ដោយ: មុនីរ័ត្ន/ភ្នំពេញ : លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានកោតសរសើរចំពោះស្នាដៃដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និង ធនធានផ្ទាល់ខ្លួន ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានស្ថិរភាព សុខ សន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា គួរជាទីមោទនភាពនៃជាតិយ៉ាងក្រៃលែង ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ ១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្ត ប្រជ្ញា ស្មារតី ដើម្បីសេចក្តីសុខ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្រៅពីការកោតសរសើរ នៅក្នុងឱកាសដ៏មហាជ័យមង្គល នៃខួបកំណើតចម្រើនព្រះជន្មាយុ ៧០ ឈានចូល៧១ឆ្នាំ របស់សម្តេចតេជោ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២១ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណបក្សខ្មែររួបរួមជាតិ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជណាចក្រកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិច្ចនិរន្តន៍។

លោកញឹក ប៊ុនឆៃ ក៏បានបួងសួងដល់គុណបុណ្យព្រះរនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាង មណ្ឌាទេវី សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។