ដោយៈម៉េងឆៃ / ភ្នំពេញៈ ដើម្បីជាវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិ សេសនៅពេលសែនឆេងម៉េង នឹងជិតចូលឆ្នាំថ្មី ប្រពៃណីជាតិថែមទៀត គឺកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា ដាក់ឲ្យប្រើប្រាស់នូវអនុក្រឹត្យ ស្តីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

វិធានការរដ្ឋបាលនេះ បានកំណត់ពីការហាមឃាត់មួយចំនួន មានជាអាទិ៍៖ ១-ការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ។២-ការរឹតត្បិត ឬការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្ស ដែលសកម្មភាពនេះ អាចបណ្តាលឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។៣-ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ ដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។៤-ការរឹតត្បិត ឬហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។៥-បម្រាមគោចរ ។៦-ការបិទខ្ទប់តំបន់ ឬទីកន្លែង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។៧-ការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញ ដែលជាហានិភ័យ ឬជាប្រភេទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អនុក្រឹត្យនេះ ក៏បានកំណត់ថា «គណៈអភិបាលរាជធានីខេត្ត ត្រូវបានប្រគល់សមត្ថកិច្ច ក្នុងការសម្រេចដាក់ចេញវិធានការរដ្ឋបាលណាមួយ ដែលមានវិសាលភាពអនុវត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះ ក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។

ចំពោះការដាក់ចេញវិធានការបិទខ្ទប់រាជធានីខេត្ត និងការដាក់ចេញវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស ត្រូវធ្វើឡើង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីអនុក្រឹត្យនេះ ចេញមួយថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបានចេញសេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នោះគឺការ ហាមឃាត់ការធ្វើដំណើរ ការជួបជុំតាមទីសាធារណៈ ការទទួលទានអាហារ-គ្រឿងស្រវឹង និងត្រូវបិទហាងលក់ដូរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក។ វិធានការបម្រាមគោចរក្នុងរាជធានីភ្នំពេញនេះ ត្រូវអនុវត្តរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ថា សកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជ នីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកដំណើរការអាជីវកម្ម ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក។ ប៉ុន្តែទីតាំងលក់ដូរទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ចំណែកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួល ទានអាហារ ឬគ្រឿងស្រវឹង ក៏ត្រូវហាមឃាត់ដែរ នៅចន្លោះពីម៉ោង ៨យប់ ដល់ ម៉ោង ៥ព្រឹក លើកលែងតែចំពោះករណីជួបជុំ ក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ការធ្វើចរាចរណ៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ក៏ត្រូវបានហាមឃាត់ផង។ លើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព។ ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណង់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន។ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅទីកន្លែងបំពេញការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា។ ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

បន្ថែមលើសេចក្តីសម្រេចនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌ អធិការនគរបាល រួមទាំងកងរាជអាវុធហត្ថខណ្ឌទាំងអស់ ត្រូវចាប់ដកហូតមធ្យោបាយធ្វើដំណើរ ឡាន និងម៉ូតូ ដែលល្មើសបម្រាម។ ចំណែកអ្នកធ្វើដំណើរល្មើសបម្រាមគោចរ ត្រូវនាំទៅធ្វើឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅផ្ទះរបស់ខ្លួនផងដែរ។

ការមិនគោរពវិធានការរដ្ឋបាល និងការរារាំងវិធានការរដ្ឋបាល ត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌ តាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀត រួមមាន ការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែលមានកំណត់ ក្នុងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬហាត់ថា ច្បាប់កូវីដ។

ក្នុងច្បាប់ និងអនុក្រឹត្យ ពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានកំណត់រួចហើយ ក្នុងមាត្រា១០ ស្តីពី ការមិនគោរពវិធានការរដ្ឋបាល ដោយកំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរកាលពី ១លានរៀល ទៅ ៥លានរៀល។ ត្រូវផ្តន្ទាទោសដាល់ពន្ធនាគារ ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះ បណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះ បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ចំណែកមាត្រា១១ ចែងពី បទរារាំងដល់ការអនុវត្តវិធានការ អំពើរារាំង ឬបង្កឧបសគ្គដោយចេតនា ដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ក្នុងនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ច្បាប់ អនុក្រឹត្យ រួមទាំងសេចក្តីសម្រេចខាងលើនេះ មានកម្មវត្ថុតែម្យ៉ាង គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសយើង ពិសេសនៅរាជធានីភ្នំពេញនេះតែម្តង។ ការកំណត់ទាំងប៉ុន្មានចំណុច ពិសេសបម្រាមគោចរ ក៏ដើម្បីតែសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូបតែប៉ុណ្ណោះ។

អ្នកជំនាញសុខាភិបាល បានលើកឡើងជាញឹកញាប់រួចមកហើយថា ដើម្បីកាត់ផ្តាច់នូវការចម្លើងជំងឺកូវិដ១៩ ក្នុងសហគមន៍យើង នៅពេលនេះ គឺមានតែការកាត់ផ្តាច់ការធ្វើដំណើរ ការចល័តក្រៅផ្ទះប៉ុណ្ណោះ។ សូមកុំភ្លេចថា កូវីដ១៩ ឆ្លងតាមរយៈផ្លូវដង្ហើម ដោយសារប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ការជួបជុំគ្នា ដោយមិនមានពាក់ម៉ាស និងមិនរក្សាគម្លាតសុវត្ថិភាពពីគ្នា ជាដើម។

នៅពេលនេះ ដើម្បីឲ្យវិធានការការពារ កុំឲ្យឆ្លងជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធភាពថែម ទៀត គឺរាជរដ្ឋាភិបាល បានកំណត់ច្បាប់ និងវិធានការថែមមួយកម្រិតទៀត ដោយមិនអនុញ្ញាតឲ្យជួបជុំផឹកស៊ី និងការធ្វើដំណើរនៅពេលយប់ទេ ព្រោះពេលសែនផ្នូរ ឬឆេងម៉េង រួមទាំងពេលជិតចូលឆ្នាំដូច្នេះ ច្បាស់ណាស់ មិនថា នៅភ្នំពេញ ឬខេត្តណាណាទេ តែងតែមានអ្នកនិយមចូលចិត្តជួបជុំផឹកស៊ី ច្រៀងរាំ ដោយមិនខ្លាចឆ្លងកូវីដទាល់តែសោះហើយ។

សូមតាមដានព័ត៌មានឲ្យមែនទែន ពេលនេះ កូវីដ១៩ បានឆ្លងរាលដាលកាន់តែខ្លាំង មិនថា ក្មេងចាស់ ប្រុសស្រីនោះទេ។ មិនត្រឹមតែឆ្លងឡើយ កូវីដ១៩ ថែមទាំងសម្លាប់ប្រជាជនកម្ពុជាយើងថែមទៀត ដោយគ្រាន់តែរយៈពេលជិត ២០ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី១១ ខែមីនា មកដល់ថ្ងៃទី១ ខែមេសា មានអ្នកជំងឺ ១៦នាក់ហើយ បានស្លាប់ដោយជំងឺកូវីដ១៩ ហើយក្នុងនោះ ក៏មិនថា តែមនុស្សចាស់ឡើយ គឺក្មេង អាយុ ២៨ឆ្នាំ ក៏ត្រូវស្លាប់ដោយសារជំងឺឆ្លងផ្លូវដង្ហើម ដ៏កាចសាហាវនេះដែរ។

យ៉ាងណាក៏ដោយ ការបើកផ្លូវឲ្យបុគ្គលិករដ្ឋ ឬក្រុមហ៊ុនឯកជន មានសិទ្ធិធ្វើដំណើរ ក្នុងពេលអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក រួមទាំងការអនុវត្តឲ្យឡានដឹកទំនិញ ជាដើម អាចធ្វើដំណើរបានដដែល ក៏អាចនាំឲ្យវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ មិនជោគជ័យបានដែរ បើសិនជា មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដោយត្រឹមត្រូវ និងមិនលម្អៀង ព្រោះខ្លាចក្រែងលោ មានក្រុមជនឆ្លៀតឱកាស បន្លំធ្វើសំបុត្របញ្ជាក់ស្រេចតែចិត្ត។ រីឯអាជ្ញាធរសមត្ថកិច្ច ដែលចុះត្រួតពិនិត្យ ឆែកឆេរ ហាមឃាត់ការធ្វើដំណើរ មិនបានអនុវត្តឲ្យបានត្រឹមត្រូវ ប្រព្រឹត្តរឿងមិនត្រឹមត្រូវ ឬក៏អនុគ្រោះឲ្យខ្សែអ្នកនេះ ខ្សែអ្នកនោះ ហើយចេះតែបើកប៉ារ៉ាស់ឲ្យមានអ្នកដំណើរឆ្វេតឆ្វាចដដែល នោះគឺយើងមិនអាចកាត់ផ្តាច់ការធ្វើដំណើរចល័ត និងការស្វែងរកការជួបជុំបានទេ។

បើកាច់ផ្តាច់មិនបាននូវការជួបជុំ និងការធ្វើដំណើរ នោះការឆ្លងកូវីដ១៩ នៅក្នុងសហគមន៍យើង ដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ក៏នៅតែបន្តអូសបន្លាយ ហើយដល់ពេលចូលឆ្នាំ និងក្រោយចូលឆ្នាំ ក៏មិនដឹងថា អាចទប់ស្កាត់ ឈានទៅដល់ការបញ្ចប់បាន ឬទេដែរ?

ម្យ៉ាងទៀត វិធានការសុខាភិបាលក្តី ឬក៏វិធានការរដ្ឋបាល ដែលទើបចេញទាំងនេះក្តី អាចអនុវត្តទៅបាន ទាល់តែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប។ ក្នុងនោះ ការកាត់ផ្តាច់នូវការឆ្លងកូវីដ១៩ ក្នុងសហគមន៍យើង ក៏ទាមទារនូវការចូលរួម ដែលមិនអាចខ្វះបានរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនៅភ្នំពេញតែម្តង។ សូមកុំចល័តចេញក្រៅផ្ទះ បើមិនចាំបាច់ ហើយក៏សូមកុំធ្វើដំណើរចេញទៅខេត្ត ដើម្បីសែនឆេងម៉េង ឬក៏ទៅចូលឆ្នាំ។ បើនៅតែមិនគោរព អនុវត្តបម្រាមគោចរទេ ក្រែងលោ អាចនឹងមានវិធានការតឹងរឹងជាងនេះ នៅពេលខាងមុខ ក៏អាចកើតឡើង បើសិនជាការឆ្លងរាដាលជំងឺកូវីដ១៩ មិនត្រូវបានកាត់បន្ថយទេនោះ៕