ញា​​កៀរគរ​សម្ពន្ធមិត្ត​ដើម្បី​ការពារ​សិទ្ធិមនុស្ស​។​

– ឃ្លាត​គ្នា​កាន់តែ​ឆ្ងាយ​

​លោកហួ ប៉ាវ ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយថា ប៉ុន្តែ​ការ​ដែល​រដ្ឋបាលបៃដិ​នយ​កម​ក​ប្រើ​ឡើងវិញ​នូវ​ហេតុផល “​សេរីភាព​”​គឺ​មាន​គោលបំណង​ជ្រាលជ្រៅ​​ដើម្បី​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ចិន ដែល​ជា​លទ្ធិ​ដែល​ចិន​ជំទាស់​ដាច់ខាត​។​

​ទោះបីជា​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​មាន​ផលប្រយោជន៍​ផ្ទុយ​គ្នា​ក៏​ពិតមែន ក៏​ប៉ុន្តែ​ពួកគេ​យល់ស្រប​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​។ លោក​ហួ​បាន​និយាយថា សិទ្ធិ​មនុស្ស​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​របស់​ពួកគេ ដែល​ស្មើនឹង​គោលនយោបាយ​ហ៊ុមព័ទ្ធ​គ្រប់​ទិស​លើ​សមរភូមិ​ជួរ​មុខ​ផ្នែក​យុទ្ធសាស្ត្រ បច្ចេកវិជ្ជា និង ពាណិជ្ជកម្ម​។​

​នៅក្នុង​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​រវាង​អ្នកការទូត​ចិន​និង​អាម៉េរិក​នៅ​ថ្ងៃទី ១៨ ខែ​មីនា​នៅ​ទីក្រុង​អាន​ឆូ​រ៉េ​ច រដ្ឋ​អា​ឡា​ស្កា ការគួរសម​និង​សុជីវធម៌​ជា​ផ្លូវការ​បាន​ដួលរលំ​យ៉ាង​រហ័ស​។​

​អ្នកការទូត​កំពូល​របស់​ចិន​លោក យ៉ាង ជី​ឈី បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីន​ខិន ដោយ​និយាយថា សហរដ្ឋ​អាម៉េរិក​”​មិន​តំណាងឱ្យ​មតិសាធារណៈ​​អន្តរជាតិ​ហើយ​ក៏​មិន​តំណាងឱ្យ​ពិភព​របស់​លោក​ខាងលិច​នោះដែរ​”​។​

​ចាប់តាំងពី​ពេលនោះ​មក​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​ចាប់ផ្តើម​ដើរ​រាប់អាន​មិត្ត​ចិត្ត​ដូចគ្នា​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​មាន​ជម្លោះ​ជាមួយ​លោក​ខាងលិច និង​ជា​ពិសេស​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ត្រូវបាន​ទទួល​រាក់ទាក់​នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​មួយ ដែល​ឃើញ​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ថា​”​មិន​មាន​គំរូ​តែមួយ​​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នោះទេ​”​។​

​ក្រោយមក​លោក​វ៉ាង​បាន​ធ្វើដំណើរ​ទៅ​តួ​ក​គី​អ៊ីរ៉ង់​និង​អា​រ៉ាប៊ីសាអូឌីត កន្លែង​ដែល​លោក​បាន​ទទួល​ការគាំទ្រ​ពី​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ សម្រាប់​គោលនយោបាយ​របស់​ចិន​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង កន្លែង​ដែល​ចិន​ត្រូវ​បាន​ចោទប្រកាន់ថា​បាន​ឃុំខ្លួន​ប្រជាជន​មូស្លីម​វី​ហ្គួ​ជាង​មួយ​លាន​នាក់​។​

​កាលពី​ថ្ងៃ​សៅរ៍ លោក​វ៉ាង​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​និង​ពាណិជ្ជកម្ម​រយៈពេល ២៥ ឆ្នាំ​រវាង​ចិន​និង​អ៊ីរ៉ង់​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សារី​ហ្វ​។​

​លោក បូ​ន​ណឺ ក្លា​សឺ ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​អាស៊ី​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) បាន​និយាយថា “​ក្រុង​ប៉េកាំង​កំពុង​បង្ហាញថា​ខ្លួន​ក៏​មាន​មិត្តភក្តិ​និង​ជម្រើស​ផ្សេងទៀត​ដែរ​”​។​

– គោលនយោបាយ​ហ៊ុមព័ទ្ធ​

​នៅ​ខាង​អាម៉េរិក​ឯណោះ​វិញ កិច្ចចរចា​នៅ​ទីក្រុង​អាន​ឆូ​រ៉េ​ច​បាន​ធ្វើឡើង​បន្ទាប់​ពី​លោកបៃ​ដិន​រៀបចំ​កិច្ចប្រជុំកំពូល​តាម​អន​ឡាញ​ជាមួយ​ឥណ្ឌា អូស្ត្រាលី​និង​ជប៉ុន​ក្រោម​ក្របខ័ណ្ឌ “Quad”​ដែល​ជា​សម្ពន្ធ​​ភាព​ក្រៅផ្លូវការ​បង្កើតឡើង​ក្នុង​គោលបំណង​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោក​ប្លីន​ខិន​បាន​បន្ត​វាយលុក​ផ្នែក​ការទូត​ប្រកបដោយ​មន្ត​ស្នេហ៍​នៅ​ទីក្រុង​ព្រុច​សែ​ល កន្លែង​ដែល​គាត់​បាន​សន្យា​កសាង​សម្ព័ន្ធភាព​អាម៉េរិក​ជាមួយ​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ចិន​និង​រុស្ស៊ី​។​

​ក្នុងពេល​ជាមួយគ្នា​នេះ​សហរដ្ឋ​អាម៉េរិក អឺរ៉ុប អង់គ្លេស​និង​កាណាដា​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​រួម​គ្នា​ប្រឆាំង​នឹង​មន្ត្រីជាន់ខ្ពស់​ចិន​មួយចំនួន ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​។​

​ទណ្ឌកម្ម​ទាំងនេះ​បាន​ធ្វើឱ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បា​យ៉ាងខ្លាំង ដែលនាំឱ្យ​ចិន​ចាត់វិធានការ​ស្រដៀង​គ្នា​តប​វិញ​ហើយ​បន្ទាប់មក​បាន​គាំទ្រ​ការ​ធ្វើ​ពហិការ​ផលិតផល​សម្លៀក​បំពាក់​ម៉ាក​ល្បី​របស់លោក​​ខាងលិច ដោយ​និយាយថា ខ្លួន​គ្មាន​មេរៀន​អ្វីដែល​ត្រូវ​រៀនសូត្រ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នោះ​ទេ​។​

​ការដួលរលំ​នៃ​ទំនាក់ទំនង​នេះ​បានធ្វើឱ្យ​អ្នកការទូត​ចិន​ចាប់ផ្តើម​បង្ហាញ​អារម្មណ៍​ឆេវឆាវ ហើយ​ពេល​ខ្លះ​បាន​ធ្វើ​ការវាយលុក​យ៉ាង​ភ្លាវ​ទៅលើ​គូ​ប្រជែង​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ហួ ឈុន​យី​ង​បាន​រំលឹក​អាល្លឺម៉ង់​អំពី​ឧក្រិដ្ឋកម្ម​នៃ​ការសម្លាប់​រង្គាល​ពួក​ជ្វី​ហ្វ រំលឹក​បារាំង​អំពី​ការសម្លាប់​រង្គាល​នៅ​អាល់​ហ្សេ​រី រំលឹក​សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​​អង់គ្លេស​អំពី​ការជួញដូរ​ទាសករ​ដ៏​រន្ធត់ និង រំលឹក​កាណាដា​អំពី​ការប្រព្រឹត្ត​របស់ខ្លួន​ចំពោះ​ជនជាតិដើម​ម្ចាស់​ទឹក​ដី​។​

​ប៉ុន្តែ​នៅ​ពីក្រោយ​វោហារសាស្ត្រ​ពោរពេញ​ដោយ​កំហឹង​នេះ កំណត់ចំណាំ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​អាន​ឆូ​រ៉េ​ច​បាន​រះ​ត្រចង់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។​

​ហើយ​អ្នកជំនាញ​ម្នាក់​បាន​និយាយថា​នៅតែ​មាន​ក្តី​សង្ឃឹមថា​នឹង​ទទួលបាន​ជោគជ័យ​លើ​ទំនាក់ទំនង​រវាង​ចិន​និង​អាម៉េរិក​ដោយសារ​ផលប្រយោជន៍​រួម​គ្នា​ដ៏​ធំធេង​ដូចជា​បម្រែបម្រួល​អាកាសធាតុ​និង​​វ៉ាក់សាំង​។​

​លោក​ក្លា​សឺ​និយាយថា “​ចិន​កំពុង​បង្ហាញ​យ៉ាង​ច្បាស់​ថា​ខ្លួន​ចង់​បាន​ទំនាក់ទំនង​អាម៉េរិក​-​ចិន​ដែល​មាន​ស្ថិរភាព​”៕

​ចិន​និង​អាម៉េរិក​ប្រជុំគ្នា​នៅ​រដ្ឋ​អា​ឡា​ស្កា​កាលពី​ថ្ងៃទី​១៨​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular