ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភថ្នាំពេទ្យ១០០ឃីត ដែលជាប្រភេទថ្នាំបង្កើនជាតិទឹកក្នុងខ្លួន ថ្នាំការពារក្តៅខ្លួន ផ្តាសាយ និងបំបាត់អាការៈឈឺចុកពោះ រួមជាមួយម៉ាស់ជាច្រើនទៀត ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលចាត់ទុកថាជាកម្លាំងស្រួចត្រូវបានប្រើប្រាស់ជាងមួយពាន់នាក់ដែលកំពុងចូលរួមសហការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រិពេជ្រ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសុវត្ថិភាពកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលការឧបត្ថម្ភនេះគឺជាការឆ្លើយតបបំពេញភាពខ្វះខាតរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ សម្រាប់ចេញប្រតិបត្តិការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការចូលរួមអនុវត្តវិធានការណ៍បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងទៀតថាកម្លាំងនគរបាលរាជធានីភ្នំពេញនិងចាប់ផ្តើមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕