ដោយៈចាន់តូ / ភ្នំពេញៈ ហេតុការណ៍ផ្ទុះអាវុធមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩ យប់ ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហ៊ុយ ទាល់មុខធនាគារ ABA តាមបណ្តោយផ្លូវ សហព័ន្ធរុស្សុី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
កម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ និងឃាត់ជនដៃដល់ ដែលជាម្ចាស់អាវុធ យកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ ។ ចំណែកឯជនរងគ្រោះ ដែលស្លាប់មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ មានវ័យជាង ២០ ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ ដោះអាវ និងកាន់កាំបិតចុងស្រួចមួយ។
យោងតាមសម្តីបុរសម្នាក់ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ មានគ្នា ២ នាក់ បានមកឈ្លោះប្រកែកគ្នា នៅមុខធនាគារ អេប៊ីអេ ក្រោមស្ពានអាកាសផ្សារដីហ៊ុយ ពេលកំពុងឈ្លោះប្រកែកគ្នា ក៏មានសន្តិសុខ ដែលយាម នៅទីនោះ ក៏បានដេញកុំឱ្យឈ្នោះគ្នា នៅមុខធនាគារ ក្រោយមក ជនទាំងពីរនាក់នោះ ទៅបាត់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក ជនម្នាក់ ក្នុងចំណោម ២ នាក់ បានត្រឡប់មកវិញ ដោយមានកាន់កាំបិតចុងស្រួច នៅនឹងដៃ បានមកឈ្លោះជាមួយនឹងសន្តិសុខ ខាងលើ ដែលកំពុងយាម ធនាគារម្ដងទៀត ខណៈពេលកំពុងតែឈ្លោះ គ្នា យ៉ាងតឹងសរសៃ ក បុរសដែលកាន់កាំបិតនោះ បានស្ទុះរត់ទៅចាក់ កម្លាំងសន្តិសុខ ដែលយាមធនាគារ ខាងលើ ទើបកម្លាំងសន្តិសុខនោះ បានដកកាំភ្លើង បាញ់ចំនួន ៣ គ្រាប់ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងតែម្ដង។
ដោយឡែក តាមប្រភពផ្សេងទៀត បានដឹងថា ជនបង្កដែលជាអ្នកប្រើប្រាស់អាវុធនេះ គឺជាកម្លាំងប៉ូលិស នៅអង្គភាពតម្រួតបទបញ្ជា។ តែទោះជាយ៉ាងណា យើងមិនទាន់មាន ប្រភពច្បាស់ការណ៍ណា បញ្ជាក់នៅឡើយទេ៕/V