ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីជំនាញ បាននិយាយថា សត្វជ្រូករស់ ដែលទើបចាប់បាន ១លើកទៀត នៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាម លទ្ធផល គឺវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ។
នេះបើយោងលទ្ធផល ពីមន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាល័យជាតិស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋាន ផលិតកម្មសត្វ និងសុខភាពពសត្វ នៃក្រសួងកសិកម្ម បានចេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ លើសំណាកឈាមជ្រូករស់ ចំនួន ៣៨ ក្បាល ដែលសមត្ថកិច្ច ចាប់បាននៅព្រំដែនកម្ពុជា ថៃ នាខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពីថ្ងៃទី១ ខែមេសានេះថាៈ កាលពីម៉ោង ២និង១០នាទី រសៀល ថ្ងៃទី ៣០ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើស វិស័យសុខភាពសត្វ ផលិតកម្មសត្វ ការិយាល័យនេះ សហការនឹងកម្លាំងពាក់ព័ន្ធ បានឃាត់រថយន្ត ២គ្រឿង។ រថយន្តទី១ ម៉ាកនីសសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ ចំនួន ២០ ក្បាល (ជ្រូកជំទើ ត្រៀមយកមកខ្វៃ លក់ ក្នុងអំឡុងឆេងម៉េង) និងរថយន្តទី២ គ្មានស្លាកលេខ ពណ៌ខ្មៅ ម៉ាកតូយ៉ូតា កាមរី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ ចំនួន ១៨ ក្បាល (ជ្រូកជំទើ ) នៅចំណុចខាងកើត សាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូក បាននាំចូលពីប្រទេសថៃ តាមច្រករបៀង នៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ។ ការនាំចូលសត្វជ្រូកនេះ ដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់ សុខភាពសត្វឡើយ។
សមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងល្មើស ខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់ និងធ្វើចត្តាឡីស័ក និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វដើម្បីចាត់ការជាបន្តទៀត ។ ជាលទ្ធផលលើសំណាកឈាមជ្រូក ដែលធ្វើពិសោធន៍ បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជំងឺជ្រូកអាហ្វ្រិក (ASF) ។
លោក ហ៊ុយ ទូច បានបន្តថាៈ ករណីនេះ បើយោងការណែនាំរបស់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ , លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត និងដោយមានចំណាររបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូង ខេត្តបន្ទាយមានជ័យ បានអនុញ្ញាតអោយមន្ត្រីជំនាញ ដុតបំផ្លាញចោល តាមនីតិវិធី និងបច្ចេកទេស ព្រោះជាប្រភេទជ្រូក មានជំងឺ ប៉ះពាល់ដល់សុខភាព ។ ហេតុនេះ បានជាមន្ត្រីជំនាញ បានអោយដៃគូ ពីសត្តឃាតដ្ឋាន និងមន្ត្រីជំនាញ នាំទៅបំផ្លាញចោល ហើយកាលពីម៉ោង ៣ រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ។ ចំណែកម្ចាស់សត្វជ្រូកទាំង២ មធ្យោបាយ ត្រូវធ្វើកិច្ចសន្យា មិនអោយមានការប្រព្រឹត្តល្មើស ជាលើកទី២ទៀត ។
ពុំនោះទេ នឹងរងផាកពិន័យ ជាប្រាក់បន្ថែម ហើយកសាងសំណុំរឿង ទៅផ្តន្ទាទោសផងដែរ ។
សូមរំលឹកដែរថា កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើស វិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យ និងអគ្គនាយកដ្ឋាន ផលិតកម្មសត្វ និងសុខភាពសត្វ សហការនឹងកម្លាំងពាក់ព័ន្ធ បានស្ទាក់បង្ក្រាបការដឹកជញ្ជូន សត្វជ្រូករស់ ពីព្រំដែនកម្ពុជា ថៃចំនួន២ករណី ។
ករណីទី១ ឃាត់រថយន្ត ២ គ្រឿង មួយប្រភេទភីកអាប់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ច-១៤៧៣ ភ្នំពេញ២ និងរថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌លឿង មានស្លាកលេខ ភ្នំពេញ 2AF 8339 ១៥កៅអី ។ មធ្យោបាយទាំង២ បានលួចដឹកសត្វជ្រូករស់ចំនួន៧៤ក្បាល ។ ប៉ុន្តែក្រោយធ្វើចត្តាឡីស័ក និងយកសំណាកឈាម ទៅធ្វើពិសោធន៍ លទ្ធផលអវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយមន្ត្រីជំនាញ ក៏បានផាកពិន័យ ធ្វើកិច្ចសន្យា ហើយអោយម្ចាស់យកសត្វជ្រូក ចេញទៅវិញ ៕/V