​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ នេះ បាន​បន្ថែម​លើ​សេចក្តីប្រកាស របស់​រដ្ឋបាល​រាជធានី​ថាៈ បុគ្គល​ដែល​បម្រើ​ការងារ នៅ​ស្ថាប័នរដ្ឋ និង​ឯកជន ដែល​ចេញពី​ធ្វើការ ក្រោយ​ម៉ោង ៨ យប់ ស្ថិតក្នុង​បំរាម​គោចរ ដែល​បាន​ដាក់ចេញ​នេះ គឺ​ត្រូវមាន​លិខិតបញ្ជាក់ ពី​ប្រធាន​អង្គភាព ឬ​ក្រុមហ៊ុន និង​តម្រូវ​ឲ្យ​ពាក់​កាត ជាប់​ខ្លួន​ជានិច្ច ពេលធ្វើ​ដំណើរ​។​

​ការ​ចេញមក​បញ្ជាក់បន្ថែម របស់លោក​អភិបាល​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​មាន​ចម្ងល់​ជាច្រើន របស់​មហាជន នៅលើ​បណ្ដាញ​សង្គម Facebook ពិសេស​ប្រជាពលរដ្ឋ ដែល​បម្រើ​ការងារ នៅ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ មួយចំនួន ហើយ​ចេញ​ធ្វើការ អាច​លើស​ម៉ោង ជាង ៨ យប់ តើ​ពួកគាត់​ត្រូវធ្វើ​បែបណា ទើប​អាចធ្វើ​ដំណើរ​បាន ដោយ​មិនមាន​ហាមឃាត់ ឬ​ត្រូវ​ផាកពិន័យ​?​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថាៈ ក្នុងករណី​ក្រុមហ៊ុន មាន​បុគ្គល ដែល​ត្រូវ​ចេញពី​ធ្វើការ​យប់ ត្រូវ​សម្រួល​ការងាររដ្ឋបាល ជូន​បុគ្គលិក​របស់ខ្លួន ដោយ​ត្រូវ​ចេញ​លិខិតបញ្ជាក់ អំពី​ពេលវេលា​ធ្វើការ ច្បាស់លាស់ នៅក្នុង​លិខិត​នោះ ហើយ​ឲ្យ​បុគ្គល​ដាក់​តាម​ខ្លួន ពេល​ចេញពី​ធ្វើការ ព្រោះ​ងាយស្រួល បង្ហាញ​សមត្ថកិច្ច នៅតាម​គោលដៅ​។​

​ក្នុងករណី​ក្រុមហ៊ុន មិនមាន​បុគ្គល​ចេញពី​ធ្វើការ​យប់​ទេ ប៉ុន្ដែ​សរសេរ​លិខិត ដើម្បី​កុហក​សមត្ថកិច្ច​នោះ នៅពេល​សមត្ថកិច្ច រកឃើញ នឹង​ឈានដល់​ការ ចាត់វិធានការ ក្រុមហ៊ុន​នោះ​តែម្ដង​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ទៀតថាៈ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ត្រូវ​ធ្វើដំណើរ​បន្ទាន់​ភ្លាមៗ មិនអាច​អាក់ខាន​បាន ត្រូវ​ផ្ដល់ដំណឹង​ជាមុន ដល់​ចៅសង្កាត់ ឬ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ចៅសង្កាត់ ឬ​អាជ្ញាធរ​មូលដ្ឋាន ងាយស្រួល​ប្រាប់ ទៅតាម​គោលដៅ​ត្រួតពិនិត្យ នៅតាម​ដងផ្លូវ ទើប​អាច​ធ្វើបាន ដោយ​គ្មាន​ការហាមឃាត់​។​

​ក្នុងករណី​ប្រជាពលរដ្ឋ ត្រូវការ​ធ្វើដំណើរ ពេលយប់ ក្នុង​ម៉ោង​ដែល​ត្រូវ​ហាមឃាត់ (​មិន​បន្ទាន់ តែមាន​កំណត់​វេលា​ច្បាស់លាស់​) ត្រូវសុំ​លិខិតបញ្ជាក់ និង​មាន​វាយ​ត្រា ពី​ចៅសង្កាត់ ឬ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ប្រាប់​អំពី​មូលហេតុ និង​គោលបំណង នៃ​ការធ្វើដំណើរ ដើម្បី​បង្ហាញជូន សមត្ថកិច្ច នៅតាម​គោលដៅ ត្រួតពិនិត្យ​។​

​គួរ​ជម្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ នេះ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ភ្លឺ រយៈពេល ២ សប្តាហ៍​។ តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បានឱ្យដឹងថាៈ «​ត្រូវបាន​ដាក់ចេញ នូវ​វិធានការ​រដ្ឋបាល បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា អនុវត្ត​រយៈពេល ២ សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១»​។​

​ជាងនេះទៀត លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់ ដល់​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដកហូត មធ្យោបាយ អ្នក​ដែល​បន្ដ​ធ្វើដំណើរ ដោយ​មិនចាំបាច់ បំពាន​នឹង​បំរាម ដែល​បាន​ដាក់ចេញ ចាប់ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ភ្លឺ​។​

​តាមរយៈ​សារ​សំឡេង ផ្ញើជូន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា ៖​បន្ទាប់​ដកហូត​មធ្យោបាយ​ហើយ​នោះ ម្ចាស់​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅក្នុង​ផ្ទះ​រៀងៗ​ខ្លូន​៕/V​