​ដោយៈ សុផល / ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អមដំណើរ​ដោយ​លោក រដ្ឋ​​លេខាធិការ ស៊ុយ សាន ប្រធាន​អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៤ ខែមេសា បាន​អញ្ជើញ​ចុះ​ពិនិត្យ យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​បុគ្គលិក មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ ក្រោម​ឱវាទ​។​

​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ បានរៀបចំ​ឡើង​ដោយ គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) សហការ​ជាមួយ អនុគណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​គោលបំណង ដើម្បី​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ប្រព្រឹត្តទៅ អស់​រយៈពេល​បី​ថ្ងៃ កន្លង​ទៅហើយ នៅ​ទីស្តីការក្រសួង​ផ្ទាល់ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សម្ព័ន្ធ​គ្រូពេទ្យ សហភាព​សម្ព័ន្ធ យុវជន​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់ អនុគណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ ការចាក់​វ៉ាក់សាំង សម្រាប់​បុគ្គលិក មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ របស់​ក្រសួង សម្រេចបាន ១.២១៩ នាក់ ក្នុងចំណោម​ចំនួន​បុគ្គលិក មន្ត្រីរាជការ ដែល​គ្រោង​ចាក់​វ៉ាក់សាំង តាម​ផែនការ​ប្រមាណ​ជាង ១.៩៩៣ នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ចូល​ទស្សនា​អគារ​រដ្ឋបាល នៃ​ទីស្ដីការក្រសួង វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន និង​មណ្ឌល​ផ្ដល់​សេវាសាធារណៈ របស់​ក្រសួង​ផងដែរ​។​

​សូម​រំលឹក​ផងដែរ​ថា អស់​រយៈពេល ជាច្រើន​សប្ដាហ៍​កន្លងមក​ហើយ ដែល​កម្ពុជា បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលជា​ព្រឹត្តិការណ៍ ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ មាន​វិសាលភាព ទូលំទូលាយ ជាង​ព្រឹត្តិការណ៍​មុនៗ ។ គិត​រហូត​មកទល់ពេលនេះ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មិន​ត្រឹមតែ បាន​ឆ្លង​រាលដាល ដល់​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ ទេ ប៉ុន្តែ​វា​ថែម​បាន​ឆ្លង​រាលដាល ដល់​បណ្ដា​ខេត្ត​ផ្សេងទៀត ផងដែរ ។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ កុំឱ្យ​ឆ្លង​រាលដាល កាន់​កាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ ជាច្រើន ដើម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល កាន់តែ​ធំ​ទៅៗ​៕/V​