ដោយៈ ទេព មង្គល / ព្រះសីហនុៈ មន្ត្រី​យោធា ៤​នាក់ រងរបួស និង ២​នាក់​ទៀត បាន​ត្រូវគេ រាយការណ៍​ថា បាន​បាត់​ខ្លួន ដោយសារតែ​ឧបទ្ទវហេតុ នៃ​ការផ្ទុះ​អូប័រ​មួយគ្រឿង​នៅ​ខាងត្បូង កោះ​សំពោច កាលពី​វេលា​ម៉ោង ១ កន្លះ រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ គឺ​ស្ថិតនៅ​ខាង មុខ​ឆ្នេរ​ព្រែក​ចាក រយៈ​ចម្ងាយ ២ ម៉ៃ​ល៍ ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យោងតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​មន្ត្រី​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម បានអោយដឹងថាៈ មាន​ករណី​ផ្ទុះ​ឆេះ​អូប័រ​មួយគ្រឿង របស់​អង្គភាព ទីបញ្ជាការ​ជួរមុខ សន្តិសុខ​លម្ហ​សមុទ្រ នៅពេល​កំពុង​ចេញ​បំពេញ​បេសកម្ម​ល្បាត ក៏បាន​ជួប​ឧបទ្ទវហេតុ ផ្ទុះ​ឆេះ នៅ​ចំណុច​ខាងត្បូង​កោះ​សំពោច ពី​ខាងមុខ​ឆ្នេរ​ព្រែក​ចាក រយៈ​ចម្ងាយ ២ ម៉ៃ​ល៍ (2Mile) ពី​ឆ្នេរ​ព្រែក​ចាក ។​

​សេចក្តីរាយការណ៍​នេះ បានអោយដឹងថាៈ នៅលើ​អូប័រ ដែល​ជួប​ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​នោះ មាន​មនុស្ស​ចំនួន ៦ នាក់ ជា​យោធា​។ ចំពោះ​ករណី​ផ្ទុះ​ឆេះ​នោះ គឺ​ពុំទាន់​ដឹង​ពី​មូលហេតុ ច្បាស់លាស់ នៅឡើយ​ទេ​, ហើយ​ការផ្ទុះ​ឆេះ​នោះ គឺ​បណ្តាលអោយ​មនុស្ស​ចំនួន ៤ នាក់ រងរបួស​ធ្ងន់ ត្រូវបាន​ទូក​នេសាទ ជួយសង្គ្រោះ និង​មនុស្ស​ចំនួន ២ នាក់​ទៀត បាន​បាត់​ខ្លួន ។​

​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា បានបញ្ជាក់​អោយដឹងថាៈ អ្នក​ទាំង ២ ដែល​បាត់​ខ្លួន រួមមាន​ឈ្មោះ លោក​វរ​នា​វី​ឯក សុខ រស្មី និង​ឈ្មោះ ភ័ក្ត្រ ។​

​ភ្លាមៗ​នោះ​ផងដែរ ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា បាន​បញ្ជា​កម្លាំង​កងទ័ព​ជើង​ទឹក មូលដ្ឋាន​សមុទ្រ និង​នាវា ៣ គ្រឿង រួមជាមួយ​អូប័រ ១​គ្រឿង ព្រមទាំង ​ទូក ១ គ្រឿង រួម​នឹង​លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​បញ្ចេញ​អូប័រ ចំនួន ២ គ្រឿង ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​។​

​សូមបញ្ជាក់ថា គិត​មកដល់​ម៉ោង ៨​និង​២០​នាទី យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ ដដែល ប្រតិបត្តិ​ការស្វែងរក អ្នក​ដែល​បាន​បាត់​ខ្លួន​នោះ គឺ​ពុំទាន់​បាន​រកឃើញ នៅឡើយ​នោះទេ​៕/V-PC