ភ្នំពែញ: អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សំគាល់ជាមួយនឹងការព្រួយបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី២ ខែមេសានេះបានឲ្យដឹងថា ដោយគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្តប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគីនិងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត។

របាយការណ៍ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ដូចខាងក្រោម៖

− ទីមួយ ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់ព្រះរាជាណាចក្រនិងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។

− ទីពីរ សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស ដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេ ដោយផ្តើមចេញពីខ្លួនឯង។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ខ្លួនឯងផ្ទាល់។

− ទីបី       របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដ៏ទៃ ព្រមទាំងបដិសេធ លក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៏ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស។
− ចុងក្រោយ ខ្លឹមសារនិងពាក្យពេជន៍នៃរបាយការណ៍ប្រចាំឆ្នាំនេះ មានការផ្លាស់ប្តូរខុសប្លែកពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធឬលក្ខណៈយុទ្ធសាស្ត្របែបណាដែលប្រទេសនិមួយៗមានជាមួយអាមេរិក ។ ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយដែលចាំបាច់ត្រូវតែបង្ការកុំឱ្យកើតមាន និងកាត់បន្ថយ ប្រសិនបើពិតជាមានចេតនាចង់ជំរុញនិងការពារសិទ្ធិមនុស្ស ដើម្បីជាផលប្រយោជន៍ សាធារណៈសកល។ ដូចដែល ឯកឧត្តម អានតូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើង «សិទ្ធិមនុស្ស ដាច់ខាត់មិនមែនជាយានសំរាប់ស្តង់ដារទ្វេ ឬមធ្យោបាយ ដើម្បីអនុវត្ត របៀបវារៈលាក់កំបាំងនោះទេ»។

៤ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការគោរពសេរីភាពជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕