រថយន្តចំណុះប្រាំតោនបុកម៉ូតូបណ្តាលឲ្យស្លាប់និងរបួសពីរនាក់

1088
ចែករម្លែក

​ដោយ:បូកគោ​​/ កំ​ពត ៖ អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​បត់​ម៉ូតូ​មិនបាន​ងាកមើល​គ្រប់​ជ្រុងជ្រោយ​បណ្តាលឱ្យ​រថយន្តបុក​ចំ​ទទឹង​ខ្លួន​រហូត​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​​

​មន្ត្រីនគរបាល​នៃ​អធិកា​ដ្ឋា​ន​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យដឹងថា​ស្ត្រី​ដែល​បាត់​បង់ជីវិត​ឈ្មោះ​អេង សា​រ៉​យ អាយុ ២៦​ឆ្នាំ​។ ចំណែក​អ្នករងរបួស​ឈ្មោះ​អេង សា​រិ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​រៀបរាប់ថា ​កាលពី​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះ​ចរាចរ​ណ៍មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ​ស្ថិតក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។ មុនពេល​គ្រោះថ្នាក់​កើតឡើង មាន​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ដោយ​ស្ត្រី​ពីរ​នាក់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈដែល​ម៉ូតូ​នោះ​បត់​ឆ្វេង​ដោយ​អ្នកបើកបរ​មិនបាន​ងាកមើល​គ្រប់​ជ្រុងជ្រោយ ស្របពេល​រថយន្ត​ធុន​ធំ​មួយគ្រឿង​រត់​ខាងក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ក៏​បុក​ចំ​ទទឹង ហើយ​កិន​ពីលើ​ម៉ូតូ និង​អ្នកជិះ​តែម្តង​។ ក្នុងស្ថានភាព​បែប​នោះ អ្នកបើកបរ​បាន​បញ្ឈ​ប់ រួច​រត់គេច​បាត់​ដោយ​បន្សល់ទុក​រថយន្ត​ម៉ាក​អុ​ី​យ៉ាន់​ដាយ​ចំណុះ​ប្រាំ​តោន​នៅនឹងកន្លែង​កើតហេតុ​។

មន្ត្រីនគរបាល​ដដែល​បានបញ្ជាក់​ថា​លុះ​អ្នកជិតខាង​រត់​ចូលទៅ​ជួយ ស្រាប់តែ​ឃើញ​ស្ត្រី​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​។ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​ក៏​ទំនាក់ទំនង​ប្រាប់​សមត្ថកិច្ច និង​ហៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​មកកាន់​កន្លែងកើតហេតុ​ដើម្បី​បញ្ជូន​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​។ រីឯ​រថយន្ត និង​ម៉ូតូ​ដែល​ពាក់ព័ន្ធ​នឹងរ​ណី​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​បាន​នាំទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ដើម្បី​ដោះស្រាយ​នាពេល​ក្រោយ​៕​B