ប្រភព​បរទេសៈបន្ទាប់ពី​ជោគជ័យ​នៃ​មហាសន្និបាត​ទូទាំងប្រទេស​លើក​ទី ១៣ របស់​បក្សកុម្មុយនិស្ត​វៀតណាម រដ្ឋសភា​វៀតណាម នីតិកាល​ទី ១៤ (២០១៦-២០២១) បាន​បើក​សម័យប្រជុំ​ចុងក្រោយ ហើយ​ខ្លឹម​សារសំខាន់​មួយ​គឺ​ការត្រៀម​មុខតំណែង​ដឹកនាំ ក្នុងនោះ​មុខតំណែង​ដឹកនាំ​សំខាន់ៗ ចំនួន​បី គឺប្រធាន​រដ្ឋ នាយករដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា​។​តាម​គម្រោងការ​បោះឆ្នោត ជ្រើសតាំង​សមាជិក​សមាជិកា​សភានីតិកាល​ទី ១៥ (២០២១-២០២៦) នៃ​ប្រទេស​វៀតណាម​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២៣ ខែឧសភា​ឆ្នាំ ២០២១​។ នៅពេលនោះ​រដ្ឋសភា​នីតិកាល​ទី ១៥ នឹង​ជ្រើសតាំង​ឡើងវិញ​មុខតំណែង​ថ្នាក់ដឹកនាំ​សំខាន់ៗ សម្រាប់​អាណត្តិ ៥ ឆ្នាំ​ខាងមុខ​។

​ការ​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ចំនួន​ពីរលើក​ហើយ​បេក្ខភាព​ស្ទើរតែ​មិនមាន​ការផ្លាស់ប្តូរ​និង​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​គោលដៅ​ពង្រឹង​កម្មាភិបាល​។ នេះ​ជា​ចំណុច​ពិសេស​មួយ​និង​ត្រូវបាន​ដកចេញ​ពីបទ​ពិសោធន៍​នយោបាយ​ជាក់ស្តែង​របស់​ថ្នាក់ដឹកនាំ​វៀតណាម​។ ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ មុខតំណែង​ដឹកនាំ​សំខាន់ៗ​ចំនួន​បួន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​សរសរ​គ្រឹះ​ទាំង​បួន​” របស់​វៀតណាម គឺជា​បុគ្គល​ដែល​ត្រូវបាន​គេ​វាយតម្លៃថា មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​របស់​វៀត​ណា​ម​។​

លោក ង្វៀន ហ៊ូ​ចុង (Nguyen Phu Trong) កាន់តំណែង​ជា​អគ្គលេខា​នៃ​បក្សកុម្មុយនិស្ត​វៀតណាម(រូបថតឯកសារ)

​លោក ង្វៀន ហ៊ូ​ចុង (Nguyen Phu Trong) កាន់តំណែង​ជា​អគ្គលេខា​នៃ​បក្សកុម្មុយនិស្ត​វៀតណាម ដែលជា​ករណី​ពិសេស ព្រោះថា​លោក​បាន​ហួស​អាយុ បើ​យោងតាម​បទបញ្ញត្តិ​បោះឆ្នោត​។ ឆ្លងកាត់​រយៈពេល​ពីរ​អាណត្តិ​កាន់​មុខតំណែង​ជា​អគ្គលេខាបក្ស លោក​បានបង្ហាញ​ខ្លួន​ថា​ជា​ថ្នាក់ដឹកនាំ​មាន​កិត្យានុភាព​អន្តរជាតិ​ខ្ពស់​និង​បាន​ប្រជាជន​វៀតណាម​ជឿជាក់​យ៉ាង មុតមាំ​ថា លោក​នឹង​ជួយ​ប្រទេស​វៀតណាម​កាន់តែ​អភិវឌ្ឍន៍​ដែល​ក្នុងនោះ​លេចធ្លោ​បំផុត​គឺ​គោលនយោបាយ​និង​សកម្មភាព​យ៉ាង​ប្តូរផ្តាច់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។​

រូបថតៈលោក​ង្វៀន សួន ហ្វុ​ក ( Nguyen Xuan Phuc) កាន់តំណែង​ជា​ប្រធាន​រដ្ឋ​

​លោក​ង្វៀន សួន ហ្វុ​ក ( Nguyen Xuan Phuc) កាន់តំណែង​ជា​ប្រធាន​រដ្ឋ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រះ​ត្រចង់ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដែល​គូសសញ្ញា​សម្គាល់​ចំពោះ​មិត្តភក្តិ​អន្តរជាតិ ខណៈដែល​លោក​បាន​ដឹកនាំ​ប្រទេស​វៀតណាម អនុវត្តន៍​គោលដៅ​ពីរ​ដើរ​ទន្ទឹមគ្នា​ប្រកបដោយ​ជោគជ័យ នោះ​គឺ​រាំង​ស្កាត់​ជំងឺ​រាតត្បាត​ផង​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផង​។​ទន្ទឹម​ជាមួយ គ្នា​នោះ នៅក្នុង​ដំណាក់កាល​នេះ វៀតណាម​បានបង្ហាញ​យ៉ាង​ឆ្នើម​នូវ​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០​ហើយ​ត្រូវបាន​បោះឆ្នោត ជ្រើសតាំង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ ២០២០-២០២១​ដោយ​ទទួល បាន​សំឡេងគាំទ្រ​ស្ទើរតែ​ដាច់ខាត (១៩២/១៩៣)​។ ហេតុដូច្នេះ ទោះបីជា លោក​មាន​អាយុ​ហួស​ពីបទ​ប្បញ្ញត្តិ​ក៏ដោយ ប៉ុន្តែ​លោក Nguyen Xuan Phuc នៅតែ​ទទួលបាន​ទំនុកចិត្ត​ដើម្បី​ប្រើ​បទបញ្ញត្តិ​ពិ​សេដ​អំពី​អាយុ​សម្រាប់​តំណែង​ជា​ប្រធាន​រដ្ឋ​។​

រូបថតៈប្រធានរដ្ឋសភា​លោក វឿ​ង ឌី​ញ​វេ (Vuong Dinh Hue)​

​ប្រធានរដ្ឋសភា​លោក វឿ​ង ឌី​ញ​វេ (Vuong Dinh Hue)​ជា​ថ្នាក់ដឹកនាំ​មួយរូប​ដែល​ធ្លាប់​ឆ្លងកាត់​មុខតំណែង​សំខាន់ៗ​ជាច្រើន ដូចជា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី និង​ថ្មីៗ​នេះ​ជា​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហាណូយ​។​លោក​ទទួលបាន ការបោះឆ្នោត​ទំនុកចិត្ត​ស្ទើរតែ​ដាច់ខាត លើ​មុខតំណែង​ជា​ប្រធានរដ្ឋសភា ដែល​បង្ហាញ​ពី​ទំនុកចិត្ត​របស់​សមាជិក​សមាជិកា​សភា ចំពោះ​រូបលោក សម្រាប់​តួនាទី​ថ្មី​នេះ​។​

រូបថតៈលោក​ផាម មិញ ជី​ញ​( Pham Minh Chinh) ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្រ្តី

​ករណី​ដែល​លោក​ផាម មិញ ជី​ញ​( Pham Minh Chinh) ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ត្រូវបាន​ចាត់ទុកថា ជា​សញ្ញា​សម្គាល់​នៃ​ការផ្លាស់ប្តូរ​យ៉ាងសំខាន់​នៅក្នុង​ប្រព័ន្ធ​នយោបាយ​របស់​វៀតណាម​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តំណែង​នាយករដ្ឋមន្ត្រី​នេះ ត្រូវបានតែងតាំង​សម្រាប់​កម្មាភិបាល​ភាគខាងត្បូង ហើយ​មុន​នោះ​បេក្ខភាព​ត្រូវ​កាន់តំណែង​ជា ឧបនាយករដ្ឋមន្ត្រី​។​ប្រការនេះ​បានបង្ហាញ​ថា​ថ្នាក់ដឹកនាំ​វៀតណាម​មិនសូវ​យកចិត្តទុកដាក់​ខ្លាំងពេក​លើ​កត្តា​តំបន់​និង​រចនាសម្ព័ន្ធ​ទេ ដោយ​ផ្តោត​សំខាន់​ទៅលើ​កម្មាភិបាល​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​អនុវត្តន៍​តួនាទី​ដឹកនាំ ដើម្បី​សម្រេចបាន​គោលដៅ ដល់​ឆ្នាំ ២០៣០ ក្នុងឱកាស​គម្រប់​ខួប ១០០ ឆ្នាំ​នៃ​ការបង្កើត​បក្សកុម្មុយនិស្ត​នឹង​ក្លាយទៅជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល មាន​ឧស្សាហកម្ម​ទំនើប​និង​មាន​ប្រាក់ចំណូល​មធ្យម​ខ្ពស់​។ ហើយ​នៅ​ឆ្នាំ ២០៤៥ ខួប ១០០​ឆ្នាំ​នៃ​ការបង្កើត​ប្រទេសជាតិ​នឹង​ក្លាយ ជា​ប្រទេស​អភិវឌ្ឍន៍​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។​

​យោងតាម​អ្នកសង្កេតការណ៍​នយោបាយ លោក Pham Minh Chinh​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងតួនាទី​ជា​លេខា គណៈកម្មាធិការ​បក្ស​ខេត្ត Quang Ninh ពី​ឆ្នាំ ២០១១-២០១៦​ដែលជា​ខេត្ត​មួយ​មាន​ឧត្តមភាព​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍ ជាមួយ​ឈូង​សមុទ្រ​ឡុង​ត្រូវបាន​អង្គការ UNESCO ទទួលស្គាល់​ជា​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​។ ជាមួយគ្នា​នោះ វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស​សុទ្ធតែ​មានការ​ចាប់អារម្មណ៍​ចំពោះ​ចក្ខុវិស័យ​និង​សកម្មភាព​យ៉ាង​ម៉ឺង​មាត់​របស់លោក​ក្នុង​ការកសាង​យុទ្ធសាស្ត្រ​និង​ការលើកកម្ពស់​គម្រោង​វិនិយោគ​ចូលក្នុង​ខេត្ត​។​

​លោក​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្សកុម្មុយនិស្ត​វៀតណាម​នៅឯ​មហាសន្និបាត​លើក​ទី ១២ របស់​បក្ស​នា​ឆ្នាំ ២០១៦ ដោយបាន​ទទួល​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​នៃ​បក្សកុម្មុយនិស្ត​វៀតណាម​និង​បន្ត​ទទួល បាន​ផ្លែផ្កា​ក្នុង​បេសកកម្ម​កសាង​ជួរ​កម្មាភិបាល​យុទ្ធសាស្ត្រ​របស់​វៀតណាម​។ ទន្ទឹម​ជាមួយគ្នា​នោះ​លោក​បាន​ពង្រឹង​ការឃ្លាំមើល និង​ការត្រួតពិនិត្យ​អំណាច​រួមទាំង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅក្នុង​បក្ស​និង​ប្រព័ន្ធ​នយោបាយ​វៀតណាម​ទៀតផង​។ ជាមួយនឹង​បទពិសោធន៍​ក៏ដូចជា​សមិទ្ធិផល​ទាំង​នៅ​ថ្នាក់មូលដ្ឋាន​និង​ថ្នាក់មជ្ឈិម លោក​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ជំរុញ​និង​អនុវត្តន៍​ជាក់ស្តែង​នូវ​បំណងប្រាថ្នា​របស់​វៀតណាម​ដើម្បី​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​មួយ​នៅក្នុង​តំបន់​និង​ពិភពលោក​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​វៀតណាម​ទទួលបាន​ជោគជ័យ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើក​កំពស់​តួនាទី​និង​ឋានៈ​អន្តរជាតិ​។ យ៉ាងណាមិញ ដើម្បី​បន្ត​បង្កើតឡើង​កម្លាំងលករ​កំណើន​លូតលាស់​ថ្មី ជាពិសេស​ក្នុង​បរិបទ​ដែល​ការប្រកួតប្រជែង​រវាង បណ្តា​ប្រទេស​មហាអំណាច​កាន់តែខ្លាំង​ក្លា​រួមទាំង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការរីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​១៩​តម្រូវឱ្យ​ថ្នាក់ដឹកនាំ វៀតណាម​ឲ្យ​មាន​គោលនយោបាយ​ថ្មីៗ ដើម្បី​ពង្រីក​សក្កា​នុព​ល​ពង្រីក​យុគសម័យ​ប្រជាជន​មាស​នៃ​ប្រទេស​វៀតណាម​ដែល មាន​ចំនួន​ប្រជាជន​ជាង​១០០​លាន​នាក់​នេះ​៕