​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​គណបក្ស​កុំម្មុយនីស្ត​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៥​មេសា​បាន​តែងតាំង​មន្ត្រី​ដែល​គេ​ស្គាល់​តិចតួច​ម្នាក់ ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស ជាមួយនឹង​ភារកិច្ច​ធ្វើអោយ​សេដ្ឋ​​កិច្ច​មាន​សកម្មភាព​ឡើងវិញ​បន្ទាប់ពី​រងគ្រោះ​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ក្នុងពេល​ព្យាយាម​ហែល​ឆ្លងកាត់​ព្យុះ​រលក​នៃ​ភាព​តានតឹង​រវាង​មហាអំណាច​ចិន​និង​អាម៉េរិក​។​

​លោក​ផាំ មិញ ជី​ញ ចូល​ជំនួស​លោក​ហ្វ៊ុក ជា​នាយករដ្ឋមន្ត្រី​វៀតណាម​ថ្មី​

​លោក​ផាំ មិញ ជី​ញ ដែល​បាន​ឡើង​ឋានៈ​ក្នុង​អង្គភាព​សន្តិសុខ​ជាតិ និង​មាន​សញ្ញាបត្រ​បណ្ឌិត​ច្បាប់ ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ការិយាល័យ​នយោបាយ​ស្នើឡើង​សំរាប់​មុខតំណែង​នាយករដ្ឋមន្ត្រី ។​

​សភាជាតិ​វៀតណាម ត្រូវ​រំពឹងថា​នឹង​អនុម័ត​បេក្ខជន​វ័យ​៦៣​ឆ្នាំ​រូប​នេះ ដែល​ក៏​បំរើការ​នៅក្នុង​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ដ៏​មាន​ឥទ្ធិពល​។​

​លោក​ជី​ញ នឹង​ជា​បុគ្គល​សំខាន់​របស់​វៀតណាម​នៅក្នុង​ការបង្កើត​ទំនាក់ទំនង​របស់​វៀត​ណា​ម​ជា​មួយ​ពិភពលោក ទោះ​ជា​សមាជិក​បក្ស​កុំម្មុយនីស្ត​វៀតណាម​ដទៃទៀត ក៏​ល្បីល្បាញ​និង​មាន​ឥទ្ធិពល​ជាង​។​

​អគ្គលេខា​បក្ស​លោក ង្វៀន ភូ ជូ​ង វ័យ​៧៦​ឆ្នាំ ត្រូវបាន​សមាជ​បក្ស​តែងតាំង​ជា​ថ្មី​ជា​ប្រធាន​បក្ស​នៅ​អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​៣១​មករា​។​ចំណែក នាយករដ្ឋមន្ត្រី ង្វៀន សួន ហ្វ៊ុក វ័យ​៦៦​ឆ្នាំ ត្រូវបានតែងតាំង​​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​មេសា​នេះ​ផងដែរ ដែល​អនុញ្ញាត​អោយ​លោក​នៅ​បន្ត​ស្ថិត​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​។​

​លោក វឿង ឌិញ វ៉េ វ័យ​៦៤​ឆ្នាំ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ជា​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​អនុម័ត​អោយ​ធ្វើជា​ប្រធាន​សភាជាតិ​។​

លោក វឿង ឌិញ វ៉េ​

​វៀតណាម​មាន រចនា​សម្ពន្ធ​មេដឹកនាំ​«​សសរ​៤»​រួមគ្នា​មួយ ផ្សំ​ឡើង​ដោយ​អគ្គលេខាបក្ស នាយករដ្ឋមន្ត្រី ប្រធានាធិបតី និង​ប្រធាន​សភា ។​ពួក​គេ​គ្រប់គ្រង​ប្រទេស​ដោយ​ធ្វើ​ការប្រឹក្សា​យោបល់​ជាមួយ​ការិ​​យាល័យ​នយោបាយ​ដែល​មាន​១៨​សមាជិក ដោយ​នាយក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​លើ​គំរោង​ផ្តល់​វថិ​កានិង​លម្អិត​ការអនុវ​ត្តៈ​គោលនយោបាយ​។​

​លោក​ជី​ញ ធ្លាប់​ជា​លេខា​ទី​១​នៃ​ស្ថានទូត​វៀតណាម​នៅ​រ៉ូ​ម៉ានី​នៅ​ឆ្នាំ​១៩៨៩ និង​បាន​ក្លាយជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​នៅ​ឆ្នាំ​២០១០​។​លោក​ក៏​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​សំរាប់​ការប្រឆាំង​អំ​​ពើ​ពុករលួយ ។​នាយក​រដ្ឋមន្ត្រី​ថ្មី​ក៏​ជា​ប្រធាន​បក្ស​ខេត្ត​ក្វាង​និ​ញ​ផងដែរ​។​

​ពួក​អ្នកវិភាគ​មិន​រំពឹង​ថា​លោក​ជី​ញ​និង​មេដឹកនាំ​វៀតណាម​ដទៃ​ទៀត​ងាក​ចេញ​ពី​គោលនយោបាយ​យូរលង់​មក​ហើយ​របស់ខ្លួន រួម​ទាំង​ការបើកចំហ​ថែម​ទីផ្សារ​របស់​ខ្លួន​ចំពោះ​សេដ្ឋកិច្ច​សកល និង​ការ​​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ចិន និង​អាម៉េរិក​៕

​ប្រធានាធិបតី​ថ្មី​លោក​ង្វៀន សួន ហ្វ៊ុក ស្បថ​ចូលកាន់​តំណែង​ថ្មី​នៅក្នុង​សភា​នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​៥​មេសា​