Home ព័ត៌មានជាតិ នយោបាយ ឡុង យំ​៖ រៀបរ...

ឡុង យំ​៖ រៀបរាប់​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​

ដោយៈ​គាត ស្រី​ឡែ​ន‌​អ្នកស្រាវជ្រាវ​មជ្ឈមណ្ឌល​ផ្សះផ្សារ​វាលវែង​/​ភ្នំពេញៈ ឡុង យំ ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជា​ជនជាតិ​ស្ទៀង រស់នៅក្នុង​ភូមិ​ស្រែ​តា​ពិ​ជ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​រៀបរាប់​បទពិសោធន៍​ជីវិត​ដែល​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម និង​របប​ខ្មែរក្រហម (​ពី​ឆ្នាំ​១៩៧៥-១៩៧៩) ដូចខាងក្រោម​៖

ឡុង យំ អាយុ​៧២​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅក្នុង​ភូមិ​ស្រែ​តា​ពិ​ជ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
(​គាត ស្រី​ឡែ​ន​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ទ​ន្លូ​ង ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ ឡុង និង​ម្តាយ​ឈ្មោះ ច្រាញ់​។ ខ្ញុំ​មាន​បងប្អូន​៣​នាក់ ស្រី​២ ប្រុស​១ ប៉ុន្តែ​ម្នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​មាន​ប្តី​ឈ្មោះ ម៉ម និង​មានកូន​៨​នាក់ ស្រី​៧ ប្រុស​១​។ សព្វថ្ងៃ​ខ្ញុំ​នៅសល់តែ​កូនស្រី​ម្នាក់ ចំណែក​៧​នាក់​ទៀត​បាន​ស្លាប់​តាំងពី​តូចៗ និង​ក្នុង​របប​ខ្មែរក្រហម​។ កាលពី​នៅ​ក្មេង​ខ្ញុំ​បាន​រៀន​តិចតួច ពីព្រោះ​គ្មាន​សាលារៀន និង​មិនមាន​គ្រូ​រស់នៅ​ក្នុងភូមិ​ទ​ន្លូ​ង គឺ​មានតែ​គ្រូ​មកពី​ស្រុក​ផ្សេង​មក​បង្រៀន​សិស្ស​នៅក្នុង​ភូមិ​។ ដោយសារ​ការខ្វះខាត​ទាំង​សាលារៀន និង​គ្រូបង្រៀន​នេះហើយ ទើប​ខ្ញុំ និង​ក្មេងៗ​ដ៏ទៃទៀត​មិនបាន​រៀនសូត្រ​។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១ ក៏​ឈប់រៀន​មកជួយ​ធ្វើ​ការងារ​ឪពុកម្តាយ ដូចជា​ធ្វើស្រែ ចម្ការ ដាំ​ដំណាំ​ផ្សេងៗ និង​ជួយ​មើល​ប្អូនៗ​នៅផ្ទះ​។​នៅពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ឪពុកម្តាយ​បាន​ផ្សំផ្គុំ​ឲ្យ​រៀបការ​។ នៅពេល​រៀបការ​រួច ខ្ញុំ និង​ប្ដី​បាន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ដូចដែល​យើង​ធ្លាប់​បានធ្វើ​ពេល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ដែរ​។​

​កាលពី​ក្មេង​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ជនជាតិ​បារាំង​ទេ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​នៅក្នុង​ភូមិ​និយាយថា កាល​ជំនាន់​គាត់​នៅ​ក្មេង​មាន​ជនជាតិ​បារាំង​ជាច្រើន​បានមក​ធ្វើ​ចម្ការកៅស៊ូ​នៅក្បែៗ​ភូមិកំណើត​របស់ខ្ញុំ​។ ជនជាតិ​បារាំង​ទាំងនេះ​មាន​មាឌធំ និង​មាន​ស្បែ​កសៗ​។ នៅក្នុង​របប​សង្គមរាស្ត្រនិយម ខ្ញុំ​ធ្លាប់​ឃើញ​ចម្ការកៅស៊ូ​របស់​បារាំង​ដែលមាន​ដើម​ធំៗ និង​មាន​មនុស្ស​ជាច្រើន​នាំគ្នា​ចូល​ធ្វើជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​។ កម្មករ​ទាំងនោះ​ភាគច្រើន​គឺជា​ជាតិ​ជន​វៀតណាម និង​មួយចំនួនទៀត​គឺជា​ជនជាតិ​ចាម និង​ជនជាតិខ្មែរ​។ ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​ហៅ​យួន ពេលនោះ​សំដៅ​ទៅលើ យួន​វ៉េ ឬ យួន​មាន​ធ្មេញ​ខ្មៅ​ដូច​ធ្យូង​។ ចម្ការកៅស៊ូ​ទាំងនោះ​មាន​ទីតាំងនៅ​ភូមិ​ខ្ជាយ និង​ស្លា ដែលមាន​ចម្ងាយ​ប្រមាណ​៤​ទៅ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភូមិ​របស់ខ្ញុំ​។ នៅពេល​ខ្ញុំ​ជិះ​កង់​ទៅ​ផ្សារ​ដើម្បី​ទិញ​ឥ​វ៉ាន់ និង​ម្ហូបអាហារ​នៅ​មេមត់ ខ្ញុំ​តែងតែ​ជិះ​កាត់​ចម្ការ​នោះ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ចូលទៅ​លេង ឬ​ចូលទៅ​មើល​នៅក្នុង​ចម្ការ​នោះទេ​។ ខ្ញុំ​បានឃើញ​កម្មករ​ចៀរ​ជ័រកៅស៊ូ​ជាច្រើន​បាន​ទៅ​ផ្សារ​នៅ​មេមត់​។ កម្មករ​ទាំងនោះ​ធ្លាប់​និយាយ​ជាមួយ​អ្នកភូមិ​ថា ធ្វើ​កម្មករ​ចៀរ​ជ័រ គឺជា​របរ​រកស៊ី​ទៀងត្រង់ និង​មាន​ប្រាក់ខែ​បើក​រៀងរាល់​សប្តាហ៍ៗ​។ ជាទូទៅ​កម្មករ​ចៀរ​ជ័រកៅស៊ូ​ទាំងនោះ​នាំគ្នា​ដើរលេង និង​ទៅ​ផ្សារ​នៅ​មេមត់​យ៉ាង​សប្បាយ​នៅពេល​បើកប្រាក់​ខែម្តងៗ និង​ថែមទាំង​មាន​ឡាន​សម្រាប់​ដឹក​កម្មករ​ពី​ចម្ការកៅស៊ូ​ទៅ​ផ្សារ​មេមត់​ទៀតផង​។

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សី​ហុន​។ ប្ដី​របស់ខ្ញុំ និង​ប្រជាជន​ផ្សេងទៀត​បាន​ទៅ​ចូលរួម​ធ្វើបាតុកម្ម​នៅ​ផ្សារ​មេមត់​។ នៅពេលនោះ​មាន​ភាព​ច្រ​បូល​ច្របល់​ប្រតាយប្រតប់​គ្នា​ហើយ​ប្តី​របស់ខ្ញុំ​បាន​រហែក​អាវ​ខោ​ទាំង​មិនដឹង​ខ្លួន​។ ចំណែក​ខ្ញុំ​មិនបាន​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ទេ ព្រោះ​ខ្ញុំ​ទើបនឹង​សម្រាលកូន​ទី​៣​គឺ​នៅ​ស​សៃ​ខ្ចី​។
នៅក្នុង​ឆ្នាំ​១៩៧០​ដដែល ទាហាន​អាមេរិក​បាន​ចូលមកក្នុង​ភូមិ​របស់​ខ្ញុំ ដើម្បី​ស្វែងរក​កងទ័ព​វៀត​កុង​។ នៅ​អំឡុងពេល​ទាហាន​អាមេរិក​ចូលមក​ដល់​ភូមិ​ក៏មាន​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​ច្រើន​ដែរ​។ នៅពេល​ឃើញ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ហោះ​មក​ម្ដងៗ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​យ៉ាងខ្លាំង ឪពុកម្តាយ​របស់ខ្ញុំ​តែងតែ​ឲ្យ​ខ្ញុំ​រត់​ចូលក្នុង​រណ្ដៅ​ត្រង់​សេ និង​កើប​ដី​គ្រប​ដូច​ផ្នូរខ្មោច ដើម្បី​កុំ​ឲ្យ​អំបែង​ខ្ទាតចូល​។ ពេលនោះ​ខ្ញុំ​គិតថា​ខ្ញុំ​មិន​រស់​ទេ ព្រោះ​គ្រាប់ផ្លោង​ធ្លាក់​មក​ឮសូរ​សន្ធឹក​គ្រាំងៗ​។ ការទម្លាក់​គ្រាប់បែក​នោះ បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាជន​ក្នុងភូមិ​របស់ខ្ញុំ​អស់​ចំនួន​២​ខ្នង ប៉ុន្តែ​មិនមាន​ប្រជាជន​ណា​ត្រូវរបួស ឬ​ស្លាប់​ឡើយ​។ នៅ​អំឡុងពេល​មាន​សង្គ្រាម កងទ័ព​វៀត​កុង​ក៏បាន​ចូលមកក្នុង​ភូមិ​របស់​ខ្ញុំ​ដើម្បី​យក​អង្រឹង​មក​ដូរ​ជាមួយ​អង្ករ ឬ​សត្វ​ឆ្កែ​ទៅ​ហូប ព្រោះ​កងទ័ព​វៀត​កុង​ហូប​សាច់​ឆ្កែ​។ ម្យ៉ាងទៀត​កងទ័ព​វៀត​កុង​មិន​ចង់​ឲ្យ​មាន​ឆ្កែ​ព្រុស​ពេល​ចូលក្នុង​ភូមិ បើ​មាន​ឆ្កែ​ព្រុស​កងទ័ព​វៀត​កុង​ខ្លាច​ឮ​ដល់​ទាហាន​អាមេរិក ហើយ​ទាហាន​អាមេរិក​អាច​ចូលមក​ក្នុងភូមិ ឬក៏​បញ្ជា​ឲ្យ​យន្តហោះ​មក​ទម្លាក់​គ្រាប់បែក​។ ដោយសារ​មានការ​ទម្លាក់​គ្រាប់​ច្រើនលើកច្រើនសារ ខ្ញុំ​និង​ក្រុមគ្រួសារ រួមជាមួយ​អ្នកភូមិ​ដ៏ទៃទៀត​បាន​ចាក​ចេញពី​ភូមិ​ទ​ន្លូ​ង​មក​រស់នៅ​ក្នុងភូមិ​ជាំ​ផ្តិ​ន ឃុំ​ជាំ​តា​ម៉ៅ​វិញ​។​បន្ទាប់មក​ខ្ញុំ និង​ក្រុមគ្រួសារ​ត្រូវបានចាត់តាំង​ឲ្យ​ចូលធ្វើ​ការងារ​ស្រែចម្ការ​ក្នុង​ក្រុម​ប្រវាស់ដៃ​ដោយ​ឪពុក​របស់ខ្ញុំ​ធ្វើជា​ប្រធានភូមិ​ជាំ​ផ្តិ​ន​។ នៅក្រោយពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ប្រជាជន​នៅ​ភូមិ​ជាំ​ផ្តិ​ន​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​រួម និង​ហូបបាយ​រួម​តាម​រោង​បាយ​សហករណ៍​។ នៅ​ឆ្នាំ​១៩៧៦ ក្រុមគ្រួសារ​របស់ខ្ញុំ និង​អ្នកភូមិ​ជាំ​ផ្តិ​ន​មួយចំនួន​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​មក​រស់នៅ​ភូមិ​អង្កាំ ក្នុង​ឃុំ​ជាំ​ក្រវៀន​វិញ​។ ដោយ សារ​ខ្ញុំ​មានកូន​នៅ​តូចៗ ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​មើល​កូន​នៅ​កន្លែង​កងកុមារ​តូចៗ​។ ចំណែក​ប្តី​របស់ខ្ញុំ​ត្រូវ​ចាត់តាំង​ឲ្យ​លើក​ប្រព័ន្ធ​ភ្លឺស្រែ និង​សង់​អាងទឹក​នៅ​បឹង​ក្រចាប់​នៅ​ជិត​ស្ពាន​មាត់​ខ្មួ​ង ក្នុងស្រុក​ត្បូងឃ្មុំ​។ នៅពេលនោះ​ខ្មែរក្រហម​ក៏បាន​ជម្លៀស​ប្រជាជន​១៧ មេសា ពី​កន្លែង​ផ្សេងៗ​ឲ្យ​មក​រស់នៅ​ក្នុងភូមិ​អង្កាំ​ដែរ​។ ប្រជាជន​១៧ មេសា ភាគច្រើន​គឺជា​កូនចៅ​ចិន​មាន​ស្បែ​កសៗ និង​ភ្នែក​តូចៗ​។ ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ប្រជាជន​១៧ មេសា ធ្វើស្រែ​ចម្ការ​ដូច​ប្រជាជន​មូលដ្ឋាន​ដែរ ប៉ុន្តែ​ប្រជាជន ១៧ មេសា ភាគច្រើន​បាន​ស្លាប់​ដោយសារ​គ្រុនចាញ់ (​ចាញ់ទឹកចាញ់ដី​) និង​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។ គ្រួសារ​ប្រជាជន ១៧ មេសា​ខ្លះ បាន​ស្លាប់​ទាំង​គ្រួសារ​តែម្តង​។ មេភូមិ​នៅ​ភូមិ​អង្កាំ​មានឈ្មោះ ជា បាន​ស្លាប់​ដោយសារ​អត់បាយ ពេលដែល​ខ្មែរក្រហម​ជម្លៀស​ទៅ​ខេត្តក្រចេះ​។ គណៈ​ឃុំ​ជាំ​ក្រវៀន​មានឈ្មោះ តា​ផូ​។

​នៅ​ឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ភូមិ​អង្កាំ​ឲ្យ​ទៅ​តំបន់​ក្រចេះ​។ ខ្មែរក្រហម​បាន​ឃោសនា​ថា ខ្លាច​វៀតណាម​ចាប់​ប្រជាជន​វះ​ពោះ​ច្រក​ស្មៅ​។ ប្រជាជនមាន​ការភ័យខ្លាច​ក៏​ធ្វើដំណើរ​ទៅតាម​ខ្មែរក្រហម​។ ពេលទៅដល់​ខេត្តក្រចេះ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅ​នៅក្នុង​កងចល័ត ធ្វើ​ការងារ​លើកភ្លឺស្រែ និង​ជួយ​ស្ទូង​។ ចំពោះ​ការហូបចុក ខ្ញុំ​មានការ​ខ្វះខាត​យ៉ាងខ្លាំង​។ ប្រជាជន​ខ្លះ​បាន​ដួល​ស្លាប់​នៅ​ខណៈពេល​កំពុងធ្វើការ​ងា​រ​។ ប្អូន​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​នៅ​ខេត្តក្រចេះ ដោយសារ​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើ​យោធា​។ ក្នុង​រយៈពេល​មួយខែ​ដែល​ខ្ញុំ និង​ក្រុមគ្រួសារ​រស់នៅ​ខេត្តក្រចេះ គឺមាន​ប្រជាជន​ជាច្រើន​បាន​ស្លាប់​រួមទាំង​សាច់ញាតិ និង​ក្មួយៗ​ខ្ញុំ​ជាច្រើន​នាក់​ទៀត​។

បន្ទាប់មក ខ្ញុំ​និង​ក្រុមគ្រួសារ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​បន្តទៅ​នៅ​ស្រុក​ចំការលើ ក្នុង​ភូមិភាគ​កណ្តាល ដោយ​ជិះ​កាណូត​ឆ្លង​មក​ស្រុក​ស្ទឹងត្រង់​។ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ស្នាក់នៅ​ក្នុងស្រុក​ចំការលើ​បាន​មួយរយៈ ទើប​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចូលមក​ដល់ ហើយ​ខ្មែរក្រហម​ក៏​រត់គេចខ្លួន​អស់​។ ខ្ញុំ និង​ក្រុមគ្រួសារ រួមជាមួយ​ប្រជាជន​ផ្សេងៗ​ទៀត​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ ដោយ​ជិះ​រថយន្ត​របស់​កងទ័ព​វៀតណាម បន្ទាប់មក​បានធ្វើ​ដំណើ​រ​ដោយ​ថ្មើរជើង​។ ពេលមកដល់​ស្រុក ខ្ញុំ និង​ក្រុមគ្រួសារ​មិនបាន​រស់នៅក្នុង​ភូមិ​ជាំ​ផ្ដិ​ន​ទេ ដោយសារ​មិនមាន​ដីស្រែ​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​។ គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​ផ្សេងទៀត​បាន​ផ្លាស់​មក​រស់នៅ​ភូមិ​ស្រែ​តា​ពិ​ជ​វិញ ព្រោះ​មាន​ដីស្រែ​ធំ​ទូលាយ​។ ខ្ញុំ​និង​គ្រួសារ​បានរស់នៅ​ភូមិ​ស្រែ​ពិ​ជ​រហូតមកដល់​សព្វថ្ងៃ ដោយ​ប្រកប​របប​ស្រែចម្ការ និង​មាន​ជីវភាព​ល្អប្រសើរ​ជាង​កាលពី​របប​ខ្មែរក្រហម​៕សរន
​ឡុង យំ អាយុ​៧២​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅក្នុង​ភូមិ​ស្រែ​តា​ពិ​ជ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
(​គាត ស្រី​ឡែ​ន​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular