ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ បុរសម្នាក់ ស៊ីឈ្នួលភ្ជួរដីចម្ការដំឡូង ឲ្យអ្នកស្រុក ប៉ះគ្រាប់មីនតោន សល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះ របួសធ្ងន់ ១នាក់ កណ្តាលចម្ការ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុច ចម្ការដំឡូង ភ្នំស្ពង់ នៅក្នុងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យបុរស កម្មករម្នាក់ បានរងរបួសធ្ងន់ និងប៉ះពាល់ខូចខាត ត្រាក់ទ័រ ប្រមាណជា ៥០%។
ជនរងគ្រោះ មានឈ្មោះ ប៊ន សាមិត្ត ហៅ ខ្លឹម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ស៊ីឈ្នួលភ្ជួរឲ្យអ្នកស្រុក រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរងរបួស បែកគ្រាប់ភ្នែកខាងឆ្វេង ដងខ្លួន និងរបួសលើផ្ទៃមុខ។
លោក កែវ ពៅ ប្រធានអប់រំ និងសម្របសម្រួល ផ្នែកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ខេត្តប៉ៃលិន បានបញ្ជាក់ថាៈ គ្រាប់មីនតោន ដែលនាំដល់ការគ្រោះថ្នាក់ ខាងលើ ជាប្រភេទគ្រាប់មីន ដែលនៅសេសសល់ ពីសម័យសង្គ្រាម។ ភូមិសាស្ត្រដែលបង្ក ការផ្ទុះនេះទៀតសោត មន្ត្រីជំនាញ នៅមិនទាន់បានចូល ទៅរាវរកនូវយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅឡើយទេ។ ជាង ២០ ឆ្នាំមកនេះ ប្រជាពលរដ្ឋ ជាអតីតកងទ័ព បានរាន និងចូលដោះគ្រាប់មីន ដោយខ្លួនឯងប៉ុណ្ណោះ ដើម្បីយកដីសាងសង់ លំនៅស្ថាន និងដាំដំណាំអាស្រ័យផល។ បន្ទាប់ពីនេះ លោក នឹងសុំគោលការណ៍ ទៅថ្នាក់លើ ដើម្បីចុះមកបោសសម្អាតគ្រាប់មីន នៅតំបន់ខាងលើឲ្យអស់ ១០០% ជៀសវាងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ នៅថ្ងៃក្រោយទៀត។
ស្ថានភាពគ្រាប់មីនតោន ផ្ទុះកក្រើកដី លើដីចម្ការ ដែលធ្លាប់បង្កបង្កើនផល ជាច្រើនឆ្នាំ កន្លងមកនេះ បានដាស់អារម្មណ៍ បងប្អូនប្រជាកសិករ មានការព្រួយបារម្ភ ជាខ្លាំង ចំពោះសុវត្ថិភាព ពិសេសពេលដីសើម ទទួលទឹកភ្លៀង ធ្វើដីីទន់ជ្រាយ លុះត្រាក់ទ័រ ភ្ជួរចុះឡើងៗ កិន ឬប៉ះអាចបង្កការ គ្រោះថ្នាក់ បានគ្រប់ពេល៕/V