​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល ថ្ងៃទី​៦ ខែមេសា​នេះ​ថា នៅក្នុង​ការអនុវត្ត​ការផ្អាក ជា​បណ្តោះអាសន្ន នូវ​ការធ្វើ​ចរាចរណ៍ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ប៉ុន្មាន​ថ្ងៃ​មកនេះ គឺ​ប្រជាពលរដ្ឋ ភាគច្រើន បាន​ចូលរួម​អនុវត្ត តាម​សេចក្តីណែនាំ និង​សហការ​ជាមួយ​អាជ្ញាធរ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គោលការណ៍​នានា របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បន្តថាៈ មាន​ករណីខ្លះ ដែល​ប្រជាពលរដ្ឋ​មួយចំនួន ធ្វើការ​បន្ថែម​ម៉ោង នៅតាម​ក្រុមហ៊ុន​ឯកជន ឬក៏​នៅតាម​ស្ថានទូត ប៉ុន្តែ​ពួកគាត់ មាន​លិខិត​ឯកសារ បញ្ជាក់​ត្រឹមត្រូវ គឺ​អាជ្ញាធរ​អនុញ្ញាត ឲ្យ​ធ្វើដំណើរ​។ ចំណែក​កម្មករ ធ្វើការ​បន្ថែម​ម៉ោង ដើម្បី​បង្កើន​ប្រាក់ចំណូល ក៏​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ដែរ​។ រីឯ​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់ ឬក៏​មកពី​តាម​បណ្តា​ខេត្ត ដែលមាន​ភារកិច្ច​ចាំបាច់ ក៏​អនុញ្ញាត​ឲ្យ​ដែរ​។ ហើយ​មុខសញ្ញា​ទាំងនេះ មិនមែនជា​អ្នក​ដែល​បំពាន ឬក៏​បង្ក​ហានិភ័យ​ទេ លើកលែងតែ​ក្រុម​ដែល​ប្រមូល​ផ្តុំគ្នា​ហូបចុក និង​ការប្រមូល​ផ្តុំគ្នា​ផ្សេងៗ គឺ​សមត្ថកិច្ច​នឹងត្រូវ​អនុវត្ត​យ៉ាង​តឹងរឹង​។​

​លោកស្នងការ បានបញ្ជាក់​ថាៈ “​ជារួម ប្រជាពលរដ្ឋ ទាំង​ក្រៅ និង​ទាំង​ខាងក្នុង រាជធានី​ភ្នំពេញ គាត់​បាន​សហការ​ជាមួយ អាជ្ញាធរ​រាជធានី ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ របស់​យើង មិនមាន​អ្វី ឲ្យ​ស្មុគស្មាញ​ទេ​”​។​

​សូមជម្រាបថា នៅក្នុង​ការអនុវត្ត​ការផ្អាក ជា​បណ្តោះអាសន្ន នូវ​ការធ្វើ​ចរាចរណ៍ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ភ្លឺ រយៈពេល ៤​យប់ គឺ​ចាប់ពី​យប់​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច បាន​ឃាត់​យានយន្ត​សរុប​ចំនួន ១៧៤ គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ១៤៦ គ្រឿង និង​រថយន្ត​ចំនួន ២៨ គ្រឿង យកទៅ​រក្សាទុក​រយៈពេល ១៤​ថ្ងៃ ទើប​ប្រគល់ជូន​ម្ចាស់​វិញ​។ បម្រាម​គោចរ ផ្អាក​ការធ្វើ​ដំណើរ​បណ្តោះអាសន្ន នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ភ្លឺ គឺមាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១៕/V​