ដោយ:រ៉ាម៉ន/ភ្នំពេញ: ឧបករណ៍ថេប្លេតដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦៨គ្រឿងត្រូវបាន លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ប្រគល់ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា នេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅសាលារាជធានី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ថេប្លេត ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យ គឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ថេប្លេត ៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០ គ្រឿង។
គួរបញ្ជាក់ថា ៖ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ លោកឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីន វាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥ នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនិងការណែនាំឲ្យអាជ្ញាធរខណ្ឌ ទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នាពិសេសគឺការអនុវត្តអោយបាន វិធានការ៣កុំនឹង៣ការពារ៕/PC