ដោយ: ដេប៉ូ / ភ្នំពេញ: លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែកែលម្អឧត្តមសិក្សា ក្នុងការប្រែក្លាយព្រឹត្តការណ៍នៃការផ្ទុះឡើងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យទៅជាកាលានុវត្តភាព ដែលសាកលវិទ្យាល័យទាំង៥ត្រូវប្រែក្លាយខ្លួនជា “គ្រឹះស្ថានឧត្ដមសិក្សាគំរូ” តាមបទដ្ឋានទាំង៩នៃគណៈកម្មាធិការវាយតម្លៃគុណភាពសិក្សា (ACC)។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងអប់រំបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីបូកសរុប និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង។
លើសពីនេះលោករដ្ឋមន្ត្រីបានណែនាំឱ្យ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវពង្រឹងនិងកែលម្អកម្មវិធីសិក្សា បង្កើនបរិមាណនិងគុណភាពសៀវភៅសិក្សាតាមមុខវិជ្ជា និងការបង្កើតយន្តការពង្រឹងគុណភាពអប់រំ។
ជាមួយគ្នាលោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការបង្កើតសាកលវិទ្យាល័យនិម្មិត (Cyber University) ដើម្បីចែករំលែកធនធានមនុស្ស ធនធានសិក្សា សៀវភៅសិក្សា សម្រាប់ការអប់រំកម្រិតឧត្តមសិក្សា និងការផ្សារភ្ជាប់ទៅកាន់គ្រឹះស្ថានឧត្តមសិក្សា១៧ទៀត ដែលចូលរួមទទួលផលពីគម្រោង។
លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ផងថា គម្រោង ត្រូវរៀបចំជារបបប្រជុំពិនិត្យតាមដានវឌ្ឍនភាពប្រចាំខែ និងប្រចាំឆមាស ដែលនឹងត្រូវដឹកនាំផ្ទាល់ដោយរូបលោកតែម្តង។ បុគ្គលិកអប់រំ និងអ្នកស្រាវជ្រាវ អាចទាញយកឱកាសពីការអនុវត្តគម្រោងនេះ ដើម្បីលើកកម្ពស់សមត្ថភាព ចូលរួមការស្រាវជ្រាវវិទ្យាសាស្ត្រ និងសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវ ដែលជាគុណវុឌ្ឍិសម្រាប់ការស្នើសុំឋានៈសាស្ត្រាចារ្យជំនួយ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គម្រោងកែលម្អឧត្តមសិក្សា ជាកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរៀន ការបង្រៀន ការស្រាវជ្រាវដើម្បីអភិវឌ្ឍ និងការលើកកម្ពស់គុណភាពអប់រំសម្រាប់វិស័យឧត្តមសិក្សា ជាពិសេសសម្រាប់សាកលវិទ្យាល័យចំនួន៥រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង៕