សូម​បន្ត​ការពារ ទើប​ប្រសើរ​ជាង​ព្យាបាល​!

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​:ករណី​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៥ ខែមេសា គឺជា​ករណី​ថ្មី​មួយទៀត ដែល​កើតឡើង​នៅ​ប្រទេស​យើង​។ នោះ​គឺ​អ្នកជំងឺ​នៅឯ​ខេត្តព្រៃវែង ត្រូវបាន​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរ​ពេទ្យរុស្ស៊ី នៅក្នុង​រាជធានី​ភ្នំពេញ តែ​អ្នកជំងឺ​បាន​ស្លាប់បាត់​បង់ជីវិត​មុន​មកដល់​ពេទ្យ​។

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា បុរស​ជនជាតិខ្មែរ អាយុ ៣៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​ឫស្សី​ចក ឃុំ​ព្រៃ​ឃ្នា​ស ស្រុក​មេសាង ខេត្តព្រៃវែង បាន​ស្លាប់បាត់​បង់ជីវិត មុនពេល​មកដល់​មន្ទី​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:២០​នាទី​ព្រឹក​។ អ្នកជំងឺ​ចូល​មកដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ថ្ងៃទី​៥ ខែមេសា វេលា​ម៉ោង ១០:២០​នាទី​ព្រឹក ក្នុងស្ថានភាព​សន្លប់ បាត់បង់​ស្មារតី និង​គ្មាន​សញ្ញា​ជីវិត ប៉ុន្តែ​ក្រុមគ្រូពេទ្យ បាន​ព្យាយាម​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ធ្វើ​ចលនា​បេះដូង​អស់​រយៈពេល ២០​នាទី ប៉ុន្តែ​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​បាន ដោយមាន​ការសង្ស័យ​ក្រុមគ្រូពេទ្យ បាន​យក​សំណាក​របស់​សព ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វីដ​១៩ ជា​លទ្ធផល​បាន​បញ្ជាក់ថា សព​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ អាយុ ៣៥​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត មុនពេល​ចូល​មកដល់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

​ករណី​បុរស​ជនជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មកពី​ខេត្តព្រៃវែង ដែល​បាន​ស្លាប់ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ដោយសារ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៥ ខែមេសា គឺជា​អ្នកជំងឺ​ទី​២២ ហើយ ដែល​បាន​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់ពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​

​ករណីនេះ​គ្រួសារ​សព​ក៏​មិនដឹង​ឡាន​ដឹក​អ្នកជំងឺ ក៏​មិនដឹង គ្រូពេទ្យ​សង្គ្រោះ ក៏​មិនដឹង រហូត​ស្លាប់ ទើប​យក​សំណាក​ពិនិត្យ ទើប​ដឹងថា វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ដូច្នេះ​នេះ​ជា​ករណី​ថ្មី​មួយទៀត នៅ​កម្ពុជា​យើង​។ ពីមុន ត្រឹមតែ​អ្នក​ឈឺ​ល្មមៗ ទៅ​ពេទ្យ ទិញ​ថ្នាំ ឬក៏​ចូល​ពិនិត្យ​សម្រាក​ព្យាបាល​តាម​គ្លីនិក​ឯកជន ឬក៏​នៅតាម​ពេទ្យ​រដ្ឋ​។ ក្រោយមក ទើប​រកឃើញ​អ្នកជំងឺ​នោះ កើត​កូ​វីដ​។ តែ​មកដល់ពេលនេះ លេចចេញ​ករណី​អ្នកជំងឺ ឈឺ​ដល់​ថ្នាក់ ត្រូវ​សង្គ្រោះបន្ទាន់ ហើយក៏​អស់​ដង្ហើម​ទៀត ត្រូវបាន​ដឹក​មក​ចូល​ពេទ្យ ជួយសង្គ្រោះ​។

​ឆ្លងតាម​ករណីនេះ មានតែ​កិច្ចការពារ ការពារ​ទាំង​ក្រុមគ្រួសារ​អ្នកជំងឺ អ្នក​ដឹកជញ្ជូន តាម​ម៉ូតូ ម៉ូតូ​កង់​បី ឬ​ឡាន​ឈ្នួល គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន និង​ការពារ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ អ្នកជំងឺ​ខ្លួនឯង និង​ក្រុមគ្រួសារ គឺ​ឈឺ​ល្មមៗ ទៅ​ពេទ្យ ហើយ​បើ​ទៅដល់​ពេទ្យ ទាំង​គ្រូពេទ្យ ទាំង​សាច់​ញា​ត្តិ​គ្រួសារ​អ្នកជំងឺ បើ​សង្ស័យ​ករណី​កូ​វីដ​១៩ ពិសេស​ក្តៅខ្លួន ក្អក ជាដើម ត្រូវ​ប្រញាប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​យក​សំណាក​។ ការស្វែងរក​មេរោគ​កូ​វីដ​១៩ ឆាប់រហ័ស និង​ទាន់ពេលវេលា គឺអាច​ជួយសង្គ្រោះ​អ្នកជំងឺ​ផង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ទៅ​អ្នកដទៃ​បាន​ផង​។​

​កាលពី​ថ្ងៃទី​៥ ខែមេសា ក្រសួងសុខាភិបាល ទើបតែ​ចេញ​សេចក្តី​ក្រើនរម្លឹក​ចុងក្រោយ ដល់​ពេទ្យ​ឯកជន​ទាំងអស់ ពាក់ព័ន្ធ​នឹង​កូ​វីដ​១៩ គឺ​បើ​សង្ស័យថា អ្នកជំងឺ​ណា កើត​កូ​វីដ ត្រូវ​ទាក់ទង​ជាបន្ទាន់​ពី​កាន់​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល ដើម្បី​ចាត់ចែង​យក​អ្នកជំងឺ​នោះ ទៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។

​ករណី​បុរស​មកពី​ខេត្តព្រៃវែង​នោះ គឺ​ទាំង​គ្រួសារ​សព ក៏​មិនដឹង ទាំង​ឡាន​ដឹក​អ្នកជំងឺ ក៏​មិនដឹង ហើយ​ថែមទាំង​គ្រូពេទ្យ​សង្គ្រោះ នៅ​ពេទ្យរុស្ស៊ី ក៏​មិនដឹង រហូតដល់​អ្នកជំងឺ​ស្លាប់ ហើយ​សង្ស័យ ក៏​យក​សំណាក​ទៅពិនិត្យ ទើប​ដឹងថា វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ ដូច្នេះ​តើ​មាន​អ្នក​ប៉ះពាល់​ប៉ុន្មាន​នាក់ នឹង​អ្នកជំងឺ​នេះ ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ពិសេស​ក្រុមគ្រួសារ​បុរស​រូបនោះ​តែម្តង​។​

​យ៉ាងណាក៏ដោយ ករណី​ថ្មី​នេះ ក៏​មិនមែន​នាំ​ដល់​ការរើសអើង​អ្នក​ឈឺ ហើយ​លែង​មើលថែ លែង​ដឹក​យកមក​ពេទ្យ ហើយ​ពេទ្យ ដល់​ថ្នាក់​លែង​ហ៊ាន​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​នោះឡើយ​។ គ្រាន់តែ​ថា បើ​មាន​អ្នក​ឈឺ ត្រូវ​មើល​មុនគេ លើ​កំដៅ និង​រោគសញ្ញា​មួយចំនួន ដូចជា ក្អក ផ្តាសាយ ជាដើម ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ទាំង​អ្នកជំងឺ ត្រូវ​ពាក់​ម៉ាស ទាំង​អ្នក​មើលថែ ក៏ត្រូវ​ពាក់​ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព ជាដើម​។ ពេល​ដឹក​អ្នកជំងឺ​ទៅ​ពេទ្យ ក៏ត្រូវ​គិតគូរ​ពី​កិច្ចការពារ កុំ​ឲ្យ​ឆ្លង​ជំងឺ​ជា​ចាំបាច់​ផងដែរ​។

​ទៅដល់​ពេទ្យ ក៏​ដូចគ្នា​។ ពេទ្យ ដែល​ដឹង​ច្បាស់​ពី​អាកា​រៈ​អ្នកជំងឺ និង​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩ ក៏ត្រូវ​ប្រុងប្រយ័ត្ន នឹង​អនុវត្តតាម​វិធាន​សុខាភិបាល ព្រមទាំង​ទាក់ទង​ជា​ប្រញាប់​ទៅកាន់​មន្ត្រី និង​ពេទ្យ​ជំនាញ​ខាង​កូ​វីដ បើសិនជា​អ្នកជំងឺ​ណា ដែល​សង្ស័យថា កើត​កូ​វីដ​១៩​។

​នៅតាម​មន្ទីរពេទ្យ​ឯកជន ឬក៏​ពេទ្យ​រដ្ឋ​នៅ​ខេត្ត​ស្រុក គឺ​មិនត្រូវ​ទុក​អ្នកជំងឺ សម្រាក​ព្យាបាល រហូតដល់​ជំងឺ​ធ្ងន់​ហើយ ទើប​បញ្ជូន​អ្នកជំងឺ​ទៅ​ពេទ្យ​រដ្ឋ​ឯកទេស នៅ​ភ្នំពេញ ដែល​ជំនាញ​ខាង​សង្គ្រោះ​កូ​វីដ​នោះទេ​។ បើ​ធ្វើ​ដូច្នេះ គឺអាច​នឹង​យឺត​ពេល ក៏​ថា​បាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular