ដោយៈ សុផល / ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន បាន​ឧបត្ថម្ភ​ថវិកា ៤០​លាន​រៀល ជូន​ដល់​កាកបាទក្រហម កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​។​

​សម្តេច​ប្រធានរដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា តែងតែ​ចូលរួម​យ៉ាងសកម្ម​ដល់​សកម្មភាព មនុស្សធម៌ និង​សង្គម ក្នុងនោះ​ជានិច្ចកាល តែង​បាន​ចូលរួម ឧបត្ថម្ភ​ថវិកា ជា​រៀងរាល់ឆ្នាំ ដល់​កាកបាទក្រហមកម្ពុជា និង​ក្នុងពេល​ថ្មីៗ កន្លងមក បាន​ចូលរួម​វិភាគទាន​ដ៏​ថ្លៃថ្លា ក្នុងការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ដែល​កំពុង​រាតត្បាត​ក្នុងប្រទេស​របស់ យើង នាពេលនេះ​។​

​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ ក្រោម​ប្រធានបទ “​ទាំងអស់គ្នា រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង កសាង​ភាព​ធន​របស់​សង្គមជាតិ​”​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ សម្តេច​ទាំង​ទ្វេ​ដែល​តែងតែបាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ឧបត្ថម្ភ​ដល់ កាកបាទក្រហមកម្ពុជា ជាពិសេស​ក្នុងឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ នេះ​៕/V-PC