ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៥ខែមេសាឆ្នាំ២០២១នេះបានផ្ញើលិខិតអបអរសាទរ ជូនលោក ង្វៀង សួនហ៊្វុក បក្សកុម្មុយនីស្តវៀតណាមផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថ្លែងថា៖ «ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តមនិងស័ក្ត សមបំផុតសម្រាប់ឯកឧត្តមបានបង្ហាញអំពីជំនឿជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្តនិងប្រជា ជនវៀតណាមទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»។

សម្តេចតេជោ ហ៊ុន សែន មានជំនឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់លោក ង្វៀង សួនហ៊្វុក សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមកាន់តែធំធេងថែមទៀតឈា នទៅសម្រេចបាននូវគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និង បន្តបំពេញតួនាទីដ៏សកម្មទាំងនៅ ក្នុងតំបន់ និង អន្តរជាតិ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវអំណរដ៏ស្មោះជូនចំពោះលោក ង្វៀង សួនហ៊្វុក ដែលបានថែរក្សា ពូនជ្រុំនូវចំណងមិត្តភាពជាប្រពៃណីនិងធ្វើឱ្យកាន់តែ សំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា-វៀតណាមនៅក្នុងអាណត្តិលោកជានាយករដ្ឋមន្រ្តី។ សម្តេចបានបន្តថាទោះបីជាក្នុងពេលបច្ចុប្បន្ននេះយើងមានតួ នាទីផ្សេងគ្នាក៏ដោយទំនាក់ទំនងដ៏ជិតស្និទ្ធស្នាលរបស់យើងនឹងនៅតែរឹងមាំនិងបន្តជាកត្តាជំរុញកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេង ជាងមុន។

សម្តេចតេជោ ហ៊ុន សែន បានអះអាងនូវការប្តេជ្ញាចិត្តជាមួយនឹងអ្នកបន្តវេនពីលោក ង្វៀន សួនហ៊្វុក ដើម្បីលើ កកម្ពស់ភាពជាដៃគូយូរអង្វែងផ្អែកលើស្មារតីភាពជាអ្នកជិត ខាងល្អ សាមគ្គីភាព ការយោគយល់និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានាដែលមិនធ្លាប់បានជួប ប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីរួមចំនែកដល់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពរបស់ប្រជាជនប្រទេស ទាំងពីរ តំបន់ និងសាកលលោកទាំងមូល​ ។

សូមបញ្ជាក់ជូនថារដ្ឋសភាវៀតណាមនៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ ២០២១ នេះបានបោះឆ្នោតតែងតាំងលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc)ជាប្រធានាធិប តីជំនួសលោក ង្វៀន ភូជុង ។ លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាមក្នុងសំឡេងគាំទ្រ ៩៧.៥ភាគរយ ហើយការបោះឆ្នោតនេះធ្វើឡើង ក្នុងសម័យប្រជុំលើកទី១១ នៃសភានីតិកាលទី១៤ ។ លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦។លោកត្រូវបានតែង តាំងជាសមាជិកមួយរូបនៃការិយាល័យនយោបាយទី១១ ទី១២ និងទី១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ៕