ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ចុងសប្តាហ៍នេះមានការប្រកួតបាល់ទាត់ជាច្រើនគូនៅតំបន់អឺរ៉ុប មានចាប់ពីលីកកំពូលរបស់អង់គ្លេសរហូតដល់បារាំង។ថ្ងៃនេះយើងសូមលើកយក៣គូធំៗនៅក្របខ័ណ្ឌ EPL មកវិភាគជូនដូចខាងក្រោម៖
Chelsea vs West Brom
តោខៀវ Chelsea បានក្លាយជាក្រុមល្អដាច់គេមួយនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល២ខែមកនេះ ហើយពួកគេនឹងមានភាគរយខ្ពស់ក្នុងការឈ្នះការប្រកួតមួយនេះ។
ក្រុមទាំងពីរមានគោលដៅខុសគ្នា។ សម្រាប់ Chelsea ពួកគេត្រូវចប់នៅទីកំពូលទាំង៤ រីឯក្រុមចាបព្រៃ West Brom ត្រូវប្រឹងដើម្បីរស់នៅក្នុងលីកកំពូល ខណៈពួកគេកំពុងឈរនៅលេខ១៩និងដាច់ឆ្ងាយពីតំបន់សុវត្ថិភាព ៨ ពិន្ទុ។
ចាបព្រៃទំនងចៀសមិនផុតពីការធ្លាក់ទៅក្របខ័ណ្ឌទីពីរនោះទេ ដរាបណាពួកគេអាចឈ្នះ ៧ ប្រកួតក្នុងចំណោម ៩ ប្រកួតចុងក្រោយ ហើយដោយហេតុថាពួកគេទើបឈ្នះបាន ៣ ដងតាំងពីខែតុលា ដូច្នេះមើលទៅក្រុមរបស់លោកសាម អាឡាដាយ នឹងត្រូវកាត់ទៅក្របខ័ណ្ឌ Championship ចៀសមិនរួចឡើយ។
ទម្រង់លេងបច្ចុប្បន្នរបស់ West Brom មិនល្អនោះទេ ដោយឈ្នះតែម្តងគត់ក្នុង ៥ ប្រកួតចុងក្រោយ ហើយនៅក្រៅទឹកដី ពួកគេឈ្នះម្តងគត់ពីការប្រកួត ១៤ លើក ហើយឥឡូវរកបានតែ ៧ ពិន្ទុពីលទ្ធភាព ៤២ ពិន្ទុ។
Chelsea ឥឡូវមើលទៅលេងស៊ីចង្វាក់គ្នាល្អនិងលេងអស្ចារ្យសម្បើមណាស់ ហើយមិនទាន់ចាញ់នៅឡើយទេនៅក្រោមការដឹកនាំរបស់លោកថូម៉ាស ធូខល់។ Chelsea ឈ្នះ ៣ លើកពី ៤ ប្រកួតចុងក្រោយក្នុងទឹកដី និង រកបាន ២២ ពិន្ទុពីលទ្ធភាព ៣០ ពិន្ទុ ហើយនឹងត្រូវឈរលេខ ២ បើគិតត្រឹម ១០ ប្រកួតចុងក្រោយ។
ជួបគ្នា ៦ ឆ្នាំចុងក្រោយ West Brom ឈ្នះ Chelsea ម្តងគត់ ហើយតោខៀវស្វាគមន៍ចាបព្រៃចុងក្រោយក្នុងទឹកដី គឺឈ្នះ ៣-០។ ថ្ងៃនេះយើងរំពឹង Chelsea ឈ្នះយ៉ាងតិច ២ គ្រាប់។
Leicester vs Man City
នេះជាការប្រកួតធំសម្រាប់កញ្ជ្រោងខៀវ Leicester ដែលកំពុងស្ថិតនៅទីតាំងល្អបំផុតប៉ុន្តែត្រូវបន្តឈ្នះទៀត ប្រសិនបើពួកគេចង់ជាប់នៅលំដាប់កំពូលទាំង ៤ ។ ដូចគ្នានេះដែរ មេខឃៀវ Man City នឹងសម្លឹងរក្សាជ័យជម្នះគ្រប់ការប្រកួតនៅសល់ដើម្បីប្រញាប់លើកពាន EPL ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
Leicester ឈរនៅលេខ ៣ មាន ៥៦ ពិន្ទុ ហើយនឹងឡើងទៅលេខ២ យ៉ាងហោច ២៤ ម៉ោង ប្រសិនបើឈ្នះថ្ងៃសៅរ៍នេះ។ កញ្ជ្រោងខៀវមាន ៧ ពិន្ទុសុវត្ថិភាពពីលេខ ៥ West Ham ប៉ុន្តែគម្លាតនេះអាចនឹងត្រូវកាត់បន្ថយយ៉ាងរហ័ស ហើយ Tottenham និង Liverpool អាចនឹងក្លាយជាការគំរាមកំហែងធំចំពោះពួកគេ។
កូនក្រុមរបស់លោកប្រេនដាន់ រ៉ូជើ ឆ្លងកាត់៣ប្រកួតចុងក្រោយមិនដែលចាញ់ និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ផងដែរ។ ប្រកួតចុងក្រោយរបស់ពួកគេគឺបំបាក់ Sheffield United ៥-០។
មេឃខៀវ Man City ច្បាស់ណាស់នឹងឈ្នះពាន EPL ព្រោះពួកគេនាំមុខលេខ ២ Man Utd រហូតដល់ទៅ ១៤ ពិន្ទុ ទោះបីបិសាចក្រហមមាន១ប្រកួតក្នុងដៃក៏ដោយ។ មេឃខៀវឈ្នះ២ប្រកួតចុងក្រោយជាប់ៗគ្នា និង ចុងបញ្ចប់គឺឈ្នះ Fulham ៣-០។
មេឃខៀវមានកំណត់ត្រាក្រៅទឹកដីល្អដាច់គេលំដាប់ទី២នៅក្នុងលីក ប៉ុន្តែនឹងមានកំណត់ត្រាលេខ១ ប្រសិនបើឈ្នះនៅទឹកដីរបស់កញ្ជ្រោងខៀវថ្ងៃនេះ។ City ចាញ់ម្តងគត់នៅក្រៅទឹកដីនៅរដូវកាលនេះ។
City ជួប Leicester ៨ លើកចុងក្រោយគឺឈ្នះ ៦ ដង ប៉ុន្តែកាលពីដើមរដូវ ចាញ់កញ្ជ្រោងខៀវទក់សាច់ ៥-២។ ថ្ងៃនេះយើងរំពឹងមេឃខៀវសងសឹកបានសម្រេច គឺ សងគ្រប់ដើមគ្រប់ចុង ៣-០។
Arsenal vs Liverpool
នេះជាការប្រកួតធំប្រចាំ EPL ចុងសប្តាហ៍នេះ ប៉ុន្តែការប្រកួតជាក់ស្តែងហាក់មិនមានអារម្មណ៍ធំស្អីនោះទេ ដោយផ្អែកលើស្ថានភាពយ៉ាប់យ៉ឺនរបស់ក្រុមទាំងពីរ។
សម្រាប់កាំភ្លើងធំ Arsenal ចូលមកប្រកួតនេះគឺឈរនៅលេខ ៩ ហើយពួកគេសង្ឃឹមឈរនៅចំណាត់ថ្នាក់ល្អជាងនេះនៅចុងរដូវកាល ប៉ុន្តែធាតុពិត លទ្ធភាពបច្ចុប្បន្នរបស់ពួកគេអាចឈរអស់ត្រឹមលេខ ៧ ។ គោលបំណងធំរបស់ពួកគេគឺយកកៅអី Europa League ឱ្យបាន។
ទោះយ៉ាងណា កាំភ្លើងធំមានលទ្ធផលល្អគួរសមនៅខែមីនា និងចូលមកប្រកួតនេះដោយមិនដែលចាញ់សោះក្នុង ៤ ប្រកួតចុងក្រោយ។ ការប្រកួតចុងក្រោយរបស់ Arsenal គឺពិតជាល្អមើលមែនទែន ដោយពួកគេតាមពីក្រោយ West Ham ៣-០ មកស្មើ ៣-៣។
ហង្សក្រហម Liverpool ចាញ់ ៣ ដងក្នុងចំណោម ៥ ប្រកួតចុងក្រោយ ហើយហាក់វង្វេងទិសដៅមិនដឹងថាត្រូវទៅទិសតំបន់ណា ក្រោយចាញ់ញឹកញាប់ពេក។ ទោះយ៉ាងណា ពួកគេពិតជាបានឈ្នះនៅប្រកួតចុងក្រោយ មុនការឈប់សម្រាកអន្តរជាតិ ខណៈពួកគេឈ្នះ Wolves ១-០ ក្នុងទឹកដីខ្លួនឯង ។
Liverpool មាន ៥ ពិន្ទុតាមពីក្រោយលេខ ៤ ហើយពួកគេពិតជាត្រូវការចំណាត់ថ្នាក់កំពូលទាំង ៤ ខ្លាំងណាស់ ដូច្នេះនេះជាការប្រកួតត្រូវតែឈ្នះដាច់ខាតសម្រាប់ពួកគេជាជាងសម្រាប់កាំភ្លើងធំ។ ដំណឹងល្អសម្រាប់ហង្សក្រហមគឺថា ពួកគេឈ្នះ ៤ ដងក្នុងចំណោម ៥ ប្រកួតចុងក្រោយនៅក្រៅទឹកដី។
កាលពីដើមរដូវកាល Liverpool ឈ្នះ ៣-១ តែកាំភ្លើងធំទទួលហង្សក្រហមចុងក្រោយបំផុតគឺឈ្នះ ២-១ ។ ដោយសារក្រុមទាំងពីរត្រូវការពិន្ទុដូចគ្នា យើងរំពឹងលទ្ធផលចប់ទៅស្មើគ្នាយ៉ាងហោច ២-២៕
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍ ៖