ដោយ: មុនីរ័ត្ន / ភ្នំពេញ: គ្រួសារសពលោកអនុសេនីយ៍ឯក ថន ចាន់ធឿន មន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺឆ្លងកូវីដ១៩ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានទទួលថវិកាពីសមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល ជូនភរិយា សព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន មន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី បានសំណោះសំណាល និងចូលរួមសំដែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាត់បង់មន្ត្រីនគរបាលមួយរូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងណែនាំគ្រួសារសពត្រូវប្រុងប្រយ័ត្នពីបញ្ហាជំងឺឆ្លងកូវីដ១៩នេះ គ្រប់ពេលវេលា ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវវិធានការ៣ការពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩៕