ដោយ​: ប​.​ខុន / ភ្នំពេញ​: គម្រោង​សាងសង់​ទំនប់​អាងទឹក​ត្រពាំង​ព្រៃ ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ​ថ្មី​ចំនួន​១៤​កន្លែង នៃ​គម្រោង​អាទិភាព​ទាំង​២៥ ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​អនុវត្ត​នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០២១ ដែល​ដល់​ត្រឹម​ដំណាច់​ខែមីនា អនុវត្តបាន​៤០​ភាគរយ នៃ​គម្រោង​ហើយ​។​

​លោក ហៀ​ង ម៉េង ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០២១​ថា គម្រោង​សាងសង់​ទំនប់​អាងទឹក​ត្រពាំង​ព្រៃ ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ ដែល​កំពុង​អនុវត្ត​ដោយ​ក្រុមការងារ​នាយកដ្ឋាន​វិស្វក​កម្ម និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តក្រចេះ មកដល់​ត្រឹម​ថ្ងៃនេះ (០១​មេសា​) សម្រេច​លទ្ធផល​បាន​ប្រមាណ ជា​៤០​ភាគ រយ​នៃ​គម្រោង​ហើយ តាម​ផែនការ​ត្រូវ​បញ្ចប់​នៅក្នុង​ខែសីហា​ឆ្នាំនេះ​។​

​ការងារ​ដែល​ត្រូវអនុវត្ត​នៅក្នុង​គម្រោង​ខាងលើ​រួមមាន សាងសង់​ទំនប់​ដី ប្រវែង​៨៥០​ម៉ែត្រ​, ប្រឡាយ​ពីរ​ខ្សែ​ប្រវែង​៦៥០​ម៉ែត្រ​, លូ​ទំហំ​០.៦​ម៉ែត្រ​មួយ កន្លែង​, សំណង់​ស្ទាក់​ទឹក​លើ​ប្រឡាយ​មេ​ពីរ​កន្លែង​, សំណង់​បង្ហៀរ​បេតុង​មួយកន្លែង ប្រវែង​៣០០​ម៉ែត្រ​។ ពេល​សាងសង់​រួច​មានលទ្ធភាព​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​បាន​ប្រមាណ ជាង​៣០០​ហិកតា​។​

​គម្រោង​ដែល​កំពុង​អនុវត្ត​នេះ ស្ថិតក្នុង​គម្រោង​ស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ​ថ្មី​ចំនួន​១៤ នៃ​គម្រោង​អាទិភាព​ទាំង​២៥​គម្រោង ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​អនុវត្ត​នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០២១​នេះ​៕​