ដោយៈម៉េងឆៃ / ភ្នំពេញៈក្នុងខែមីនា ឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ បានបន្តថយចុះជាង ៩៩ភាគរយបើធៀបនឹងខែមីនា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់គ្រឹះស្ថានអង្គរ។

របាយការណ៍ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បង្ហាញថា ក្នុងខែមីនា មានអ្នកទេសចរបរទេស ចំនួន ២៨៨នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ដោយទទួលបានចំណូល ១២២៥៦ដុល្លារ។ ចំនួនភ្ញៀវទេសចរ នៅខែមីនា ឆ្នាំ២០២១ បានធ្លាក់ចុះ ៩៩,៣២% ប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២០។ រីឯចំណូល នៅខែមីនា ឆ្នាំ២០២១ បានធ្លាក់ចុះ ៩៩,២៨% ប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ នៅខែមីនា ឆ្នាំ២០២១ គ្រឹះស្ថានអង្គរ បានប្រកាសពីចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមីនា មានចំនួន ៥៧៦ដុល្លារ។

ដោយឡែក ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២១ ត្រូវបានគ្រឹះស្ថានអង្គរ ប្រកាសថា មានភ្ញៀវទេសចរបរទេស ចំនួន ៤៤៨២នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺធ្លាក់ចុះ ៩៨,៨៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ចំណែកចំណូលក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១នេះ មានចំនួន ១៨៥០៧៩ដុល្លារ គឺធ្លាក់ចុះ ៩៨,៩៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដកចេញពីចំណូលលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៨៩៦៤ដុល្លារ។

ជាមួយគ្នានោះ គ្រឹះស្ថានអង្គរ ក៏បានប្រកាសពីចំណូល ដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានប្រាសាទកោះកែរ សម្រាប់ខែមីនា ឆ្នាំ២០២១ មានចំនួន ២៦នាក់ ទទួលបានចំណូល ៣៩០ដុល្លារ។ សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ៣ខែ ក្នុងឆ្នាំ២០២១ មានចំនួន ១៥៨នាក់ ដោយទទួលបានចំណូល ២៣៧០ដុល្លារ។

របាយការណ៍ប្រចាំខែរបស់គ្រឹះស្ថានអង្គរបង្ហាញថា នៅខែមករា ឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេស ១២១៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺថយចុះ ៩៩,៤៥% ធៀបនឹងខែមករា ឆ្នាំ២០២០ និងទទួលបានចំណូល ៥០ ៤៦៦ដុល្លារ ថយចុះ ៩៩,៥២% ធៀបនឹងខែមករា ឆ្នាំ២០២០។

ចំណែកនៅខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ២៩៨១នាក់ ធ្លាក់ចុះ ៩៧,៤៩% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ និងទទួលបានចំណូល ១២២ ៣៥៧ដុល្លារ ធ្លាក់ចុះ ៩៧,៨៤% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០។

សូមរម្លឹកថា ចំនួនអ្នកទេសចរបរទេស បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ក្នុងនោះ នៅឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ៤០០ ៨៨៩នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលធ្លាក់ចុះ ៨១,៨២% ធៀបនឹងឆ្នាំ២០១៩។ នៅឆ្នាំ២០២០ រមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៨ ៦៥៤ ៨២៨ ដុល្លារ ធ្លាក់ចុះ ៨១,១៧% ធៀបនឹងឆ្នាំ២០១៩៕សរន