ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសជាផ្លវការនៅរសៀលថ្ងៃទី១ខែមេសានេះថាស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ដែលបានបាត់បង់ជីវិតនៅថ្ងៃនេះគឺដោយសារ ជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ដែលរស់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:៤០នាទីព្រឹក និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានស្លាប់ បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ១០:៣០នាទីព្រឹក។ -ករណីស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ត្រូវបានបញ្ជាក់ ថាមានវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២៥ខែមីនាដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃទី២៥ ខែមីនា។ នៅថ្ងៃទី២៦ ខែមីនា អ្នកជំងឺមានស្ថានភាពហត់ខ្លាំងនិងធ្ងន់ធ្ងរតម្រូវឱ្យគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយអ្នកជំងឺមានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមប្រចាំកាយផងទោះបីក្រុមគ្រូពេទ្យបានខិតខំព្យាបាលដោយយកចិត្តទុកដាកតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា វេលាម៉ោង០៦:៤០នាទីព្រឹក។
ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ត្រូវបានបញ្ជាក់ថាមានវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២៣ ខែមីនា ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែល។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីដំបូងដែលតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ និងខិតខំព្យាបាលដោយយកចិត្តទុកដាក់តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ១០:៣០ នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖-ករណីស្ត្រីជនជាតិខ្មែរអាយុ៧០ឆ្នាំខាងលើបានស្លាប់បាត់បង់ជីវិតដោយសារស្រីរូបនេះមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធូរស្រួចស្រាល់ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។ -ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាល់ និង រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩៕សរន