ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល ថ្ងៃទី​១ ខែមេសា នេះ​ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស រយៈពេល ៩១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ៧៦៧ លើក មាន​មនុស្ស​ចំនួន ៤៣៤ នាក់ បាន​បាត់​បង់ជីវិត និង​របួស​ចំនួន ១.១២០ នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៦៦១​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថាៈ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ បានកើត​ឡើង ចំនួន ៤​លើក ស្លាប់ ១​នាក់ និង​របួស ៧​នាក់ ក្នុងនោះ​របួសធ្ងន់ ៤​នាក់ និង​ស្រាល ៣​នាក់​។​

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បន្តទៀតថាៈ ចំពោះ​ការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៩១ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍ មាន​ចំនួន​សរុប ៦៩.១៩២ គ្រឿង ក្នុងនោះ​ម៉ូតូ ចំនួន ៥០.៧៦៥ គ្រឿង និង​រថយន្ត​ចំនួន ១៨.៤២៧ គ្រឿង ក្នុងនោះ​រថយន្ត​តូច ១៤.៥៩៦ គ្រឿង និង​ធំ ៣.៨៣១ គ្រឿង​៕/V​