ដោយ​: ជា​សីហ​:/​ភ្នំពេញ​: ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ឱ្យដឹងថា ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អនុម័ត​ជា​ផ្លូវការ​រួចហើយ នា​ថ្ងៃទី​៣០ ខែមីនា​កន្លងទៅ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​ប្រភព​ដដែល​បាន​បន្តថា វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។ វិស័យ​ទេសចរណ៍ ក៏ដូចជា​វិស័យ​នានា​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ សម្រាប់​កម្ពុជា ការស្តារ​ឡើងវិញ​នៃ​វិស័យនេះ​ទាមទារ​ឱ្យមាន​ការគិតគូរ និង​តម្រង់ទិស​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​។ ក្នុងន័យនេះ «​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩» នឹង​ក្លាយជា​ត្រីវិស័យ និង​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ ដើម្បី​ធានា​ដាក់ចេញ​វិធានការ​អន្តរាគមន៍​ទាន់ពេលវេលា​។​

​ក្រសួងទេសចរណ៍​បាន​បន្ថែមទៀតថា​ផែនទី​ចង្អុល​ផ្លូវ​នឹង​កំណត់​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅជា​កាល្លានុវត្តភាព​ស​ម្រា​ប់​ការកែទម្រង់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យទៅជា​គោលដៅ​ទេសចរណ៍​គុណភាព សុវត្ថិភាព និង​និរន្តរភាព ដោយ​ទាញយក​មកវិញ​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​។ ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ និង​បានទទួល​ការឯកភាព​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្ថែមថា ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នេះ នឹងត្រូវ​អនុវត្ត​ជា ៣ ដំណាក់កាល រួមមាន​៖

* ដំណាក់កាល​ទី​១ (Resilience & Restart)៖ ការគ្រប់គ្រង​វិបត្តិ​ក្នុងដំណាក់កាល​ទម្លាប់​ថ្មី (New Normal) និង​រៀបចំ​ផែនការ​សម្រាប់​ការស្ដារ​ឡើងវិញ (២០២១)​។​

* ដំណាក់កាល​ទី​២ (Recovery)៖ ការស្ដារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (២០២២-២០២៣)

* ដំណាក់កាល​ទី​៣ (Relaunch)៖ ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)​។​

​ក្រសួង​ក៏​បន្តទៀតថា ផែនទី​ចង្អុល​ផ្លូវ​នេះ​មាន​យុទ្ធសាស្ដ្រ​សរុប​ចំនួន ៩ សកម្មភាព​យុទ្ធសាស្ដ្រ​ចំនួន ៤៩ និង​សកម្មភាព​យុទ្ធសាស្ដ្រ​លម្អិត​ចំនួន ១៨០ រួមជាមួយ​គម្រោង​កម្ម​វិធី​អាទិភាព​ចំនួន ១៧​។ បន្ថែម​លើ​នេះ ដើម្បី​ដឹកនាំ និង​តាមដាន​ការអនុវត្ត​ផែនការ​សកម្មភាព​ក្នុងដំណាក់កាល​នីមួយៗ​នៃ​ផែនទី​ចង្អុល​ផ្លូវ​នេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​យន្តការ​អន្តរ​ស្ថាប័ន​មួយ​។ ការអនុម័ត​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នាពេលនេះ គឺ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ប្រកាស​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ ក្នុង​សហគមន៍​ផងដែរ​។​

​ដោយឡែក​ទាក់ទិន​នឹង ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ក្រសួងទេសចរណ៍​បានឱ្យដឹងថា​គឺជា​ផែន​ការដែល​រៀបចំឡើង​ដោយ​«​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​» ដឹកនាំ​ដោយ​លោក​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​បានទទួល​ការឯកភាព និង​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ដែលមាន​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​។​

​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប មាន​គោលដៅ​ធ្វើឱ្យ​ខេត្តសៀមរាប​អាច​ក្តាប់​យកមក​វិញ​នូវ​មោទនភាព​ជា​គោលដៅ​ទេសចរណ៍​ចម្បង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល​មធ្យម និង​វែង​ខាងមុខ​។​

​ផែនការ​មេនេះ កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្តសៀមរាប​ទាក់ទាញ និង​ទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ ១៨.៤ លាន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន​ប្រមាណ ១០.៩ លាន​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ ៧.៥ លាន​នាក់ បង្កើត​ការងារ​ប្រមាណ ៩៤ ម៉ឺន​នាក់ នាំ​ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ធ្វើឱ្យ​ខេត្ត​នេះ និង​តំបន់​ជុំវិញ​ក្លាយជា «​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​» ឆ្ពោះទៅ​ឆ្នាំ​២០៣៥ តាមរយៈ​ការដាក់ចេញ និង​អនុវត្ត​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៧ រួមមាន​៖

១៖ ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​នៅ​ខេត្តសៀមរាប​

២៖ ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​

៣៖ ការផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​មក​ខេត្តសៀមរាប​

៤៖ ការពង្រឹង​គុណភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​

៥៖ ការគ្រប់គ្រង​បរិស្ថាន​នៅ​ខេត្តសៀមរាប​

៦៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

៧៖ ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។​

​ផែនការ​មេនេះ ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សរុប​ចំនួន ៤៤ សកម្មភាព​អនុវត្ត​សរុប​ចំនួន ១៣៦ សម្រាប់​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង អម​ជាមួយ​គម្រោង​សកម្មភាព​អាទិភាព​ចំនួន ២០​។​

​ក្រសួងទេសចរណ៍​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការអនុវត្ត​ឯកសារ​ដ៏​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ទាំងពីរ​ខាងលើនេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​