ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយក បចេ្ចកទេស ធនាគារជាតិនៃកម្ពុជា ត្រូវបានគណៈកម្មាធិការ Reinventing Bretton Woods អញ្ជើញចូលរួមនៅក្នុងឱកាសនៃកិច្ចប្រជុំនិទាឃរដូវឆ្នាំ ២០២១ របស់មូលនិធិរូបិយវត្ថុ អន្តរជាតិ និងធនាគារពិភពលោក ។
នាឱកាសនោះលោកស្រីក៏ត្រូវបានអ្នករៀបចំអញ្ជើញ ធ្វើជាវាគ្មិនមួយរូបនៅក្នុងវគ្គសិក្ខា សាលាម៉ាក្រូសេដ្ឋកិច្ចសកលក្រោមប្រធានបទ៖ ផលវិបាកសេដ្ឋកិច្ច ដែលបណ្តាលមកពី ការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៦-១០ ខែមេសា ឆ្នាំ២០២១។
វគ្គសិក្ខាសាលានេះនឹងបង្ហាញពីទស្សនៈរបស់អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ ថ្នាក់ដឹកនាំវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បីពិភាក្សា អំពីបញ្ហាគោលនយោបាយនានាដែលធនាគារកណ្តាល និងអ្នកបង្កើតគោលនយោបាយត្រូវ ប្រឈមមុខ នៅសម័យក្រោយកូវីដ-១៩ ។
លោកស្រី ជា សិរី នឹងចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី “រូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល៖ តើយើងត្រូវតាំងគោលជំហរនៅទីណា?” ដែលនឹងធ្វើឡើងចាប់ ពីម៉ោង ១៩:00 ដល់ ២០:១៥ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយកិច្ចពិភាក្សានេះនឹងត្រូវ បានសម្របសម្រួលដោយ លោក អូស្មេន មេនដេង ( Ousmene Mandeng) ទីប្រឹក្សាក្រុមហ៊ុន Accenture ។
តាមការគ្រោងទុកកិច្ចប្រជុំនេះ នឹងចូលរួមដោយថ្នាក់ដឹកនាំកិត្តិយសដទៃទៀតរួមមាន លោកស្រី អេនឌ្រៀ មេឈ្ល័រ ( Andrea Maechler) សមាជិកក្រុមប្រឹក្សាភិបាលធនាគារជាតិ ស្វ៊ីស លោក ប៊ីណ័ ហ្សាលេណូវ (Binur Zhalenov) ទីប្រឹក្សាទេសាភិបាល និងជាអគ្គនាយក នៃនាយកដ្ឋានបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ធនាគារជាតិកាហ្សាក់ស្ថាន និងលោក មូ ចាងជុង ( Mu Changchung) នាយកវិទ្យាស្ថានស្រាវជ្រាវរូបិយប័ណ្ណឌីជីថល៕/PC