ដោយៈតារារិទ្ធ/ភ្នំពេញ៖អស់រយៈពេលជាង១ខែមកហើយដែលកម្ពុជាត្រូវប្រយុទ្ធជាមួយនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ក្នុងសហ គមន៍ជាលើកទី៣ និងជាព្រឹត្តិការណ៍ដែលមានលក្ខណៈធ្ងន់ ធ្ងរជាងពេលមុនៗ។គិតរហូតមកទល់ពេលនេះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់ថមថយនៅឡើយ ទេមិនត្រឹមតែមិនថមថយប៉ុណ្ណោះទេវានៅបានវាយលុកពីរាជធានីភ្នំពេញរីករាលដាលទៅដល់បណ្ដាខេត្តផ្សេងទៀតផងដែរ ។ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យរីករាលដាលកាន់ តែខ្លាំងថែមទៀតរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់បំរាមគោចរក្នុងរាជធានីភ្នំពេញពីម៉ោង ២០ យប់ដល់ ម៉ោង ៥ ភ្លឺ ។ តើការដាក់បំរាមគោចរណ៍នេះវាជាការចាំបាច់ឬនៅសម្រាប់រាជធានីភ្នំពេញ?
មិនដូចព្រឹត្តិការណ៍សហគមន៍មុនៗទេ ព្រឹត្តិការណ៍សហគមន៍លើកនេះមានលក្ខណៈធំធេងនិងអូសបន្លាយយូរ។រហូតមកទល់ពេលនេះចំនួនឆ្លងក្នុងព្រឹត្តិការណ៍សហគម ន៍២០កុម្ភៈនៅតែមានចំនួនច្រើននិងឆ្លងរាលដាលពីខេត្តមួយទៅខេត្តមួយយ៉ាងលឿនរហ័ស ។គិតត្រឹមថ្ងៃទី ២ ខែ មេសា នេះកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួនសរុប ២,៥៤៦នាក់(ស្ត្រី ១,១៨៩នាក់)ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន២,០១៧នាក់(ស្ត្រី ១,០០០នាក់), អ្នកព្យាបាលជាមានចំនួន ១,២៥៦នាក់ (ស្ត្រី ៥២៨នាក់)។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់ (ស្ត្រី ៦៥១)។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះនៅថ្ងៃទី២ មេសានេះ នៅក្នុងរាជធានីភ្នំពេញ ២៣នាក់, កណ្តាល ១៣នាក់, ព្រះសីហនុ ៤នាក់ និងស្វាយរៀង ២៨នាក់ ។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះក៏បានបង្កឲ្យមានអ្នកស្លាប់កើន ឡើងដល់ ១៦ នាក់ផងដែរ ។
នៅចំពោះមុខការឆ្លងរីករាលដាលគួរឲ្យបារម្ភនេះតើវិធានដាក់បំរាមគោចរពីម៉ោង ២០ យប់ដល់ម៉ោង៥ព្រឹករបស់រដ្ឋបាលរាជធានីភ្នំពេញវាជាការចំាបាច់ឬទេ?វាអាចជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានឬទេ ? ។
យើងគួរពិនិត្យមើលអំពីស្ថានភាពជាក់ស្តែងទូទៅរបស់រាជធានីភ្នំពេញបន្ទាប់ពីមានផ្ទុះព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈបន្តិច ។ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈរហូតមកទល់ពេលនេះក្រៅតែពីមានរកឃើញករណីឆ្លងកូវីដ១៩រាប់សិបករណីក្នុងមួយថ្ងៃ ៗ អាជ្ញាធររាជធានីបានដាក់ចេញនូវចំណាត់ការជាច្រើនដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ ចំណាត់ការទាំងនោះរួមមានការស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលនឹងអ្នកជំងឺកូវីដ១៩ យកទៅព្យាបាល និង ធ្វើចត្តាឡីស័ក ពង្រឹងសន្តិសុខនៅតំបន់ធ្វើចត្តាឡីស័ក បិទខ្ទប់តំបន់ដែលមានការឆ្លង ដើម្បីកាត់ផ្ដាច់បណ្ដាញឆ្លងនៃជំងឺកូវីដ១៩ ។ សាលារៀន ក្លឹបហាត់ប្រាណ រោងកុន រោងល្ខាន សារមន្ទីរ ក្លឹបរាត្រី ខារ៉ាអូខេ ការរៀបអាពាហ៍ពិពាហ៍ ការជួបជុំនានាត្រូវបានបញ្ជាឲ្យបិទ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានបង្កើតច្បាប់ព្រមទាំងអនុក្រឹត្យបន្ទាន់ និង ចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង ជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ច្បាប់និងអនុក្រឹត្យដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្ទាន់នេះបានកំណត់ពិន័យអ្នកបំពានវិធានការការពារជំងឺកូវីដ១៩ ជាទឹកប្រាក់ចន្លោះពី១លានដល់២០លាន រៀលនិងអាចត្រូវជាប់ពន្ធនាគារពី៦ខែរហូតដល់២០ឆ្នាំ ។
ទោះបីជារាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនហើយក៏ដោយតែគេសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញពិសេសក្រុមយុវជនហាក់ដូចជានៅតែមើលស្រាលចំពោះជំងឺកូវីដ១៩ការជួបជុំគ្នានៅតាមហាងផឹកស៊ីនៅតែមានហើយថែទាំងបំពាន ទៅលើវិធានសុខាភិបាលទៀតផង ។ អ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះតែងលួចចេញមកក្រៅដើម្បីដើរលេង ឬហូបចុកនៅតាមហាងបង្កឲ្យមានការឆ្លងរាលដាលស្ទើរគ្រប់ទីកន្លែងបង្កបញ្ហាដល់អាជ្ញាធរក្នុងការស្វែងរកប្រភ ពនៃការឆ្លងចម្លង។ «ឆាប់ភ័យ ឆាប់បាត់» នេះគឺជាចរិតលក្ខណៈរបស់ពលរដ្ឋខ្មែរួយចំនួនដែលគេសង្កេតឃើញមានជាយូរមកហើយ ។ កាលពីខែមីនា២០២០ពេលដែលកូវីដ១៩កំពុងផ្ទុះឡើងដំបូងៗពលរដ្ឋខ្មែរនាំគ្នាភ័យស្លន់ស្លោ នាំគ្នាដណ្ដើមទិញម៉ាសនិងអាល់កុលលាងដៃរហូតទាល់តែអស់ពីស្តុក ការជួបជុំផ្សេងៗត្រូវគេកាត់បន្ថយ ចំ ណែកការដើរហើរជាទូទៅក៏មិនសូវអ៊ូអរ ។ ក៏ប៉ុន្តែបន្ទាប់មកពេលដែលអ្នកឆ្លងកូវីដ១៩ ថយចុះបន្តិចភាពសប្បា យភ្លេចខ្លួនបាន វិលត្រឡប់មកវិញ ដោយគិតថាកូវីដគ្រាន់តែជាជំងឺផ្តាស់សាយវាមិនងាប់នោះទេ។មកដល់ខែវិច្ឆិកា២០២០ កម្ពុជាស្រាប់តែរកឃើញករណីវិជ្ជមានកូវីដ១៩នៅក្នុងប្រទេស តាមរយៈការប្រាស្រ័យទាក់ទងជាមួយជាមួយរដ្ឋមន្ដ្រីការបរទេសនិងពាណិ្ជកម្មរបស់ហុងគ្រីដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានោះគឺជាការឆ្លងសហ គមន៍លើកទី ១ ដែលបានដាក់ឈ្មោះថាព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកាមនុស្សរាប់រយនាក់ត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ក្រោយមកទៀតព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលជាការឆ្លង សហគមន៍លើកទី២ និង ឈានចូលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលព្រឹត្តិការណ៍នេះមានមនុស្សស្លាប់ទៀត ផង ។ បើទោះបីអ៊ីចឹងក៏ដោយគេសង្កេតឃើញថាពលរដ្ឋទូទៅពិសេសយុវជនហាក់ដូចជាពុំបានចាប់អារម្មណ៍ឬភ័យខ្លាចទាល់តែសោះចំពោះជំងឺកូវីដ ១៩ អ្នកខ្លះគិតថាចារឿងនយោ បាយ អ្នកខ្លះថាជាការសំដែងទៅវិញ ។
យើងពិតជាទទួលស្គាល់ថាជីវិតអ្នករស់នៅក្នុងទីក្រុង ពេលថ្ងៃមានការមមាញឹកណាស់នៅពេលថ្ងៃ ព្រោះម្នាក់ៗត្រូវប្រកបការងាររកទទួលទានដើម្បីចិញ្ចឹមក្រពះ អ្នកខ្លះ ត្រូវរៀនសូត្រដូចនេះពេលទំនេររបស់ពួកគេគឺមានតែពេល យប់ប៉ុណ្ណោះ ។ អ្នកមានក្រុមគ្រួសារអាចនៅផ្ទះហូបបាយជុំគ្នា ។ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលជាចំណាក ស្រុក មករស់នៅភ្នំពេញជួលផ្ទះគេស្នាក់នៅ រៀនសូត្រនិង ប្រកបការងារ ពួកគេតែងជួបជុំគ្នានៅតាមហាង ហូបអាហារ ផឹកស្រានិង ច្រៀងរាំសប្បាយ ដើម្បីបំបាត់ការហត់ នឿយពីការងារដើម្បីកាត់ស្ត្រេស ។ ជាមួយគ្នានេះសកម្មភាពសេដ្ឋកិច្ចក៏មានភាពរស់រវើកផងដែរអ្នកប្រកបរបរលក់អាហារនៅតាមហាងនៅតាមសួនច្បារនៅតាមចញ្ចើម ផ្លូវ ក៏មានភាពមមាញឹកផងដែរ។ដូចនេះការដាក់បំរាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញវាមិនអាចចៀសផុតពីការ ប៉ះពាល់ទៅលើជីវភាពរបស់អ្នកលក់ដូរទាំងនោះទេ ។ បញ្ហានេះវាបានបង្កឲ្យមានភាពតានតឹង និង ការមិនពេញចិត្តពីពលរដ្ឋដោយសារតែហេតុផលសេដ្ឋកិច្ចព្រោះថាជីវិតរស់នៅទីក្រុងបើគ្មានប្រាក់ចំណូល គ្មានការងារធ្វើហើយពួកគេច្បាប់ជាត្រូវជួបការលំបាកច្រើនព្រោះត្រូវការហូបចុកផង ត្រូវការបង់ថ្លៃផ្ទះជួលបង់ថ្លៃទឹកភ្លើងនិងតម្រូវ ការការរស់នៅប្រចាំថ្ងៃទៀត ។ក៏ប៉ុន្តែការលក់ដូររបស់ បងប្អូនក៏មានហានិភ័យផងដែរ ព្រោះយើងមិនអាចដឹងថាមនុស្សមួយណាមានកើតជំងឺកូវីដ១៩នោះទេ វាអាចធ្វើឲ្យយើងឆ្លងជំងឺកូវីដ១៩ នេះបានដោយមិនខ្លួនផងដែរ ។
ក្នុងកាលៈទេសៈនេះប្រជាពលរដ្ឋត្រូវស៊ូទ្រាំមួយរយៈពេលខ្លីដើម្បីយើងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឲ្យបានឆាប់ ។ យើងសុខចិត្តលំបាកក្នុងរយៈ ពេលខ្លីដើម្បីរក្សានូវប្រក្រតីភាពសម្រាប់រយៈពេលវែង ។នៅក្នុងបរិបទភ្នំពេញសព្វថ្ងៃពលរដ្ឋគួរតែត្រឡប់ទៅបារម្ភនិងការពារខ្លួនដូចកាលពីខែមីនាឆ្នាំ២០២០ ឡើងវិញព្រោះសូម កុំភ្លេចថាជំងឺកូវីដ១៩នេះឆ្លងដោយពុំរើសមុខទេ ហើយឆ្លងរហ័សទៀតផង ។ ពលរដ្ឋត្រូវយល់ថាការដាក់បំរាមគោ ចរណ៍ពីម៉ោង ២០ យប់ដល់ម៉ោង៥ភ្លឺនាពេលនេះគឺជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលចំពោះអាយុជីវិតរបស់ប្រជា ពលរដ្ឋ វាពុំមានអ្វីខុសប្រក្រតីទេប៉ុន្តែជារឿងត្រឹមត្រូវទៅវិញដើម្បីកុំឲ្យការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះរាតត្បាតចូលទៅក្នុងសហគមន៍កាន់តែធំនិងកាន់តែធ្ងន់ធ្ងរដែលនាំទៅដល់មានអ្នកឆ្លងកាន់តែច្រើននិងស្លាប់កាន់តែច្រើនឡើង ។ ដូចនេះការដាក់បំរាមគោចរពីម៉ោង២០យប់ដល់ម៉ោង៥ ភ្លឺគឺជារឿងត្រឹមត្រូវវាអាចកាត់បន្ថយបានការជួបជុំ ប្រមូលផ្តុំផឹកស៊ីសប្បាយភ្លេចខ្លួនដែលឈានទៅបំពានលើវិធានរបស់ក្រសួងសុខាភិ បាល ។ ការដាក់បំរាមនេះបង្ហាញពីប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ។ ទោះបីជាវាមានការប់ះពាល់ទៅលើការប្រកបរបរទទួល ទានរបស់ប្រជាពលរដ្ឋក៏ដោយតែវាមិនបង្កឲ្យពលរដ្ឋដាច់ពោះស្លាប់នោះទេ អាជ្ញាធរនិងជួយឧបត្ថម្ភដល់បងប្អូន តែការរីករាលដាលនៃមេរោគកូវីដ១៩ទេដែលសម្លាប់ជីវិត ប្រជាពលរដ្ឋ ។
យើងត្រូវចងចាំថាបញ្ហាចំពោះមុខនាពេលនេះគឺការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលការ ងារនេះតម្រូវឲ្យពលរដ្ឋទូទៅចូលរួមជាមួយរាជរដ្ឋាភិបាល។ការចូលរួមសំខាន់បំផុតគឺនាំគ្នារក្សាគម្លាតសង្គមចៀស វាងការប្រមូលផ្ដុំ ប្រយ័ត្នប្រយែង និង ថែទាំអនាម័យព្រមទាំងសុខភាពខ្លួនឯងអនុវត្តឲ្យបានបីការពារនិងបីកុំ។ ការងារនេះសំខាន់ខ្លាំងណាស់ដើម្បីធានាថាយើងម្នាក់ៗមិនធ្លាក់ខ្លួនជាជនរងគ្រោះនៃជំងឺកូវីដ១៩និងមិនក្លាយជាភ្នាក់ងារចម្លងជំងឺនេះទៅកាន់អ្នកដទៃជាពិសេសមនុស្សចាស់និងអ្នកដែលមានសុខភាពទន់ខ្សោយ ។ នេះគឺការរួមចំណែកដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ពលរដ្ឋម្នាក់ៗដើម្បីកាត់បន្ថយនិងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩នៅកម្ពុជា៕