ដោយៈចាន់តូ / ភ្នំពេញៈ មនុស្ស ៣ នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ទិស ចរាចរណ៍ទៅបុកគ្នាពេញទំហឹង នៅលើស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង ៩ យប់ថ្ងៃអង្គារ ទី ៦ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចលើស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ ។
ម៉ូតូ រងគ្រោះគឺម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IQ.0014 ជិះតែម្នាក់ឯង រងរបួសបែកមុខបែកមាត់ និងម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BB.6933 ជិះគ្នា២នាក់ បញ្ច្រាស់ទិសដៅចរាចរណ៍ រងរបួសធ្ងន់មួយ ស្រាលមួយ។
បើតាមសម្ដីយុវជនម្នាក់ ដែលរងរបួសស្រាល ដែលរួមដំណើរជាមួយ បាននិយាយប្រាប់ឲ្យដឹងថា ដំបូងឡើយ ពួកគាត់មានការប្រញាប់ ក៏ជិះម៉ូតូ តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ស្ពានអាកាស ស្ទឹងមានជ័យ ក៏ជិះបញ្ច្រាស់ទិសដៅ ចរាចរណ៍យ៉ាងលឿន ហើយក៏ទៅបុកម៉ូតូមួយគ្រឿងទៀត ដែលជិះតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ស្របទិសចរាចរណ៍ បណ្ដាលឲ្យដួល រងរបួសទាំងសងខាង ភ្លាមៗ ក៏មានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះជីវិតផងដែរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានវាស់វែងយក ម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕/V