សារ​ថ្មី​មួយទៀត​នៅ​ព្រឹក​នេះ​ទាក់ទង​នឹង​ការបោះឆ្នោត​,​ការឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​រំលោភច្បាប់​

1266
ចែករម្លែក

​ដោយៈ​មុនីរ័ត្ន,តារារិទ្ធ​/​ភ្នំពេញៈ​បើតាម​ដំណឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​គឺមាន​គណបក្ស​បី​ហើយ​ដែល​បាន​ចុះបញ្ជី​រួចរាល់​ក្នុងការ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្ងៃទី ២៩ កក្កដា ២០១៨​ ខាងមុខនេះ​គឺ ១.​គណបក្ស​ប្រជាជន​កម្ពុជា​,២.​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​៣.​គណបក្ស​យុវជន​កម្ពុជា​។​ការចុះឈ្មោះ​គឺ​ចំណាយពេល​ខ្លី​។​ទន្ទឹមនឹងនោះ​គឺមាន​គណបក្ស​ប្រាំ​មួយទៀត​ដែល​បានបញ្ជាក់​ពី​ជំហរ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ ដោយបាន​រៀបចំ​ប្រាក់​​កក់​១៥​លាន​រៀល​នៅ​រតនាគា​ជាតិ​នៃ កម្ពុជា​។​សរុប​ទាំងអស់​មាន​គណបក្សនយោបាយ​ចំនួន​២១​កំពុង​បំពេញបែបបទ​។​នេះ​ជា​សំណេរ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅក្នុង​ផេ​ក​ផ្លូវការ​ថ្ងៃទី​៤​ខែឧសភា​កាល​ប៉ុន្មាន​នាទី​មុននេះ​។

សម្តេចតេជោហ៊ុនសែន(រូបថតផេកសម្តេចតេជោ)

​សំណេរ​បាន​បន្ត​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​២០១៨​ខាងមុខនេះ​គឺ​សំខាន់​ខ្លាំងណាស់​។​មាត្រា​៣៤​នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣​ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​គឺ​បញ្ជាក់​ច្បាស់​អំពី​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​គឺមាន​សិទ្ឋិ បោះឆ្នោត​និង​មាន​សិទ្ឋិ​ឈរឈ្មោះ​បោះឆ្នោត​នៅក្នុង​របប​ដឹកនាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ការឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​រំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២​នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​។​

​សម្តេច​តេ​ជោ​បាន​បន្ត​ក្នុង​សំណេរ​នេះ​ដោយ​អរគុណ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​ដែល​បាន​ចូលរួម​ជួយ​កសាង​កម្ពុជា និង​ជួយ​រៀបចំ ព្រមទាំង​ផ្តល់នូវ​ជំនួយ​ទាំង​ថវិកា និង​បច្ចេកទេស​ដល់​ការរៀបចំ​ការបោះ​ឆ្នោត​​នៅ​កម្ពុជា ដូចជា​ប្រទេស​ជប៉ុន ប្រទេស​ចិន និង​កិច្ចសហការ​ជាមួយ​ប្រទេស​រុស្សី​ជាដើម​។ បាន​អរគុណ​ដល់ (​គ​.​ជ​.​ប​)​ដែលជា ស្ថាប័ន​ច្បាប់​និង​បច្ចេកទេស​របស់​កម្ពុជា​ដែលមាន​សមត្ថភាព​ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​៥​លើក​រួចមកហើយ ចាប់តាំងពី​ឆ្នាំ ១៩៩៨​។​

​ចុងបញ្ចប់​នៃ​សំណេរ​សម្តេច​តេ​ជោ​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​ដែលមាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​សម្តេច​ហើយ​តែងតែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​គ្រប់​អាណត្តិ​ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យ​កាន់​តែ​រីកចម្រើន​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕​មន​