ដោយៈ ប​.​ខុន / ភ្នំពេញៈ សំណង់​ធារាសាស្ត្រ​កូនដំរី ស្ថិត​ក្នុងភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែលជា​គម្រោង ខ្នាតតូច ជំនួយ​របស់ ស្ថានទូត​ជប៉ុន មាន​ទឹកប្រាក់ ប្រមាណ​ជាង ពីរ​សែន​ដុល្លារ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃទី ១ ខែម​សា ឆ្នាំ​២០២១​។​

​ពិធី​ខាងលើនេះ ស្ថិតក្រោម​អធិបតីភាព​របស់លោក ហុក សុផល អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​ប៉ៃលិន តំណាង​ម្ចាស់ជំនួយ និង​មានការ​ចូលរួម ពី​មន្ត្រី ជំនាញ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​គម្រោង​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន ។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​០១ ខែមេសា នេះ​ថាៈ គម្រោង ដែល​បាន​បើ​ការដ្ឋាន នៅថ្ងៃនេះ ជា​ប្រភេទ​គម្រោង​ខ្នាតតូច របស់​ស្ថានទូត​ជប៉ុន ដែលមាន​ទឹកប្រាក់ ២១៧.៨៤៥ ដុល្លា​អាមេរិក ។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ការងារ​ដែល​ត្រូវធ្វើ នៅ​ការដ្ឋាន មាន​សាងសង់ សំណង់​បង្ហៀរ កាត់​អូរ​ដូនតា ( ផ្នែក​ខាងលើ ) មួយកន្លែង​, សាងសង់​ប្រឡាយ​ជើង​ក្អែប ពី​បេតុង​មួយ​ខ្សែ ទំហំ ០,៦​ម៉ែត្រ កំពស់ ០,៧ ម៉ែត្រ ប្រវែង ៤៣៦ ម៉ែត្រ និង​លូ​ប្រអប់​តូចៗ ០២ កន្លែង សាងសង់​ស្ថានីយ​បូមទឹក ខ្នាត​មធ្យម មួយ​ស្ថានីយ (៣​តឹក​)​។ អ្នកទទួលផល មាន ៤៥០ គ្រួសារ ស្រោចស្រព​ផ្ទៃដី​ស្រូវវស្សា បាន ៣៩៧ ហិកតា​, ដំណាំ​រួមផ្សំ ៤៦ ហិកតា និង​បន្លែ ៥៦ ហិកតា (​នៅ​រដូវប្រាំង​)៕/V​.mara