ភ្នំពេញក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅ ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី រសៀល ។

នៅថ្ងៃទី០២ ខែមេសា វេលាម៉ោង០៨:០០នាទី ព្រឹក ខាងលើបានចូលមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានស្ថានភាពហត់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យយកអ្នកជំងឺទៅ សម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងបានយកសំណាកទៅវិភាគភ្លាមៗ។ រហូតដល់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ហើយក្រុមគ្រូពេទ្យបានខិតខំយក ចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បាន ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី រសៀល។លទ្ធផលពិនិត្យសំណាករបស់ គាត់ ដែលទទួលបានពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ថាមានវិជ្ជមានវីរុសកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕