ដោយ: មុនីរ័ត្ន / ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅមុននេះបន្តិចថា រហូតមកដល់ត្រឹមម៉ោងជាង ៦ល្ងាចថ្ងៃទី៦ ខែមេសា នេះ មន្ត្រីយោធាចំនួនពីរនាក់ ដែលបានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុផ្ទុះអូប័រកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅមិនទាន់រកឃើញនៅឡើយទេ ដោយកម្លាំងយោធាកងទ័ពជើងទឹកកំពុងតែរុករកជាបន្តទៀត។ ហើយមន្ត្រីយោធាចំនួន ៤នាក់ បានរងរបួស ដោយក្នុងនោះរងរបួសស្រាលចំនួន ៣នាក់ និងរបួសធ្ងន់ម្នាក់។
ការផ្ទុះអូប័រដឹកស្បៀងរបស់អង្គភាពសន្តិសុខលម្ហសមុទ្រ បានកើតឡើងនៅខាងត្បូងកោះសំពោច កាលពីវេលាម៉ោង ១កន្លះ រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅខាងមុខឆ្នេរព្រែកចាក រយៈចម្ងាយ ២ ម៉ៃល៍ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មន្ត្រីយោធាដែលបាត់ខ្លួនមានលោកវរនាវីឯក សុខ រស្មី និងឈ្មោះ ភ័ក្ត្រ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា អូប័រដឹកស្បៀងដាក់តាមបណ្តាកោះនៅពេលធ្វើដំណើរចេញពីមូលដ្ឋានសមុទ្ររាមបានចម្ងាយ ៣ម៉ៃល៍ បានជួបឧបទ្ទវផ្ទុះតែម្តង អាចនឹងមានការលេចធ្លាយទុយោប្រេងផ្ទុះស្សេឆេះធុងសាំងប្រេងយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យមានអ្នករបួស៤នាក់ (ស្រាល៣នាក់ និង ១នាក់ធ្ងន់) និងបាត់ខ្លួនចំនួនពីរនាក់មកដល់ត្រឹមល្ងាចថ្ងឌៃទី៦ ខែមេសា ឆ្នាំ២០២១ នៅមិនទាន់រកឃើញនៅឡើយទេ។ ចំណែកអូប័រដែលផ្ទុះលេខនោះ គឺបានរាវរកឃើញហើយ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា “អូប័របានធ្វើដំណើរដើម្បីដឹកស្បៀងទៅតាមបណ្តាកោះ បានកើតឧប្បត្តិហេតុ គឺមិនបានឆ្ងាយប៉ុន្មានពីមូលដ្ឋានសមុទ្ធរាមបានផ្ទុះតែម្តង អាចនឹងមានការលេចធ្លាយទុយោប្រេងបានវាផ្ទុះស្សេ ឆេះផ្ទុះធុងសាំងប្រេងតែម្តង ឆេះយ៉ាងសន្ធោរសន្ធៅជាទីបំផុត។ នៅលើទូក ៦នាក់ រងរបួសស្រាល ៣នាក់ និងម្នាក់រងរបួសធ្ងន់ និងបាត់ខ្លួនពីរនាក់ មកដល់ពេលនេះមិនទាន់រកឃើញ តែឥឡូវបានរាវរកឃើញអូប័រដែលលេចហើយ ប៉ុន្តែមនុស្សយើងរកមិនទាន់ឃើញនៅឡើយទេ ហើយបានប្រើទូកជាច្រើនដើម្បីរកមុស្សទាំងពីរនេះ”។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់មន្ត្រីកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម បានអោយដឹងថាៈ មានករណីផ្ទុះឆេះអូប័រមួយគ្រឿង របស់អង្គភាពទីបញ្ជាការជួរមុខសន្តិសុខលម្ហសមុទ្រ នៅពេលកំពុងចេញបំពេញបេសកម្មល្បាត ក៏បានជួបឧបទ្ទវហេតុ ផ្ទុះឆេះ នៅចំណុចខាងត្បូងកោះសំពោច ពីខាងមុខឆ្នេរព្រែកចាក៕