Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ស...

រដ្ឋមន្ត្រី​សាធារណការ​ជួបពិភាក្សា​ការងារ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​

​ដោយ: សុផល​/​ភ្នំពេញ​: ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ នៅ​ទី​ស្តី ការ​ក្រសួង​បាន​ជួប ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី ក្រោម​ការសម្រួល​ពី​លោក Alexander D. Nash អ្នកឯកទេស​អភិវឌ្ឍន៍​ទីក្រុង (Urban Development Specialist) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ទទួល បន្ទុក​លើ​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផងដែរ​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព​សំខាន់ៗ​ទាំងឡាយ​ដែល​ក្នុងនោះ​រួមមាន​៖ ការលើកកម្ពស់​កម្រិត​គុណភាព​ផ្លូវថ្នល់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រព័ន្ធ​ដឹកជញ្ជូន សាធារណៈ ការប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ប្រកប ដោយ​ប្រសិទ្ធភាព ការ​ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​កខ្វក់ ការគ្រប់គ្រង​ទឹកស្អាត​សម្រាប់ ទីក្រុង ផែនការមេ​ជាតិ​ភ័ស្តុភា​រកម្ម ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បានផ្តល់ ការ​គាំទ្រ និង​កិច្ចសហការ​ល្អជា​បន្តបន្ទាប់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា និង​បាន​ជម្រាបជូន​គណៈ​ប្រតិភូ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សម្រេចបាន និង​គម្រោង​កំពុង​អនុវត្ត​បន្ត​នានា និង​ទិដ្ឋភាព​ជាច្រើន​ដែល​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​ដូចជា​៖ ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​គ្រប់ គ្រង​ការដឹកជញ្ជូន​លើស​​​ទម្ងន់​កម្រិត​កំណត់ និង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​កាត់​ពិន្ទុ​បណ្ណ​បើក បរ​ចំពោះ​អ្នកបើកបរ​ដែល​ល្មើស ខណៈ​ការពិន័យ​ជា​ប្រាក់​នៅតែ​ពុំ​រាងចាល ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នៅ​កម្ពុជា​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​អំពី​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានធ្វើឱ្យ​ប៉ះពាល់ យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការរៀបចំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មួយ​ថ្មី​ទៀត​ក្នុងការ​ចាប់យក រូបភាព​យាន​​យន្ត​ដែល​បើកបរ​ល្មើ​សនឹង​ច្បាប់ ដោយ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​នេះ​មានកម្ម​វិធី​ស្កេ​ន​លើ បណ្ណ​បើកបរ​ដើម្បី​កាត់​បន្ថយ​ពិន្ទុ​ទៅតាម​ស្ថាន​នៃ​បទល្មើស និង​បាន​បន្ថែមថា​៖ ក្រុមការងារ​ព័ត៌មានវិទ្យា (IT)​របស់​ក្រសួង​កំពុង​ជំរុញ​ការងារ​រៀបចំ​ប្រព័ន្ធ​នេះ​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​យក ទៅធ្វើ​បទ​បង្ហាញជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក មុននឹង​សម្រេច​ឈានទៅ​អនុវត្ត​ជាក់ស្តែង​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកទេសរដ្ឋមន្ត្រី បានធ្វើ​បច្ចុប្បន្នភាព​លើ​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង​Mono Rail នៅ​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​សិក្សា​ចប់សព្វគ្រប់​ហើយ និង​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង​ក្រោម​ដី ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​មួយខែ​ខាងមុខនេះ​ទៀត និង​បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ជួយ​ពិនិត្យឡើងវិញ​លើ​លទ្ធផល​នៃ​គម្រោង​សិក្សា​ទាំងនេះ និង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផងដែរ​។​

​គួរ​កត់សម្គាល់ថា​៖ ប្រសិនបើ​គម្រោង​ទាំងនេះ​មានការ​ចូលរួម​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​ពិតប្រាកដ មែន​នោះ វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​លើកកម្ពស់​មុខមាត់​ទីក្រុង​ភ្នំពេញ​បាន​មួយកម្រិត​ធំ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុងការ បិទ​ផ្លាក​សុវត្ថិភាព​លើ​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នាពេល​កន្លងមក​ដូចជា​៖ កង់ រ៉ឺម៉ក គោយន្ត និង​ឧបករណ៍​កសិកម្ម​នានា​ដែល​បើក​លើផ្លូវ​សាធារណៈ​គ្មាន​ភ្លើង​បំភ្លឺ​នៅ​ពេលយប់​ប្រកបដោយ​គ្រោះថ្នាក់ និង​បាន​ស្នើឱ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​ពិនិត្យមើល​លទ្ធភាព​ជួយ​គាំទ្រ​លើ​កិច្ចខិតខំ​ប្រែង​នេះ​បន្ត ដើម្បី​ធ្វើឱ្យ ប្រ​សើរ​​​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍ គំនូស​ចរាចរណ៍​និង​សញ្ញា​ចរាចរណ៍ សញ្ញា​ផ្លូវ សញ្ញា​សម្គាល់​ផ្លូវ ជាដើម​។

​លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ផងដែរ​ឱ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិស​នៃ​ការអភិវឌ្ឍ​របស់ខ្លួន​ទៅលើ តំបន់​ឆ្លងកាត់​ព្រំដែន​នានា​របស់​កម្ពុជា​(Cross Border Facilities) ដើម្បី​លើកកម្ពស់​វិស័យ​ភស្តុភា​រកម្ម និង​ការ​​ដឹក​​​​​​ជញ្ជូន​នៅ​កម្ពុជា ពង្រីក​ទំហំ​ពាណិជ្ជកម្ម បង្កើន​ការចូល​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ ជាពិសេស ទីផ្សារ​មហា​អនុតំបន់​ទន្លេមេគង្គ​(GMS) ក៏ដូចជា​អាស៊ាន បើកផ្លូវ​ចូលទៅ​កាន់​ព្រំដែន​ដោយផ្ទាល់ និង​ការ ឆ្លងកាត់​ក្នុង​តំបន់ ដែលជា​ការធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​កម្ពុជា​តាម រយៈ​កំណើន​សេដ្ឋកិច្ច​។​

​ជាការ​ឆ្លើយតប លោក Alexander D. Nash បានធ្វើការ​កត់សម្គាល់ និង​បាន​សម្តែង​ចំណាប់​ចំពោះ​សំណើ​នានា ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានលើកឡើង និង​បាន​គូសបញ្ជាក់ថា​ធនាគារអភិវឌ្ឍន៍អាស៊ី​នឹងធ្វើ​ការពិនិត្យ និង​សម្របសម្រួល​ចំពោះ​សំណើ​ទាំងនោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular