ដោយៈតារារិទ្ធ/ភ្នំពេញ៖ក្រសួងទេសចរណ៍នាថ្ងៃទី០១ ខែមេសាឆ្នាំ២០២១ នេះបានចេញសេចក្ដីប្រកាសព័ត៌មានអំពីផែនទីចង្អុលផ្លូវ (Roadmap)ស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលត្រូវបានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុម័តជាផ្លូវការរួចហើយនាថ្ងៃទី៣០ ខែមីនា ២០២១ ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានបង្ហាងថា៖វិស័យទេសចរណ៍ជាវិស័យអាទិភាពក្នុងការរួមចំ ណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។ វិស័យទេសចរ ណ៍ក៏ដូចជាវិស័យនានាបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ។ សម្រាប់កម្ពុជាការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរនិងតម្រង់ទិស ច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នឹងក្លាយជាត្រីវិស័យនិងជា ផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីធានាដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេលវេលា ។ ផែនទីចង្អុលផ្លូវនេះនឹងកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់ការកែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាពនិងនិរន្តរភាពដោយទាញយកមកវិញនូវ ចំនួនភ្ញៀវទេសចរអន្តរជាតិនិងជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក។
ផែនទីចង្អុលផ្លូវ (Roadmap) នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍និងបានទទួលការឯកភាពគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និង ទេសចរណ៍នៃរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនផងដែរ។
ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍នេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាលរួមមាន៖ដំណាក់កាលទី ១ (Resilience & Restart)៖ការគ្រប់គ្រងវិបត្តិក្នុងដំណាក់ កាលទម្លាប់ថ្មី(New Normal)និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញ(២០២១)។ដំណាក់កាលទី២ (Recovery)៖ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោ យវិបត្តិជំងឺកូវីដ-១៩ (២០២២-២០២៣) និងដំណាក់កាលទី៣ (Relaunch)៖ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា(២០២៤-២០២៥)។
ផែនទីចង្អុលផ្លូវនេះមានយុទ្ធសាស្ដ្រសរុបចំនួន ៩ សកម្មភាពយុទ្ធសាស្ដ្រចំនួន ៤៩ និងសកម្មភាពយុទ្ធសាស្ដ្រលម្អិតចំនួន ១៨០ រួមជាមួយគម្រោងកម្មវិធីអាទិភាពចំនួន ១៧។បន្ថែមលើនេះដើម្បីដឹកនាំនិងតាមដានការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលនីមួយៗនៃផែនទីចង្អុលផ្លូវនេះរាជរដ្ឋាភិបាលនឹងរៀបចំយន្តការអន្តរស្ថាប័ន មួយ។
ការអនុម័តផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាពេលនេះគឺស្របពេលដែលរាជរដ្ឋា ភិបាលបានកំពុងប្រកាសជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងពង្រឹងយន្តការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។
ចំណែកផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបានរៀបចំដោយ«គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរ ណ៍ខេត្តសៀមរាប»ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងនិងបានទទួលការឯកភាពនិងគាំទ្រពីគណៈកម្មាធិការ ជាតិអភិវឌ្ឍន៍ទេសចរណ៍ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបមានគោលដៅធ្វើឱ្យខេត្តសៀមរាបអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជានិង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យមនិងវែងខាងមុខ។
ផែនការមេនេះកំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញនិងទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួនប្រមា ណ ១៨.៤ លាននាក់ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមា ណ១០.៩ លាននាក់និងទេសចរអន្តរជាតិចំនួនប្រមា ណ៧.៥ លាននាក់ បង្កើតការងារប្រមាណ៩៤ ម៉ឺននាក់នាំចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ពាន់លានដុល្លារអាម៉េរិកនិងធ្វើឱ្យខេត្តនេះនិងតំបន់ជុំវិញក្លាយជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ឆ្ពោះទៅឆ្នាំ២០៣៥ តាមរយៈការដាក់ចេញនិងអនុ វត្តនូវគោលដៅយុទ្ធសាស្ត្រចំនួន៧ រួមមាន៖ ១.ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប ។ ២.ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ។ ៣.ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប ។ ៤.ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប។៥.ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប៦.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងការតភ្ជាប់ គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាបនិងទី៧.ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។
ផែនការមេនេះដាក់ចេញនូវយុទ្ធសាស្ត្រសរុបចំនួន ៤៤ សកម្មភាពអនុវត្តសរុបចំនួន ១៣៦ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយគម្រោង សកម្មភាពអាទិភាពចំនួន ២០។ ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការអនុវត្តឯកសារដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រទាំងពីរ ខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕