ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ដែលរស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី យប់ ។

នៅថ្ងៃទី៣០ ខែមីនា ស្ត្រីខាងលើត្រូវបានយកសំណាកនៅមន្ទីរពេទ្យ ខេមាអន្តរជាតិ បឹងកេងកង១ និងទទួលបានលទ្ធផលថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយស្ត្រីខាងលើត្រូវបានបញ្ជូនមក ព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣១ ខែមីនាវេលា ម៉ោង ០៩:១០ព្រឹក។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាម បច្ចេកទេស ដោយអ្នកជំងឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយ សង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសាវេលាម៉ោង ២២:៣០នាទី យប់។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ -១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី
បំផុតជាមួយក្រុមគ្រួសារសព៕