ដោយៈ​សុផល/​ភ្នំពេញ​៖យុវជន​១៧​ក្រុម​ដែលមាន​និស្សិត​ប្រមាណ​៩៣​នាក់​មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​១៧​ខុសៗ​គ្នា​បាន​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រាត់​នាចុងខែមីនា​ក្នុង​វគ្គ​ផ្តាច់​ព្រា​ត់​នៃ​កម្មវិធី​ប្រកួត​កសាង​គំរោង​សហគ្រិនភាព​ និង​ នវានុវត្តន៍​ «Techno Innovation Challenge Cambodia 2021» ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​គំរោង CNEUF ជំនួយ​របស់ AUF ។​

​ដោយសារ​ការ​រាតត្បាត​កូ​វីដ​១៩​ក្រុម​ប្រកួត​ទាំងឡាយ​ត្រូវការពារ​គំរោង​របស់ខ្លួន​ពី​ចម្ងាយ​និង​ការផ្សាយ​បន្ត​ផ្តា​ល់​លើ​ZOOM​នៅ​ចំពោះ​គណៈកម្មកា​ចំរុះ​ដែល​សុទ្ធតែជា​អ្នក ជំនាញៗ​។​ក្រុម​និ​មួយៗ​បានបង្ហាញ​វីដេអូ​ធ្វើ​បទ​បង្ហាញ​គំរោង​របស់ខ្លួន​ដោយ​សង្កត់ធ្ងន់​លើ​គំនិត​ផ្តួច​ផ្តើម​គោលបំណង​ប្រភព​ហិរញ្ញវត្ថុ​និង​ផែនការ​ទីផ្សារ​របស់ខ្លួន​ដើម្បី​នាំទៅដល់​ការបន្ត​និរន្ត​ភាព​នៃ​គំរោង​របស់ខ្លួន​។​

​យុវជន​ទាំង​១៧​ក្រុម​នេះ​បាន​ឆ្លងកាត់​តាំងពី​ការចាប់ផ្តើម​ពីដំបូង​ដែលមាន​និស្សិត​៥៦​ក្រុម មកពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ប្រមាណ​ជិត​២០​គ្រឹះស្ថាន​បាន​ចូលរួម​ប្រកួត ។ ការ​ជំ​រុះ​បាន​ឆ្លង​កាត់​ជាច្រើន​ដំណាក់កាល​រយៈពេល​៤​ស​ប្តា​ហ៏​រាប់​ចាប់តាំងពី​ការការពារ​គំនិត​ការ​បណ្តុះ​បណ្តាល​លើ​បច្ចេកទេស​ពាណិជ្ជកម្ម​ការសំដែង​មតិ​នៅ​ចំពោះ​សាធារណៈ និង​ការផលិត​វីដេអូ ។​

​ក្រោយពី​បានការ​ពារ​គំរោង​រៀងៗ​ខ្លួន​គ្រប់​ក្រុម​អស់​ថេរវេលា​៥​ម៉ោង​គណៈកម្មការ​មេ​ប្រយោ​គ​​បានធ្វើការ​ប្រកាស​លទ្ធផល​គឺ​ជ័យលាភី​ចំនួន​៣​ក្រុម​និង​៣​ក្រុម​ទទួលបាន​រង្វាន់​លើក​ទឹក​ចិត្ត ។ ជ័យលាភី​ទាំង​៣​ក្រុម​នេះ​មាន​គំរោង ​« SugaPad, Somnol, et Yourspace » ទទួលបាន​រង្វាន់​លេខ​១​ចំនួន​ទឹកប្រាក់​២០០០​ដុល្លា លេខ​២-១៥០០​ដុល្លា លេខ​៣-១០០០​ដុល្លារ ។​

​គំរោង​«SugaPad»​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​និង​បរិស្ថាន​គឺជា​កា​ផលិត​សំឡី​អនាម័យ​ដែល​ផលិតឡើង​ដោយ​កាក​អំពៅ​ជា​វត្ថុធាតុដើម​ងាយស្រួល​ស្វែងរក​នៅ​ទូទាំងប្រទេស​និង​ជា​ផលិតផល​ងាយ​រលាយ​ក្រោយ​ការប្រើប្រាស់​។​គោលបំណង​នៃ​គំរោង​នេះ​គឺ​ជួយ​លើក​ទឹក​ចិត្ត​ស្ត្រី​អោយប្រើ​ប្រាស់​សំឡី​ប្រភេទ​នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក និង​កាត់​បន្ថយ​សំរាម​ដែលជា​សារធាតុ​រឹង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​សំរាប់​គំរោង « Somnol » ទាក់ទង​នឹង​វិស័យ​កសិកម្ម​និង​បច្ចេកវិទ្យា​ចំណីអាហារ។​សំណល់​​គឺជា​គំរោង​អភិវឌ្ឍ៍​ប្រកប​ដោយ​និរន្តរភាព​និង​ការប្រើប្រាស់​ឡើងវិញ​នៃ​កាកសំណល់​ចំណី អាហារ​ស្ងួត​សំរាប់​ការ​ចិញ្ចឹម​មាន់ និង​ជួយ​ស្វែងរក​ទីផ្សារ​សំរាប់​កសិករ ដែល​ជួ​បញ្ហាលំបាក​លើ​ផ្នែក​សុខាភិបាល បរិស្ថាន និង​សេដ្ឋកិច្ច ។​

​ចំណែកឯ​គំរោង​«Your space»​វិញ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​កម្មវិធី​ប្រើប្រាស់​តាម​ទូរស័ព្ទ​ចល័ត​ដែល​ប្រើ​សំរាប់​បង្ហាញ​ទីតាំង​ទំនេរ​សំរាប់​អ្នកប្រើប្រាស់​តាម​តម្រូវការ​របស់ ខ្លួន​ឬ​ប្រើប្រាស់​សំរាប់​ជា​ចំណតរថយន្ត​ដើម្បីឱ្យ​ម្ចាស់​ទីតាំង​ទទួលបាន​ប្រាក់ចំណូល​ពី​ទីតាំង​របស់ខ្លួន​ដែល​មិន​ប្រើប្រាស់​។​យុវជន​៣​ក្រុម​ទៀត​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ចំនួន​៥០០​ដុល្លារ ។

​ក្រុម​ទាំង​៣​នេះ​ក៏​អាច​ទទួលបាន​សិទ្ធិ​ដូច​ជ័យលាភី​ទាំង​៣​ក្រុម​ក្នុងការ​ប្រើប្រាស់​ទីតាំង​សហ​ការ​ងារ​នៅក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏ដូចជា​ចូលរួម​ក្នុង​កម្មវិធី​ភ្ញាស់​គំរោង​រយៈ​ពេល​ជាង​៣​ខែ​ដើម្បី​សម្រេច​អោយបាន​ក្នុង​ការកសាង​គំរោង​របស់ខ្លួន​ឆ្ពោះទៅ​ការ​បង្កើតជា​ផលិត​ផល​ពិត​និង​អភិវឌ្ឍន៍​គំនិត​ពាណិជ្ជកម្ម​នៃ​គំរោង​ទាំងឡាយ​របស់ខ្លួន​បញ្ចូល​ក្នុង​ទីផ្សារ​ជាក់​ស្តែង ។​

​កម្មវិធី​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ឧបត្ថម្ភ​ថវិកា​ដោយ ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង (AUF) ក្នុង​គម្រោង CNEUF និង​សហ​ការណ៍​ឧបត្ថម្ភ​ថវិកា​ដោយ Khmer Enterprise – សហគ្រិន​ខ្មែរ Smart Axiata និង​សហភាព​អ៊ឺរ៉ុប​ក្រោម គម្រោង FoodSTEM ។​

Techno Innovation Challenge Cambodia 2021 គឺជា​កម្មវិធី​ប្រកួតប្រជែង​ដែលមាន​និស្សិត​ជាច្រើន​មាន​សម្ថ​ភាព​និង​ជំនាញ​ខុសៗ​គ្នា​រួមគ្នា​បង្កើតជា​ក្រុម បង្កើត​គំនិត កសាង និង​បង្ហាញ​ដំណោះស្រាយ​ប្រកបដោយ​នុ​វា​នុ​វត្ត​ភាព ។ គឺជា​កម្មវិធី​ការប្រកួតប្រជែង​ការ​ច្នៃ​ប្រឌិត​នៃ​ការបង្កើត​សមិទ្ធផល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​និង​គណិតវិទ្យា(STEM) ដែល​​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ឳ​កាស ជួយ​ជំរុញ​និង​លើកទឹកចិត្ត​សម្រាប់​និស្សិត​កម្ពុជា ដែលមាន​គំនិត​ច្នៃប្រឌិត ភាពជា​អ្នកដឹកនាំ​សហគ្រិន​ភាព​និង​មាន​គោលបំណង​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​ក្នុងប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​ឲ្យ​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​យក​ជ័យលាភី និង​អភិ​វឌ្ឍន៍​គម្រោង​របស់​ខ្លួន​ឲ្យ​ក្លាយជា​អាជីវកម្ម​មួយ​ពិតប្រាកដ ក្រោម​ការជួយជ្រោមជ្រែង​ពី​កម្មវិធី​ទាំង​ផ្នែក​បច្ចេកទេសផ្នែក​សហគ្រិន​ភាព​និង​ផ្តល់ជូន​ដើមទុន​មួយចំនួន​ផងដែរ http://cneuf.itc.edu.kh ៕Ph