ដោយ: អង្គរតូច / សៀមរាបៈ អាជ្ញាធរអប្សរា នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានទទួលបំណែក ចម្លាក់ព្រះសិរ ព្រះនារាយណ៍ ធ្វើអំពីថ្មភក់ ដែលរកឃើញ នៅប្រាសាទត្រពាំងផុង មករក្សា ទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុក ជាឯកសារផង និងបន្តស្វែងរកទិន្នន័យ បំណែកផ្សេងៗទៀតផង។
លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះសិរព្រះ នារាយណ៍ មួយបំណែកខាងស្តាំនេះ ក្រុមការងារជួសជុលប្រាសាទ ត្រពាំងផុង ប្រទះឃើញ នៅខាងក្នុងតួប៉ម កណ្តាលនៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បំណែក ព្រះសិរ ធ្វើពីថ្មភក់ ដែលមានកម្ពស់ ៣៨ ស.ម ទទឹង ២០ ស.ម និងកម្រាស់ ១៨ ស.ម នេះ មានព្រះភក្ត្រ មួយចំហៀង ខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀក មួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំង ដែលគ្របត្រឹមថ្ងាស ទៅតាមជើងសក់ នៅជុំវិញពីផ្នែកខាងមុខ ដល់ខាងក្រោយ។ បំណែកព្រះសិរ នៃបដិមានេះ នៅសល់ផ្នែកខ្លះ ដែលអាចឱ្យយើងធ្វើការ កំណត់ សម្គាល់បានថា ជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។
លោកបានបន្ថែមទៀតថាៈ បើតាមលោក យល់ បដិមានេះ ទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រ នៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ ពិសេស ជាងនេះ ទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ ទៅលើ ដែលនេះហើយជាលក្ខណៈ នៃបដិមាសាស្ត្រ ក្នុងរចនាបថគូលែន។ ម្យ៉ាងវិញទៀត បើយើងគិតទៅលើ សំណង់ប្រាសាទ ត្រពាំងផុង នោះទៀតសោត ក៏មានអ្នកស្រាវជ្រាវ បានអះអាង រួចមកហើយថា ប្រាសាទនេះ គឺមានរចនាបថគូលែន ដែលសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ក្នុងរាជ្យព្រះ បាទជ័យវរ្ម័នទី៣ (៨៥០-៨៧៧) ដែលត្រូវជាបុត្ររបស់ មហាក្សត្រដ៏ ល្បីមួយអង្គ គឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមា ដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នា ជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថា ពុំមែនជាបដិមា ដែលយកមកតម្កល់ នាសម័យក្រោយៗ មកទៀតនោះទេ៕/V-PC