Home ព័ត៌មានជាតិ នយោបាយ ម៉ក សំអឿន៖ អត...

ម៉ក សំអឿន៖ អតីតពេទ្យសហករណ៍

គាត ស្រីឡែន៖ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលផ្សះផ្សាវាលវែង/ភ្នំពេញៈនៅក្នុងរបបខ្មែរក្រហម ម៉ក សំអឿន ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនទៅរៀនវិជ្ជាពេទ្យបឋមនៅមន្ទីរស្រុកត្រមូងតំបន់២១ រយៈពេលប្រហែលមួយខែ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យធ្វើពេទ្យប្រចាំនៅសហករណ៍ភូមិកោះថ្ម ឃុំទន្លូង ស្រុកត្រមូង តំបន់២១ ភូមិភាគបូព៌ា។ ម៉ក សំអឿន បានរៀបរាប់បទពិសោធន៍ជីវិតដែលបានឆ្លងកាត់សម័យសង្រ្គាម និងរបបខ្មែរក្រហមដូចខាងក្រោម៖

ម៉ក សំអឿន អាយុ៦០ឆ្នាំ គឺជាជនជាតិភាគស្ទៀង រស់នៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។

ខ្ញុំឈ្មោះ ម៉ក សំអឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិភាគស្ទៀង និងមានស្រុកកំណើតនៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ម៉ក កុប និងម្តាយឈ្មោះ ញ៉ឹម សួន។ ខ្ញុំមានបងប្អូនចំនួន៩នាក់ គឺស្រី៦ និងប្រុស៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ ហួត សារឹម យើងមានកូនចំនួន៦នាក់ ស្រី៤នាក់ និង ប្រុស២នាក់។  សព្វថ្ងៃខ្ញុំរស់នៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

កាលពីខ្ញុំនៅក្មេង ខ្ញុំបានរៀនសូត្រដល់ត្រឹមថ្នាក់ទី១០ នៅក្នុងសាលាវត្តក្តុល ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ខ្ញុំបានឈប់រៀននៅពេលមានបាតុកម្មប្រឆាំងរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ នៅពេលនោះប្រទេសជាតិមានភាពវឹកវរ ហើយលោកគ្រូអ្នកគ្រូមានការភ័យខ្លាច និងឈប់មកបង្រៀននៅសាលាទាំងអស់ ព្រោះលោកគ្រួអ្នកគ្រូភាគច្រើនជាអ្នកមកពីចម្ងាយ។

បន្ទាប់ពីឈប់រៀន ខ្ញុំបានមកនៅផ្ទះ និងជួយការងារឪពុកម្តាយ ដូចជា ធ្វើស្រែចម្ការ  និងដាំដំណាំផ្សេងៗនៅក្នុងភូមិ។ នៅក្នុងឆ្នាំ១៩៧០ដដែល ទាហានសហរដ្ឋអាមេរិក និងទាហានធីវគីបានចូលមកនៅក្នុងភូមិរបស់ខ្ញុំ។ ទាហានសហរដ្ឋអាមេរិកបានបោះបន្ទាយនៅក្នុងភូមិពងទឹក និងភូមិកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់។ កាលនោះខ្ញុំបានឃើញទាហានសហរដ្ឋអាមេរិកមានមាឌធំៗ ទាហានខ្លះមានសម្បុរខ្មៅ និងខ្លះទៀតសម្បុរស។ ទាហានសហរដ្ឋអាមេរិកទាំងនោះបានជិះឡានចូលមកដល់ភូមិ។ នៅខណៈពេលនោះក៏មានកងទ័ពវៀតកុងបានចូលមកដល់ភូមិរបស់ខ្ញុំដែរ។ កងទ័ពវៀតកុង បាននាំគ្នាលាក់ខ្លួននៅពេលឃើញមានវត្តមានទាហានសហរដ្ឋអាមេរិកមកដល់។ នៅពេលនោះអ្នកភូមិបាននាំគ្នាជួយលាក់ និងយកកងទ័ពវៀតកុងចូលក្នុងរណ្ដៅត្រង់សេ ពីព្រោះបើទាហានសហរដ្ឋអាមេរិកឃើញ និងមានការទម្លាក់គ្រាប់បែក ដែលនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកភូមិជាមិនខាន។ នៅពេលយប់ខ្ញុំតែងតែឮសូរសំឡេងគ្រាប់កាំភ្លើង ដែលធ្វើឲ្យគ្រួសារខ្ញុំ និងអ្នកភូមិមានការភ័យខ្លាចយ៉ាងខ្លាំង។ កងទ័ពវៀតកុង តែងតែពឹងពាក់ឲ្យអ្នកភូមិជួយរកផ្លូវវាង ដើម្បីងាយស្រួលគេចខ្លួនពីទាហានអាមេរិក។ ទាហានអាមេរិកបានស្នាក់នៅក្នុងភូមិអស់រយៈពេលប្រមាណ២ទៅ៣ខែ ក៏ដកត្រឡប់ទៅវិញអស់។

នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ ប្រជាជននៅភូមិរបស់ខ្ញុំ ត្រូវបានចាត់តាំងឲ្យធ្វើស្រែចម្ការប្រវាស់ដៃ គឺធ្វើស្រែចម្ការតាមគ្រួសាររៀងៗខ្លួន ប៉ុន្តែត្រូវជួយគ្នាទៅវិញទៅមក។ នៅពេលប្រមូលផលត្រូវយកទៅទុកតាមផ្ទះ និងហូបបាយតាមផ្ទះរៀងៗខ្លួន។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមលែងអនុញ្ញាតឲ្យអ្នកភូមិទាំងអស់ធ្វើស្រែចម្ការប្រវាស់ដៃ និងហូបតាមផ្ទះទៀតហើយ គឺអ្នកភូមិទាំងអស់ត្រូវធ្វើការងាររួម និងហូបរួមនៅតាមសហករណ៍។ អ្នកភូមិក្ដុលទាំងអស់មានចំនួនប្រហែលជាង២០០នាក់ ទាំងចាស់ ទាំងក្មេង ត្រូវមកហូបបាយរួមនៅរោងបាយក្នុងវត្តក្តុល។ ក្រោយពេលហូបបាយរួច អ្នកភូមិត្រូវចេញទៅធ្វើការងារនៅតាមវាលស្រែ ដូចជា លើកភ្លឺស្រែ ដកស្ទូង និងធ្វើចម្ការជាដើម។

នៅអំឡុងឆ្នាំ១៩៧៦នេះដែរ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅរៀនបច្ចេកទេសពេទ្យបឋមនៅស្រុកត្រមូង តំបន់២១ រយៈពេលប្រហែលមួយខែ។ ការរៀនក្បួនពេទ្យនោះ គឺរៀនចាក់ថ្នាំ និងរៀនឲ្យស្គាល់ពីជំងឺគ្រុនក្ដៅ ជំងឺគ្រុនញាក់ និងជំងឺផ្សេងៗទៀត។ ចំពោះថ្នាំនៅពេលនោះមានតែថ្នាំអាចម៍ទន្សាយ និងវីតាមីនតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីរៀនចប់ ខ្មែរក្រហមបានចាត់តាំងខ្ញុំធ្វើពេទ្យសហករណ៍ប្រចាំនៅភូមិកោះថ្ម។ នៅក្នុងសហករណ៍ភូមិកោះថ្មនេះមានពេទ្យតែម្នាក់ប៉ុណ្ណោះ គឺរូបខ្ញុំ។ ចំណែកនៅក្នុងឃុំទន្លូងទាំងមូលមានពេទ្យចំនួន៤នាក់ សម្រាប់ព្យាបាលអ្នកជំងឺ។ នៅក្នុងសហរកណ៍គ្មានកន្លែងសម្រាប់សម្រាកព្យាបាលនោះទេ ពេទ្យត្រូវដើរតាមផ្ទះប្រជាជន ប្រសិនបើមានប្រជាជនមិនស្រួលខ្លួន ឬមានជំងឺ ពេទ្យត្រូវទៅ ដល់ផ្ទះអ្នកជំងឺដើម្បីពិនិត្យមើលថាតើប្រជាជននោះឈឺអ្វី និងត្រូវចាក់ថ្នាំដែរឬក៏អត់។ ប្រជាជននៅក្នុងភូមិភាគច្រើនមានជំងឺគ្រុនក្ដៅ រាក និងមានសា្លប់ស្ទើររៀង រាល់ថ្ ងៃ។ កាលនោះពេទ្យមានថ្នាំតែបន្តិចបន្តួច ដូចជា បេអង វីតាមីនសេ ដាក់ក្នុងដប់ទឹកក្រូចមីរីនដា។  នៅពេលពេទ្យទៅព្យាបាលតាមផ្ទះ ពេទ្យត្រូវស្ពាយវីតាមីនសេ៨ដប់ សម្រាប់ចាក់ឲ្យអ្នកភូមិ។ នៅពេលនោះក៏មានថ្នាំគ្រាប់ខ្លះដែរ ហើយថ្នាំភាគច្រើនផលិតនៅប្រទេសចិន។ ពេលមានប្រជាជនឈឺធ្ងន់ ខ្ញុំមិនបានមើលថែនៅក្នុងសហករណ៍ទេ គឺខ្ញុំបញ្ជូនអ្នកជំងឺទៅមន្ទីរ ពេទ្យនៅស្រុកត្រមូង ព្រោះទីនោះមានគ្រូពេទ្យដែលមានជំនាញខ្ពស់ជាងពេទ្យនៅតាមសហករណ៍។ ពេលដែលបញ្ជូនអ្នកជំងឺទៅពេទ្យស្រុក គឺខ្ញុំដឹកអ្នកជំងឺតាមកង់ ឬរទេះ។ ពេលខ្លះអ្នកជំងឺត្រូវបានដាក់ក្នុងអង្រឹង ដោយចងអង្រឹងភ្ជាប់នឹងកង់ និងមានសាច់ញាតិអ្នកជំងឺទៅជាមួយ។ បន្ទាប់មកខ្ញុំត្រូវត្រឡប់មកសហករណ៍វិញ។

ឪពុករបស់ ម៉ក សំអឿន ឈ្មោះ ម៉ក កុប នៅក្នុងសម័យសង្គមរាស្រ្តនិយម។
(ឡុង ដានី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅចុងឆ្នាំ១៩៧៧ ឬឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីភូមិកោះថ្ម ភូមិក្តុល និងភូមិផ្សេងៗទៀតក្នុងឃុំទន្លូង ឲ្យមករស់នៅភូមិស្រែតាពិជ និងភូមិកូនក្រពើក្នុងឃុំជាំតាម៉ៅ ពីព្រោះខ្មែរក្រហមបានចាប់ផ្តើមធ្វើសង្រ្គាមតាមព្រំដែនជាមួយប្រទេសវៀតណាម។ ចាប់តាំងពីជម្លៀសប្រជាជនចេញពីភូមិក្តុលមកនៅភូមិស្រែតាពិជ ខ្ញុំលែងធ្វើជាពេទ្យទៀតហើយ។

នៅឆ្នាំ១៩៧៨ ឪពុករបស់ខ្ញុំត្រូវបានយោធាខ្មែរក្រហមចោទថាក្បត់អង្គការ និងត្រូវបានចាប់ខ្លួននៅភូមិស្រែតាពិជ ពីព្រោះគាត់ធ្លាប់ធ្វើជាមេកងធំគ្រប់គ្រងប្រជាជននៅក្នុងភូមិក្តុលចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧។ ពេលយោធាខ្មែរក្រហមចាប់ខ្លួនឪពុកខ្ញុំ ខ្មែរក្រហមបានប្រាប់ថា យកគាត់ទៅរៀននៅភូមិខ្ជាយ និងភូមិពងទឹក ក្នុងឃុំទន្លូង។ នៅពេលនោះខ្ញុំបានឃើញកងយោធាខ្មែរក្រហមចាប់ឪពុកខ្ញុំចងស្លាបសេកទៅខាងក្រោយ រួមជាមួយប្រធានកងតូច កងធំផ្សេងទៀត។ ប៉ុន្មានថ្ងៃក្រោយមក ខ្មែរក្រហមបានបញ្ជូនកម្មាភិបាលម្នាក់ទៀតមកធ្វើជាប្រធានកងជំនួសឪពុកខ្ញុំ។ អ្នកភូមិបាននិយាយប្រាប់ថា ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ហើយ គឺខ្មែរក្រហមបានវាយគាត់ និងវាយប្រធានកងផ្សេងៗទៀតទម្លាក់ចូលទៅក្នុងអណ្ដូងទឹក។
ខ្ញុំនិងប្រជាជនបានរស់នៅភូមិស្រែតាពិជ និងភូមិកូនក្រពើបានរយៈពេល៤ទៅ៥ខែ ខ្មែរក្រហមបានជម្លៀសយើងឲ្យទៅរស់នៅភូមិរលួស ក្នុងស្រុកស្នួល ខេត្តក្រចេះ វិញ។ រយៈពេលប្រមាណមួយខែក្រោយមក ស្រាប់តែកងទ័ពវៀតណាមបានវាយចូលមក ហើយខ្មែរក្រហមក៏បានជម្លៀសខ្ញុំ និងប្រជាជន បន្តឲ្យទៅរស់នៅភូមិថ្មគ្រែ ក្នុងទីរួមខេត្តក្រចេះ។ ប្រហែលមួយសប្តាហ៍ក្រោយមក ខ្មែរក្រហមបានបញ្ជូនគ្រួសារខ្ញុំតាមកាណូតមកនៅភូមិល្វា ស្រុកចំការលើ ក្នុងខេត្តកំពង់ចាម។  នៅទីនោះ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើការងារនៅក្នុងកងចល័ត និងត្រូវធ្វើការងារពលកម្ម ដូចជា ច្រូតស្រូវ និងនេសាទត្រី។

នៅពេលខ្ញុំកំពុងធ្វើការងារច្រូតកាត់ មានឧទ្ធម្ភាគចក្របានហោះមកទាបៗ និងបានប្រកាសឲ្យប្រជាជនត្រឡប់ទៅស្រុកកំណើតវិញ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងត្រឡប់មកភូមិក្ដុល។ ពេលមកដល់ភូមិដំបូង ខ្ញុំឃើញនៅសល់តែផ្ទះម្ដាយខ្ញុំមួយប៉ុណ្ណោះ ហើយមានព្រៃដុះព័ទ្ធជុំជិត។ ចំណែកផ្ទះអ្នកភូមិផ្សេងទៀតត្រូវបានខ្មែរក្រហមរុះរើអស់គ្មានសល់។

ក្រោយមក ខ្ញុំបានចូលធ្វើឈ្លបការពារភូមិ ពីព្រោះនៅមានខ្មែរក្រហមធ្វើសកម្មភាពនៅឡើយ។ ខ្មែរក្រហមបានរស់នៅក្នុងព្រៃជ្រាវ និងធ្លាប់បានចូលមកក្នុងភូមិរបស់ខ្ញុំម្ដងម្កាល។ មានអ្នកភូមិខ្លះបានចូលបម្រើកងទ័ពខ្មែរក្រហម ហើយបានមកធ្វើបាបអ្នកភូមិ និងធ្វើសកម្មភាពប្លន់ ចាប់ជំរិត និងសម្លាប់ប្រជាជន។ ភូមិរបស់ខ្ញុំដំបូងមានឈ្លបចំនួន១២នាក់ នៅការពារសន្តិសុខ។ ខ្ញុំចូលធ្វើឈ្លបបានរយៈពេល៣ឆ្នាំ ក៏ផ្លាស់មកធ្វើជាប្រធានភូមិក្តុលវិញ។ បន្ទាប់ពីបោះឆ្នោតអាណត្តិទី១នៅក្នុងឆ្នាំ១៩៩៣ ខ្ញុំបានជាប់ជាមេឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular