​ប្រែ​សម្រួលៈ​វាសនា​/​អ​.​ស​.​ប​៖ នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​ឯកច្ឆន្ទ​មួយ​ដែល​សម្រួល​ដោយ​ចិន​ក្រោយ​ការចរចា​យ៉ាង​តានតឹង​អស់​២​ថ្ងៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​មេសា ​បាន​«​ថ្កោលទោស​ជា​ខ្លាំង​»​ការស្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់​នៅ​មី​យ៉ាន់​ម៉ា ។​

​សេចក្តីថ្លែងការណ៍​ដែល​ផ្តួចផ្តើមឡើង​ដោយ​អង់គ្លេស​អាន​ថា​«​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្ថានការណ៍​កាន់តែ​ចុះ​ដុនដាប​ឡើង​និង​សូម​ថ្កោលទោស​ជា​​ខ្លាំង​ការប្រើ​អំពើហិង្សា​លើ​អ្នក​ប្រឆាំង​តវ៉ា​ដោយ​អហិង្សា ព្រមទាំង​ការស្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់ រួម​មាន​ស្ត្រី​និង​កុមារ​»​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឯកសារ​នៃ​សេចក្តីថ្លែងការណ៍​ដើម​ដែល​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ទទួលបាន បណ្តា​ប្រទេស​លោកខាងលិច​ចង់​បញ្ចូល​ឃ្លា​មួយ​ថា​” តៀម​ពិចារណា​វិធានការ​បន្ទាប់​”​ដែល​ទំនង​ចង់​​សំដៅ​ដល់​ទណ្ឌកម្ម​អន្តរជាតិ​។​តែ​ចិន ដែល​គេ​គិតថា​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​យោធា​មី​យ៉ាន់​ម៉ា បាន​ជំទាស់​នឹង​ភាសា​នេះ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​សុំ​អោយ​ប្រើ​ពាក្យ​ទន់ភ្លន់​ជាង ពី​«​ការសម្លាប់​»​ជន​ស៊ីវិល​រាប់រយ​នាក់​មក​ជា​«​ការស្លាប់​ជន​ស៊ីវិល​»​វិញ​។​

​ពួក​អ្នកការទូត​បាន​និយាយថា រុស្ស៊ី​ក៏បាន​រាំងខ្ទប់​សេចក្តីថ្លែងការណ៍​នេះ​ជា​ច្រើនលើក ដោយសារ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូច​ង់​បាន​ប្រយោគ​មួយ​ថ្កោលទោស​ការស្លាប់​សមាជិក​កងកម្លាំង​សន្តិសុខ​នៅក្នុង​​បាតុកម្ម​នេះ​ដែរ​។​

​ទោះជា​ចរចារ​តថ្លៃ​គ្នា​ដ៏​យូរ ក៏​ក្រុមប្រឹក្សាសន្តិសុខ​បាន​និយាយ​ចេញ​មក​ក្នុង​សម្លេង​តែ​មួយ​និង​ជា​ការបញ្ជូន​«​សញ្ញា​សំខាន់​ណាស់​»​មួយ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​០១​កុម្ភៈ​មក ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​ដល់​ទៅ​៣​ស្តី​ពី​មី​យ៉ាន់​ម៉ា តែ​ជំហរ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​មាន​ឥទ្ធិពល​តិចតួច​​លើ​យោធា​មី​យ៉ាន់​ម៉ា​។​

​កាលពី​ថ្ងៃ​ពុធ តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​អោយ​មាន​ចំណាត់ការ​ខ្លាំងក្លា​ឡើង​លើ​របប​យោធា​មី​យ៉ាន់​ម៉ា និង​បាន​ព្រមាន​អំពី​ការ​បង្ហូរឈាម​ដែល​អាច​កើត​មា​​ន​និង​ហានិភ័យ​ពី​ការ​កើត​មាន​សង្គ្រាម​ស៊ីវិល​៕

​សាច់ញាតិ​នៅ​ជុំវិញ​មឈូស​របស់​អ្នក​ប្រឆាំង​តវ៉ា​ដែល​ស្លាប់​ដោយ​ចំណាត់ការ​របស់​កង​សន្តិសុខ​នៅ​ក្រុង​យ៉ាងហ្គោន​កាលពី​ថ្ងៃ​៣០​មីនា​។​បើ​តាម​ក្រុម​ឃ្លាំមើល​មួយ មនុស្ស​ជាង​៥០០​នាក់​ត្រូវបាន​សម្លាប់​​ក្នុង​ការបង្ក្រាប​ការតវ៉ា​ប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា​តាំងពី​មុន​មក​