ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងការបរទេស​កម្ពុ​ជា​បានប្រកាស​នៅ​ថ្ងៃទី​៦​ខែមេសា​នេះ​តប​តាម​ការអញ្ជើញ​របស់លោក ជា​តូ អឺ​រី​វ៉ាន់ ពើ​ហ៊ុន យូ​ស៊ូ​ហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ប្តូរ​វេន អាស៊ាន​នៅ​ឆ្នាំ​២០២២ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ត្រីភាគី​បើកចំហរ​(Open-Ended Troika Dialogue) ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន -​ចក្រភព​អង់គ្លេស​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែមេសា​តាម​ប្រព័ន្ធ​វីដេអូ​។​

​ប្រភព​ដដែល​ពណ៌នា​ថា កិច្ចសន្ទនា​នេះ​រំពឹងថា នឹង​គ្របដណ្តប់​លើ​ការ​រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស ក្នុងការ​ដោះស្រាយ​សេចក្តី​បារម្ភ​រួមគ្នា ផ្នែក​សុខភាព​នៅក្នុង​តំបន់ និង​ពិភពលោក ជាពិសេស ការ​រាតត្បាត​ជំងឺ​កូ​វីដ -១៩ ការពង្រីក​និង​ធ្វើ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ដើម្បី​កសាង​ការស្តារ សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​ចីរភាព និង​រឹងមាំ និង​ការលើកកម្ពស់​ការប្តេជ្ញា​ចិត្ត​ក្នុងការ​ដោះស្រាយ បញ្ហា​ដែល​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​៕​សរន