Home ព័ត៌មានជាតិ នយោបាយ ខ្មែរក្រហម និ...

ខ្មែរក្រហម និង ថៃក្រហម

ដោយ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈឡុច ចំរើន ភេទប្រុស អាយុ ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងតាវចាស់ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ចំរើន បាន​រៀបរាប់ពីជីវិត តស៊ូរបស់ខ្លួនតទល់ ជាមួយ នឹង ទាហាន លន់ នល់ និងទំនាក់ទំនងជាមួយកងទ័ព ថៃក្រហម​នៅតាម បណ្ដោយព្រំដែន ជួរភ្នំដងរែក ដូចខាងក្រោម ៖

រូបខាងស្តាំ ៖ ឡុច ចំរើន អាយុ ៧០ឆ្នាំ រស់នៅភូមិត្រពាំងតាវចាស់ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។(សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើម ឆ្នាំ១៩៧០ កងទ័ព ខ្មែរក្រហម និងវៀតកុង បានចូលមកដល់តំបន់អន្លង់វែង ។ នៅពេលនោះ ប្រជា​ជន​ នៅក្នុង ភូមិ ត្រពាំងតាវចាស់ ជឿជាក់ ថា កងទ័ពដែលចូលមក នោះ គឺជាកងទ័ពរំដោះ​ជាតិ​របស់សម្ដេច​ព្រះ នរោត្ដម សីហនុ ដែលបានងើបបះបោរ បន្ទាប់ពីមាន ព្រឹត្ដិការណ៍ រដ្ឋប្រហារ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដោយសេនាប្រមុខ លន់ នល់ ។ ប្រជាជននៅក្នុងតំបន់ ដាច់ស្រយាលទាំងនោះ ទទួលការ អូសទាញយ៉ាង​ខ្លាំង​ឲ្យចូលរួមក្នុងចលនាខ្មែរក្រហម និងវៀតកុង តាមរយៈ ការឃោសនាឲ្យមានការ ស្អប់ខ្ពើ ម របប លន់ នល់ និងអំពីស្មារតីតស៊ូបម្រើជាតិមាតុភូមិ ។ អាស្រ័យ ហេតុនេះហើយ ប្រជាជននៅភូមិត្រពាំង​តាវ​ចាស់ ប្រមាណ ៣០គ្រួសារ រួមទាំងខ្ញុំផង បានចូលនៅក្នុង ចលនាខ្មែរក្រហម ។

រហូត ដល់ ឆ្នាំ ១៩៧២ បន្ទាប់ពីមានការ ប្រយុទ្ធគ្នា នៅតាមសមរភូមិ រួចមក ទាហាន លន់ នល់ មួយ ចំនួន​ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំងរំដោះខ្មែរក្រហម ។ ទាហាន លន់ នល់ ទាំងនោះ​បាននាំគ្នា ទម្លាក់អាវុធចុះ ហើយចូល ខ្លួនមកសារភាពជាមួយ កងកម្លាំងរំដោះ ។ ទោះបីជាយ៉ាងនេះក្ដី ឈ្លើយ​សឹក ទាំងនោះមិនត្រូវបានសម្លាប់ឡើយ ដោយ ទុក ឱកាសឲ្យប្ដេជ្ញាចិត្ដឈប់បម្រើទាហាន លន់ នល់ ទៀត ហើយកុំឲ្យកងកម្លាំងរំដោះ ចាប់ខ្លួនបាន ជាលើកទីពីរឲ្យសោះ បើមិនដូច្នោះទេ កងកម្លាំងរំដោះនឹង សម្លាប់ ចោលតែម្ដង ។ ចំណែកឯជម្រើសមួយទៀត គឺឈ្លើយសឹក ត្រូវស្ម័គ្រចិត្ដ ចូលរួមបម្រើការតស៊ូ​ជាមួយកង​កម្លាំងរំដោះ ឬ កម្លាំងប្រដាប់អាវុធរំដោះជាតិ ឬ ត្រូវវិល ត្រឡប់ទៅកាន់ស្រុកភូមិកំណើត វិញ ។

ក្រោយមកកងទ័ពវៀតកុង បានដកចេញពីប្រទេសកម្ពុជា ហើយមេដឹកនាំ ខ្មែរក្រហម បានបញ្ជូនខ្ញុំ និងកង​កម្លាំង ផ្សេងទៀត ឲ្យ ទៅឈរជើងនៅ សមរភូមិបុស្ស និងសមរភូមិ ខ្នារ ក្នុងស្រុកចុងកាល់ ខេត្ដឧត្ដរ មានជ័យ​។យើងបាន ប្រឈមមុខដាក់គ្នាសាជាថ្មី ជាមួយ ទាហាន លន់ នល់ ។ សភាពការណ៍នៅពេលនោះ គឺអសន្តិ​សុខ និងគ្រោះថ្នាក់ដោយសារការបាញ់ផ្លោងដាក់គ្នា ។ ការវាយប្រយុទ្ធគ្នាបង្ក ឲ្យ យុទ្ធមិត្ដរបស់ខ្ញុំជាច្រើនបាន​ដេក ស្លាប់លើដី។ ការរាំងស្ទះដ៏ធំ នៃការ ដឹក ជញ្ជូនគ្រឿង សព្វាវុធរបស់កងកម្លាំងរំដោះ ពីសមរភូមិខាង ក្រោយ មិនបានទាន់ពេល វេលា បានបង្កភាពខ្វះខាតសម្រាប់កងកម្លាំងរំដោះ ។ ខណៈពេលដែលកងទ័ពរបស់ លន់ នល់ ដឹក ជញ្ជូនគ្រាប់ រំសេវ និងគ្រឿង សព្វាវុធតាមរថយន្ត កងកម្លាំងរំដោះខ្មែរក្រហម ដឹកជញ្ជូនស្បៀង និងគ្រាប់រំសេវ ដោយ ថ្មើរជើង និង អាក់ខានជាច្រើនដំណាក់កាលដោយសារការស្ទាក់ និងកាត់ផ្ដាច់ផ្លូវពី​កងទ័ព លន់ នល់ ។ ទោះបីជាយ៉ាងនេះក្ដី កងកម្លាំងរំដោះនៅតែក្លាហាន និងមិនដកថយពី សមរភូមិឡើយ។ យុទ្ធមិត្ដនៃកងកម្លាំងរំដោះម្នាក់ បាន បន្ដនៅក្នុងព្រៃ និងនៅបន្តការប្រយុទ្ធ ។ស្របពេលនោះ ក៏មានការ ចូលរួមពីប្រជាជននៅទីជនបទដាច់ស្រយាលនិងគ្រប់ទិសទីដូច្នេះបានធ្វើឲ្យកងកម្លាំងរំដោះខ្មែរក្រហមកាន់តែមានប្រៀបលើកងទ័ព លន់ នល់ និងទទួលជោគ ជ័យជាបន្ដបន្ទាប់ ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ តំបន់អន្លង់វែង ហាក់ ត្រូវបាន ផ្លាស់ប្ដូរការរស់នៅ បន្ដិចម្ដងៗ ហើយក្រោយ​មកបង្កើតទៅជាសហករណ៍  រស់នៅរួម  និងធ្វើការងារ រួម ។នៅដើម ឆ្នាំ១៩៧៧ ខ្មែរក្រហមបាន​​ជម្លៀស ប្រជា​ជនក្នុងតំបន់ អន្លង់វែងទាំងអស់ ទៅកាន់ស្រុកក្រឡាញ់ ខេត្ដសៀមរាប។ ប្រជាជនជម្លៀសទាំងនោះ​ត្រូវ​រស់នៅ និងធ្វើការងាររួមនៅ ក្នុងសហករណ៍។ ចំណែកតំបន់អន្លង់វែង ទាំងមូល បានស្ថិតនៅក្រោមការ​គ្រប់​គ្រង របស់កងយោធាខ្មែរក្រហម និងមាន វត្ដមាន របស់ កងទ័ព ថៃក្រហមនៅទីនោះដែរ។

អតីតកងកម្លាំងខ្មែរក្រហមនៅតំបន់អន្លង់វែង បានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅដើមឆ្នាំ១៩៩៩។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កងទ័ព ថៃក្រហម គឺ សំដៅទៅក្រុមតស៊ូ របស់ថៃកុម្មុយនីស្ដ។ ប្រវត្ដិនៃការ តស៊ូ របស់ចលនា ថៃក្រហម ហាក់​ទំនងមានលំហូ រ ឬកើត ចេញពីប្រទេសឡាវ ឬតំបន់មួយ ចំនួន នៅតាមបណ្ដោយព្រំដែន ជួរភ្នំដងរែក ។ កង​ទ័ពទាំងនោះមានឯក សណ្ឋាន ពណ៌ខៀវ និងមានមួក ស្រដៀងទៅនឹង កងទ័ព វៀត កុង ។ កងទ័ព ទាំងនោះ បានប្រដាប់ទៅដោយ គ្រឿង សព្វាវុធ ដែលនាំចូល ពីប្រទេសចិន ដូចជា កាំភ្លើងអាកា (AK), គ្រាប់ បេ៤០, គ្រាប់ បេ៤១ និង ប្រភេទកាំភ្លើង ៨០មីលីម៉ែត្រ ជាដើម។ ក្រុមតស៊ូថៃក្រហមទាំងនេះមានការផ្គត់ផ្គង់​ស្បៀង​អាហារ ឬគ្រឿងសព្វាវុធមួ យផ្នែកធំដោយក្រុមខ្មែរក្រហម ។ ថ្នាក់ ដឹកនាំ របស់ថៃក្រហមទាំងនោះ រួមមាន តឿន, ផាយុង និង ប្រាចាន់ ដែលខ្ញុំធ្លាប់បានស្គាល់។ អ្នកទាំងនោះអាចនិយាយភាសាខ្មែរ បានស្ទាត់ និង​មានភាពស្និទ្ធស្នាលជាមួយយោធាខ្មែរក្រហម ។

កងទ័ពប្រមាណពី បួនពាន់នាក់ ទៅប្រាំពាន់នាក់នៃកម្លាំងតស៊ូ របស់ ថៃក្រហម ដែលក្នុងនោះក៏ មានកងទ័ព នារីដែរ។ កងទ័ពថៃក្រហមទាំងនោះបានទួលយកគំនិតរួមគ្នានៃមនោគមវិជ្ជាអូសទាញ របស់មេបដិវត្ដន៍ថៃ​ក្រហម ។ យុទ្ធជនថ្មីថ្មោងនៃចលនា តស៊ូនេះ មានប្រវត្ដិជាសិស្ស និងនិស្សិតដែលបាន ធ្វើដំណើរ រាប់សិប​គីឡូម៉ែត្រពីទី ក្រុងថេប ឬបាងកក ប្រទេសថៃ។

ថ្នាក់ដឹកនាំ នៃចលនាថៃក្រហមបានដាក់ ចេញនូវ គោលការណ៍ នៅក្នុងដំណាក់កាលដំបូង ដែលឲ្យ កងកម្លាំង យុទ្ធមិត្តតស៊ូ ថ្មីថ្មោង ត្រូវប្រដាប់ដោយកាំភ្លើង ខ្លី ជាជាង ប្រភេទអាវុធផ្សេងៗ ដោយហេតុថា ការ ប្រើបា្រស់ កាំភ្លើង ខ្លី បាន បង្ហាញឲ្យឃើញពីភាពបត់បែន យ៉ាងឆាប់រហ័ស និងការ រំដោះ ខ្លួនចេញពីទីកន្លែងមាន អាសន្ន គេចចេញពីខ្មាំងសត្រូវ ឬបាញ់តបទៅលើ ខ្មាំងសត្រូវនៅពេលអ្នកទាំងនោះ មកក្បែរខ្លួន ។នៅពេល​​នោះ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅ រស់នៅក្នុងមន្ទីរមួយ ហៅថា «មន្ទីរកងកេង»។ ក្នុងគ្រានោះ ខ្ញុំអាចនិយាយ​ភាសាថៃ បាន ច្រើន តាមរយៈការ ធ្លាប់ជួបនិយាយជាមួយ កងទ័ពថៃក្រហម ។  អាស្រ័យហេតុនេះហើយទើប​មេអង្គភាពរបស់ខ្ញុំ បានចាត់តាំង ខ្ញុំ ឲ្យ ទទួល បន្ទុក ទៅលើ ការ ដឹក ជញ្ជូន អង្ករទៅឲ្យកងទ័ពថៃក្រហម។ ក្នុងមួយលើកខ្ញុំបានដឹកអង្ករប្រមាណបីរទេះគោទៅឲ្យកងទ័ពទាំងនោះដែលមានមូលដ្ឋានឈរជើងនៅក្នុងសមរភូមិ ឃុំ ថ្កូវ, អូរត្រសេក និង អូរកំបុត ដែលស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក ។ ខ្ញុំបានធ្វើដំណើរដោយ ឆ្លងកាត់ ព្រៃជ្រៅ អស់រយៈពេលជាច្រើនម៉ោង ទម្រាំទៅដល់ទីនោះ។ តាមអ្វីដែលខ្ញុំធ្លាប់ បានដឹង កងទ័ពថៃ​ក្រហម បាន ស្ថិតនៅរាយ ប៉ាយតាម ព្រំដែនតាមបណ្ដោយជួរភ្នំដងរែក ដែលចាប់ផ្ដើមពី សមរភូមិ ផ្អាវ ទៅដល់​សមរភូមិ បាក់ នឹម ។

បន្ទាប់ពីប្រមូលកម្លាំងបាន ច្រើនក្រាស់ ក្រែល ហើយ កងទ័ព ថៃក្រហម ដែលរួមសហការជាមួយ ខ្មែរក្រហម បាន វាយរំដោះយកខេត្ដមួយ ចំនួន នៃប្រទេសថៃ ដែលរួមមាន ខេត្ដសូរិន្ទ ឬខេត្ដមួយ ចំនួនទៀតដែលនៅ​ជាប់ព្រំដែន ។ ព្រឹត្ដិការណ៍ នៃការវាយរំដោះនេះ បានបង្ខំឲ្យ ប្រជា ជនថៃនៅក្នុងតំបន់នោះ រត់ភៀសខ្លួនចូល​មក​ទឹកដី កម្ពុជា។ ប្រជាជន ដែលមានវ័យ ចំណាស់ ជាច្រើននាក់ រួមទាំងកុមារតូចៗផង បាន ធ្វើដំណើរ ដោយថ្មើរជើង និងស្ពាយ អីវ៉ាន់សំពីងសំពោងចុះពី លើ ខ្នងភ្នំ ដងរែក ។ ប្រជាជនមួយ ចំនួន បានបីកូនតូចៗ ហើយ មួយ ចំនួន ទៀតបាន បណ្ដើរកង់ចាស់ ៗដឹកជញ្ជូនសម្ភារប្រើប្រាស់ ចាំបាច់ ។

រហូតដល់ដើមឆ្នាំ ១៩៧៩ បន្ទាប់ពីកងទ័ព រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ព ស្ម័គ្រចិត្ដវៀតណាម បានវាយលុកចូលមក ប្រទេសកម្ពុជា កងទ័ពថៃក្រហម បានរត់ឡើងភ្នំដងរែក រួចចូលរួម ជាមួយ ថៃសេរីវិញ ដោយសារខ្វះការគាំទ្រផ្នែក ស្បៀងអាហារ និងសម្ភារពីខ្មែរក្រហម ។ កងទ័ពរបស់ខ្មែរក្រហមនៅពេលនោះ ខ្វះខាតស្បៀងអាហារ និងគ្រឿងសព្វាវុធ ដែរ បន្ទាប់ពី កងទ័ពស្ម័គ្រចិត្តវៀតណាមកាត់ផ្ដាច់ផ្លូវដឹកជញ្ជូន។ កងទ័ព របស់ខ្មែរក្រហមដែលនៅមិនឆ្ងាយពី ព្រំដែនថៃ បាននាំគ្នា រៀបចំកម្លាំង រត់ឡើង ភ្នំដងរែក និងមាន​បំណង ឆ្លងដែនចូលក្នុងប្រទេសថៃ ។ប៉ុន្តែភ្លាមៗនោះកងទ័ពថៃសេរីមិនអនុញ្ញាតឲ្យយោធា​ខ្មែរក្រហមចូល ឡើយ ដោយសារធ្លាប់មានការប៉ះទង្គិចគ្នាពីមុនមក ។ កងទ័ពថៃសេរីទាំងនោះ មានបំណងកាត់ ផ្ដាច់ទំនាក់​ទំនងរវាងយោធាខ្មែរក្រហម និងថៃក្រហមទាំងស្រុង ដើម្បី កុំ ឲ្យមានចលនាបះបោរ និងអសន្ដិសុខដល់​ប្រទេស ជាតិរបស់ខ្លួនតទៅទៀត ។ ចាប់តាំងពីពេលនោះមក យោធារបស់ខ្មែរក្រហម បាន ដាច់ខ្សែរយៈ​បន្ដិចម្ដងៗពីថៃក្រហម រហូតបាត់ ដំណឹងសូន្យឈឹងតែម្ដង ។

ចំណែកយោធាខ្មែរក្រហមនៅខាងក្នុងប្រទេសកម្ពុជា បានបន្ដធ្វើសង្គ្រាម ហើយនៅក្នុងអំឡុងពាក់កណ្ដាល​ទស្សវត្សរ៍ឆ្នាំ ១៩៨០ ដែលភាគច្រើន នៃសមរភូមិតាមបណ្ដោយជួរភ្នំដងរែកត្រូវបានគ្រប់ គ្រងដោយ កងទ័ពស្ម័គ្រចិត្ត វៀតណាម ។ដោយសារ សភាពការណ៍ មិនអំណោយ ផល យោធាខ្មែរក្រហមបាននាំគ្នា បន្ដរស់នៅលើជម្រាលភ្នំដងរែក ហើយ រង់ចាំឱកាសល្អ ដើម្បីនឹង ចូលទៅក្នុងជំរំ ប្រទេសថៃ ។ ខ្ញុំនិងយោធា​ខ្មែរក្រហមបានរស់នៅដោយមិនមានស្បៀង អាហារហូបចុកគ្រប់គ្រាន់ ។ នៅពេល មួ យ ខ្ញុំបាន បង្ខំចិត្ដ ដឹកនាំ​កងកម្លាំងយោធាមួយក្រុម ទៅលួចដកដំឡូងមីនៅក្នុងចម្ការរបស់ថៃ ដែលនៅមិនឆ្ងាយ ប៉ុន្មាន ពីទី​កន្លែងស្នាក់នៅរបស់យើង ។ មួយរយៈពេលខ្លីប៉ុណ្ណោះ ចម្ការ ដំឡូងមីប្រហែល ពី រហិកតាបាន ដួលរាប​ដល់ ដី បន្ទាប់ពីយើងបាន ដក យក មើមទាំងអស់ ។ក្រោយមក យើងក៏មាន ឱកាសបានចូលទៅក្នុង ទឹកដីថៃ និងទទួលបានរបបអាហារ ក្រោមការ ផ្គត់ ផ្គង់ពីអង្គការ អន្ដរជាតិ កាកបាទក្រហម បារាំង ។

នៅក្នុងឆ្នាំ ១៩៨៦ កងកម្លាំងនៅតំបន់អន្លង់ វែងត្រូវបាន បែក ចែក។ នៅពេលនោះ ខ្ញុំបានចូលបម្រើក្នុង​ទាហាន ប៉ារ៉ា ឬទាហានហ៊្វុនស៊ិនប៉ិច នៅពេល ដែល កម្លាំងនៅតំបន់អន្លង់វែង ត្រូវបានបែងចែក ជាពីរ ។ ខ្ញុំចូលរួម ប្រយុទ្ធនៅក្នុងសមរភូមិក្ដៅនៅច្រក តាទុំ ។ ខ្ញុំមិនមានជម្រើសផ្សេងទេ ដែលត្រូវប្រយុទ្ធជាមួយ កងកម្លាំង ដែល ធ្លាប់ជា មិត្ដរួម អាវុធនាពេលកន្លងមក។ ប៉ុន្ដែទោះយ៉ាងនេះក្ដី ដើម្បីរស់រានមានជីវិត ខ្ញុំត្រូវតែបត់បែនឲ្យស្របទៅនឹងស្ថានភាព ដែលខ្ញុំ កំពុង ជួបប្រទះ។

នៅក្នុងឆ្នាំ ១៩៩៣ ខ្ញុំបានវិលត្រឡប់មកចូលរួម ក្នុងកងកម្លាំង របស់ តាម៉ុក ។ យើងបាន ប្រយុទ្ធគ្នា ជាមួយ កងទ័ព រាជរដ្ឋាភិ បាលកម្ពុជាជាច្រើនលើកច្រើនសា ។ បន្ទាប់មក ខ្ញុំបានផ្ដាច់ខ្លួន និងធ្វើ សមាហរណកម្​មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅភូមិវាលតាដេវ ក្នុង តំបន់អន្លង់វែង នៅដើមឆ្នាំ ១៩៩៩ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular